COVID-19
ជាតិ
ដ្បិត​ជំងឺ​កូ​វីដ​១៩​ថមថយ ប៉ុន្តែ​ក្រសួងសុខាភិបាល នៅតែ​ទាមទារ​ឱ្យ​ផ្អាក​ការជួបជុំ​
11, May 2020 , 10:59 pm        
រូបភាព
ភ្នំពេញ​៖ ដ្បិត​ជំងឺ​កូ​វីដ​១៩​ថមថយ​ក្តី ប៉ុន្តែ​ពលរដ្ឋ​មិនត្រូវ​ភ្លេចខ្លួន និង​ធ្វេសប្រហែស​ចំពោះ​ជំងឺ​នេះឡើយ​។ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នៅ​ស្នើ​តែ​ឱ្យ​ពលរដ្ឋ​កាត់បន្ថយ​ការជួប​ជុំគ្នា នៅ​គ្រា​ដែល​កម្ពុជា កំពុង​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​


​លោកស្រី ឱ វណ្ណឌី​ន មិន​គាំទ្រ​ឱ្យ​ពលរដ្ឋ​នាំគ្នា​ជួបជុំ ឬ​រៀបចំ​ពិធីជប់លៀង រួមទាំង​ពិធីមង្គលការ នៅក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩​នេះឡើយ​។ លោកស្រី វណ្ណឌី​ន ស្នើឱ្យ​ពលរដ្ឋ​លើក​ពេល​ជួបជុំគ្នា​នេះ ហើយ​រង់ចាំ​ទាល់តែ​កម្ពុជា ប្រកាសថា លែងមាន​ជំងឺ​កូ​វីដ​១៩​តែម្ដង​។​

  



​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១១ ឧសភា រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​កន្លែង​នេះ ខ្ញុំ​សូម​បញ្ជាក់ជូន​ថា ការរៀប​អាពាហ៍ពិពាហ៍​ក្តី ការ​ប្រារព្វ​នូវ​ពិធី​ផ្សេងៗ​ក្តី ប្រសិនបើ​អាច​ពន្យា​ពេល​បាន ជាការ​ល្អប្រសើរ​មែនទែន ដោយសារ​យើង​ទុក​រយៈពេល​ពីរ ឬ​បី​ខែ​ទៀត យើង​តាមមើល​ស្ថានភាព​នៅលើ​សាកលលោក​»​។​
 
​ប៉ុន្តែ​បើ​ពលរដ្ឋ មានកម្ម​វិធី​សំខាន់ ដែល​មិនអាច​លើក​ពេលវេលា​បាន​នោះ ពលរដ្ឋ​អាច​រៀបចំ​កម្មវិធី​ដោយ​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​ជានិច្ច​។ នេះ​ជាការ​អំពាវនាវ​របស់​លោកស្រី ឱ វណ្ណឌី​ន​។​
 
​គិត​ត្រឹម​ថ្ងៃទី​១១​ឧសភា ឆ្នាំ​២០២០  កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១២២​នាក់ ក្នុង​រាជធានី​-​ខេត្ត​ចំនួន​១៣​។ ក្នុងនោះ មាន​១២០​នាក់ ឬ​ស្មើនឹង​៩៩.៣៦​ភាគរយ ជាសះស្បើយ​។ អ្នក​សះស្បើយ​ទាំងនោះ ជនជាតិខ្មែរ ៤៩​នាក់​, បារាំង​៤០​នាក់​, ម៉ាឡេស៊ី​១៣​នាក់​,  អង់គ្លេស​៥​នាក់​, ចិន​៣​នាក់​,  អាមេរិកាំង​២​នាក់​, វៀតណាម​៣​នាក់​, ឥណ្ឌូណេស៊ី​២​នាក់​, កាណាដា​២​នាក់ និង​បែ​ល​ហ្សិ​ក​១​នាក់​។ 
 
 
​ដោយឡែក អ្នកជំងឺ​កូ​វីដ​-១៩ ដែល​នៅសល់​២​នាក់​ទៀត​នោះ គឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​មិត្តភាព​កម្ពុជា​-​សូ​វៀត​។ អ្នកជំងឺ​កូ​វីដ​-១៩ ទាំងពីរ​នាក់​នោះ  គឺជា​ស្ត្រី វ័យ​៣៦​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ  និង​បុរស​វ័យ​៧៥​ឆ្នាំ រស់នៅ​ខេត្តកំពង់ឆ្នាំង​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com