កីឡាជាតិ
ជាតិ
លោក ភា សុ​ភ័​ក្ត្រា ប្រាប់​មូលហេតុ​ដែល​លោក​លា​ពី​តំណែង​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​
11, May 2020 , 10:19 pm        
រូបភាព
លោក​ ភា សុភ័ក្ត្រា ពេលចូលរួមដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំក្នុងព្រឹ្តត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩,​ រូបភាពពី FFC
លោក​ ភា សុភ័ក្ត្រា ពេលចូលរួមដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំក្នុងព្រឹ្តត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩,​ រូបភាពពី FFC
ដោយ:
លោក ភា សុ​ភ័​ក្ត្រា បានសម្រេច​លាលែង​ពី​តំណែង​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ខណៈ​បាល់ទាត់​ពុំមាន​សកម្មភាព​។ អតីត​គ្រូ​ជំនួយ​រូបនេះ អះអាងថា លោក​គ្មានអ្វី​ថ្នាំងថ្នាក់ ឬ​មាន​បញ្ហា​ផ្ទៃក្នុង​ក្នុង​ក្រុម​ជម្រើសជាតិ​នោះទេ ផ្ទុយទៅវិញ លោក សប្បាយចិត្ត​សម្រាប់​បទពិសោធ​ដ៏​ធំ​មួយ​នេះ ដ្បិត​វា​បានផ្តល់​ចំណេះដឹង​ថ្មីៗ​ជាច្រើន​ដល់​ខ្លួន​។   

 
​លោក ភា សុ​ភ័​ក្ត្រា បាន​និយាយថា លោក​មិនចេះ​អង្គុយ​ធ្វើការ​ពេញ​ម៉ោង​ក្នុង​ការិយាល័យ ដោយ​គ្មាន​សកម្មភាព​នៅលើ​ទីលាន​ជាមួយ​បាល់ទាត់​នោះទេ​។ លោក ក៏​មិនចេះ​អង្គុយចាំ​បើក​តែ​ប្រាក់ខែ ដោយ​គ្មាន​ធ្វើ​អ្វី​ដែរ​។ លោក​អះអាងថា នេះ​ជា​ហេតុផល ដែល​នាំ​ឲ្យ​លោក​សម្រេចចិត្ត​លាលែង​ពី​តំណែង​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​១១ ឧសភា នេះ លោក ភា សុភ​ក្ត្រា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​អត់​ចូលចិត្ត​ស៊ីលុយ​គេ​ទទេៗ ឲ្យ​អង្គុយ​ក្នុង​ការិយាល័យ​ចាំ​បើក​តែ​ប្រាក់ខែ មានអី​ពិបាក តែ​ខ្ញុំ​អត់​ចេះ​ធ្វើ​។ ច​រិ​ក​ខ្ញុំ បើ​ឲ្យ​ចាំតែ​យកលុយ អត់​អី​ធ្វើ គឺ​អត់​ចេះ​ធ្វើ​។ យើង​ធ្លាប់​តែមាន​សកម្ម​ភាពជា​មួយ​បាល់ទាត់​ជាប្រចាំ ដល់ពេល​អត់​មានអី​ធ្វើជា​សកម្មភាព​បាល់ទាត់ ក៏មាន​អារម្មណ៍​ចង់​ស្ត្រេ​ស​»​។ 
 
​ការចង់​មាន​ពេលវេលា ដើម្បី​ធ្វើ​ការងារ​ផ្ទាល់ខ្លួន​ផ្សេងៗ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ការលាលែង​នេះដែរ​។ លោក ភា សុ​ភ័​ក្ត្រា បាន​បញ្ជាក់ថា ការលាឈប់​នេះ គឺ​មិនមែន​លោក​ទៅធ្វើ​ការងារ​កន្លែង​ថ្មី​នោះទេ​។ ប៉ុន្តែ លោក បាន​បង្ហើប​ថា  លោក​ចង់​ធ្វើ​អ្វីមួយ ដែលជា​ស្នាដៃ​ផ្ទាល់ខ្លួន​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ ដ្បិត​ទៅ​ថ្ងៃ​អនាគត លោក ចង់​បើក​ក្លិប​បណ្តុះបណ្តាល​យុវជន​ថ្នាល​មួយ​នៅ​កម្ពុជា​។​
 
​អតីត​គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ​រូបនេះ​បន្ថែមថា លោក​គ្មាន​ការ​ថ្នាំងថ្នាក់ ឬ​អាក់អន់ស្រពន់ចិត្ត​ក្នុង​ក្រុម​ជម្រើសជាតិ​នោះទេ ពោលគឺ វា​ជាការ​សម្រេចចិត្ត​របស់​លោក​។ តាមពិត លោក សុ​ភ័​ក្ត្រា បាន​លាលែង​ពី​តំណែង​តាំងពី​ខែមេសា មកម្ល៉េះ តែ​ព័ត៌មាន​នេះ​ទើបតែ​បែកធ្លាយ​នៅពេល​លោក​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១១ ខែឧសភា នេះ​។ 
 
​ក្រោយ​ប្រឡូក​ក្នុង​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប្រមាណ​ជិត​១​ឆ្នាំ លោក ភា សុ​ភ័​ក្ត្រា ទទួលបាន​បទពិសោធ​ថ្មី​ជាច្រើន​ពី​លោក Felix Delmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ និង​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​ក្នុងការ​បង្វឹក និង​ដឹកនាំ​។ ជាពិសេស​លើ​ការវិភាគ​បាល់ទាត់​តែម្តង​។ នេះ​បើតាម​ការអះអាង​របស់​លោក ភា សុ​ភ័​ក្ត្រា ដែល​ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​នា​អំឡុង​ដើមខែ​មិថុនា ឆ្នាំ​២០១៩៕   

Tag:
 បាល់ទាត់​
  ភា សុ​ភ័​ក្ត្រា​
  ក្រុម​ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com