ជាតិ
ក្រសួង​ប្រាប់​ឲ្យ​ប្រយ័ត្ន​ចំពោះ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ខណៈ​រដូវវស្សា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ឧសភា
12, May 2020 , 7:19 pm        
រូបភាព
ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា រដូវវស្សា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ខែឧសភា​នេះ ជាមួយ​យ​នឹង​របប​ខ្យល់មូសុង​និរតី​បក់​មកលើ​កម្ពុជា​ដែរ​។ ទន្ទឹមនឹងនេះ ក៏មាន​ជ្រលង​សម្ពាធ​ទាប​បង្កើន​ឥទ្ធិពល​មកលើ​ភាគ​ពាយ័ព្យ និង​ខាងជើង​កម្ពុជា​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ប្រចាំ​សប្តាហ៍​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

 
​តាម​ក្រសួង​ធនធានទឹក ឥទ្ធិពល​នេះ ធ្វើ​ឲ្យ​ស្ថានភាព​អាកាសធាតុ ពីថ្ងៃ​១៣-១៥ ឧសភា នៅ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា ពី​២៥-២៨​អង្សា និង​សីតុណ្ហភាព​អតិបរមា ពី​៣៦-៣៩​អង្សា​។ ចំណែក​បណ្ដា​ខេត្ត​នៅ​ផ្នែក​ពាយព្យ អាច​ភ្លៀង​ពី​ខ្សោយ​ទៅ​បង្គួរ ហើយ​ផ្នែក​ផ្សេងទៀត អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម​។ ដោយឡែក​ចាប់ពី​ពីថ្ងៃ​ទី ១៥-១៩ ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​តិច​ទៅ​បង្គួរ​។​
 
​រីឯ​បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹង​សីតុណ្ហភាព​អប្បបរមា ពី ២៥-២៧​អង្សា និង​សីតុណ្ហភាព​មាន​ពី ៣៤-៣៨​អង្សា ចាប់ពី​ថ្អៃ​ទី​១៣-១៥ ឧសភា​។ ហើយ​បណ្ដា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​អាចមាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ​។ ចាប់ពី​ថ្ងៃទី​១៥ -១៩ ឧសភា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ ពី​តិច​ទៅ​ប​ង្កួ​រ​។​
​ដោយឡែក​ខេត្ត​ជាប់​សមុទ្រ​វិញ គឺមាន​សីតុណ្ហភាព​អប្បបរមា​ពី ២៥-២៨​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ៣៣-៣៦​អង្សា ហើយ​នឹងមាន​ភ្លៀង​ពី​តិច ទៅ​បង្គួរ​។ 
 
​នៅក្នុង​សេចក្តីជូនដំណឹង​ប្រចាំ​សប្តាហ៍​នេះដែរ ក្រសួង​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ផងដែរ ក៏ដូចជា​ការកើនឡើង​សីតុណ្ហភាព ដែល​អាច​នឹង​កើតមានឡើង​ពិសេស​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប ដូចជា​ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​៕

Tag:
 អាកាសធាតុ​
 ​រដូវវស្សា​
© រក្សាសិទ្ធិដោយ thmeythmey.com