ជាតិ
សម្ដេច ស ខេង ព្រមានស្នងការ និងស្នងការរងខេត្តកំពង់ធំ៤រូប ពាក់ព័ន្ធការធ្វេសប្រហែសការងារ
× ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានស្នងការ និងស្នងការរង រួមទាំងនាយកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ចំនួន៥រូប ជុំវិញការធ្វេសប្រហែសលើការងារ។ នេះបើតាមលិខិតព្រមានលើកទី១របស់សម្ដេច ស ខេង ដែលចេញកាលពីថ្ងៃទី២៦ មីនា ហើយទើបបែកធ្លាយពេលនេះ។
សម្ដេច ស ខេង បានរកឃើញកំហុស លោក អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពាក់ព័ន្ធនឹងការ«ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ»។
ចំណែកលោក វ៉ា ចាន់កុសល ស្នងការរងទទួលផែនការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច , លោក អ៊ឹម សុគឿន ស្នងការរងទទួលផែនការងារធនធានមនុស្ស , លោក ទិត សំណាង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោក រុំ សុវិជ្ជា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សុទ្ធតែពាក់ព័ន្ធ នឹងការ«ធ្វេសប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។ នេះបើតាមលិខិតសម្ដេច ស ខេង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅក្នុងលិខិតដូច្នេះថា៖«សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវកែប្រែនូវកំហុសឆ្គង និងរបៀបរបបការងារដឹកនាំឱ្យបានត្រឹមត្រូវ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ»។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីសុំបកស្រាយបន្ថែមជុំវិញករណីព្រមានស្នងការ និងស្នងការរងខេត្តកំពង់ធំនេះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com