កីឡាជាតិ
ជាតិ
កម្ពុជា​គ្រោង​បញ្ជូន​អត្ត​ព​លិ​កជាង​១០០​នាក់​ទៅ​ហ្វឹកហាត់​នៅ​ចិន ដើម្បី​ត្រៀម​ស៊ី​ហ្គេម​
12, May 2020 , 8:39 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
ដោយ:
កម្ពុជា​គ្រោង​បញ្ជូន​អត្ត​ព​លិ​កជាង​១០០​នាក់​លើ​១២​ប្រភេទ​កីឡា​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន ក្រោយ​ស្ថានភាព​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​ទីនោះ​មាន​ភាព​ធូរស្រាល​។ បច្ចុប្បន្ន​សហព័ន្ធ​ទាំង​១២​កំពុង​រៀបចំ​និង​ធ្វើ​បច្ចុប្បន្នភាព​កីឡាករ គ្រូបង្វឹក ដែល​ត្រូវ​បញ្ជូនទៅ​ហ្វឹកហាត់​។ កា​រប​ញ្ចូ​ន​នឹង​ធ្វើឡើង​នា​អំឡុង​ខែវិច្ឆិកា ខាងមុខ​។

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា សហព័ន្ធ​កីឡា​ជាតិ​ទាំង​១២ កំពុង​រៀបចំ និង​ធ្វើ​បច្ចុប្បន្នភាព​កីឡាករ និង​គ្រូបង្វឹក ដើម្បី​ជ្រើសរើស​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន​។ លោក ជំរុញ​ឲ្យ​សហព័ន្ធ​យកចិត្តទុកដាក់​ក្នុងការ​ចម្រាញ់​ជ្រើសរើស​កីឡាករ​កីឡាការិនី ដែលមាន​សក្តានុពល និង​ឆន្ទៈ​ក្នុងការ​ហ្វឹកហាត់​។ 
 
«​យើង​កំពុង​ឲ្យ​សហព័ន្ធ​រៀបចំ និង​ធ្វើ​បច្ចុប្បន្នភាព​កីឡាករ គ្រូបង្វឹក ដែល​ត្រូវ​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ឲ្យ​ដឹងថា តើ​កីឡាករ​ណា​ជាប់​រៀន ឬ​មិនជា​ប់រៀន​។ ពីមុន​គាត់​រៀបចំ​រួចហើយ គ្រាន់តែ​ចង់​ឲ្យ​ពួកគាត់​ពង្រឹង​ការហ្វឹកហាត់​ខ្លួនឯង​នៅផ្ទះ ដើម្បី​ពេល​ចប់​គាត់​មក​ហាត់​នៅ​សហព័ន្ធ​បាន​ប្រមាណ​២ មុន​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន​។    
 
​បើតាម​លោក វ៉ា​ត់ ចំរើន ការបញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ចិន​នេះ គឺ​ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​នា​ឆ្នាំ​២០២១ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​តាម​គម្រោង​កីឡាករ​កីឡាការិនី​ទាំង​១១០​រូប នឹង​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ​។ ប៉ុន្តែ​ក្នុងករណី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ចិន​ពុំមាន​ភាព​ធូរស្រាល គម្រោង​នេះ​នឹងត្រូវ​ពន្យា​ពេល​រហូតដល់​ខែមីនា ឆ្នាំ​២០២១​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន ដែល​អះអាងថា គម្រោង​នេះ​អាច​ដំណើរការ​ទៅបាន គឺ​អាស្រ័យ​លើ​ការអនុញ្ញាត​ពី​ភាគី​ចិន​៕ 

Tag:
 វ៉ា​ត់ ចំរើន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com