COVID-19
អន្តរជាតិ
ចិន បញ្ជូន​ជំនួយ​សម្ភារ​ពេទ្យ​ដល់​កម្ពុជា​បន្ថែមទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩
12, May 2020 , 10:41 am        
រូបភាព
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក រដ្ឋាភិបាល​ចិន បាន​បញ្ជូន​សម្ភារ​ពេទ្យ​មក​កម្ពុជា​បន្ថែមទៀត ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ តាម​ជើងយន្តហោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ចិន​បញ្ជូន​សម្ភារ​ពេទ្យ​ទាំងនោះ ចន្លោះ​ពីថ្ងៃ​ទី​១១​ដល់​១៣ ឧសភា​។ នេះ​បើតាម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។​


 
​ស្ថានទូត​ចិន បាន​បញ្ជាក់ថា សម្ភារ​ពេទ្យ​ដែល​រដ្ឋាភិបាល​ខ្លួន​បញ្ជូន​មកនេះ មាន​សារធាតុ​តេស្ត​រក​ជំងឺ​វីរុស​ចំនួន​៥០,០១៦​សម្រាប់ ,​សម្លៀកបំពាក់​ការពារ​ចំនួន​១៨០០០​កំ​ផ្លេ​, វ៉ែនតា​ការពារ​ចំនួន​៣០០០០ និង​ប្រដាប់​វាស់​កម្ដៅ​ចំនួន​២០០​គ្រឿង​។ សម្ភារ​ទាំងនេះ​ត្រូវ​បានទទួល​ដោយ​ក្រសួងសុខាភិបាល​កម្ពុជា​។ 
 
​ស្ថានទូត​ចិន បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ប្រទេស​ចិន​នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស និង​សម្ភារៈ​ផ្សេងទៀត​ជា​បន្តបន្ទាប់ បន្ត​ផ្តល់​កម្លាំង​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​មួយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​
 
​រដ្ឋាភិបាល​ចិន អះអាងថា ខ្លួន​នឹង​ប្រឹងប្រែង​ជួយ​កម្ពុជា​គ្រប់យ៉ាង ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​COVID-19​នេះ​។ នោះ​ក៏​ព្រោះតែ​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ដល់​រដ្ឋាភិបាល​ចិន ក្នុង​គ្រា​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​COVID-19 ដ៏​លំបាក​កន្លងមក​។​
 
​លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឥឡូវនេះ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការទប់ស្កាត់​វីរុស​COVID-19 ដ៏​កាច​សាហាវ ។ ដូច្នេះ​វា​មិន​ត្រឹមតែ​អាច​និយាយបានថា ចិន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​កម្ពុជា​ទេ ហើយក៏​មិន​គ្រាន់តែ​ជា​តំណាង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ពិសេស​ដែរ ប៉ុន្តែ​វា​ពិតជា​សាកស​មណាស់ សម្រាប់​មិត្តភាព​ដែកថែប នៅក្នុង​សហគមន៍​វាសនា​រួមគ្នា​តែមួយ​។ ចិន​នឹង​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា ដើម្បី​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​វីរុស​COVID-19​នេះ ជាពិសេស​រួមចំណែក​ដល់​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់​ទៀតផង​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​១២ ឧសភា​នេះ កម្ពុជា នៅសល់​អ្នកជំងឺ​កូ​វីដ​១៩ តែ​១​នាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្រោយពី​អ្នកជំងឺ​១២១​នាក់ បានជា​សះស្បើយ​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com