ជាតិ
ក្រសួង​ធនធានទឹក​ព្រមាន​ពី​គ្រោះទឹកជំនន់ ដោយសារ​ការ​លុប​បឹង​និង​មាត់​ច្រាំងទន្លេ​
12, May 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ដំបូល​វត្តអារាមមួយ​ដែល​ត្រូវបាន​លិចលង់ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។(ស៊ុន ណារិន/VOA)
រូបឯកសារ៖ ដំបូល​វត្តអារាមមួយ​ដែល​ត្រូវបាន​លិចលង់ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។(ស៊ុន ណារិន/VOA)
ដោយ: VOA
​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក លឹម គានហោ បាន​ព្រមាន​អំពី​គ្រោះមហន្តរាយ​ទឹកជំនន់ ដែល​នឹង​អាចមាន​ឡើង​ដោយសារតែ​ការចាក់ដី​លុប និង​ការសាងសង់​បិទផ្លូវ​ទឹក​នានា​។​
 
​ក្នុង​លិខិត​ក្រសួង​ធនធានទឹក​ចុះ​ថ្ងៃ​៨ ខែឧសភា លោក លឹម គានហោ ជំរុញ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាលខេត្ត​ទាំងអស់​ជួយ​ទប់ស្កាត់​ការរំលោភ​ចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ​។ លោក​បញ្ជាក់ថា ស្រប​ពេលដែល​សេដ្ឋកិច្ច​រីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​កំណើន​សាងសង់​គួរ​ឲ្យ​កត់សម្គាល់​។​
 
​លោក​រដ្ឋមន្ត្រី​ព្រមាន​ថា​៖ «​ផ្តើមចេញពី​សកម្មភាព​ខាងលើនេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​បញ្ហា​ដែល​អាច​កើត​ឡើងដល់​លទ្ធភាព​នៃ​ការរំដោះ​ទឹក និង​បង្ក​ជា​គ្រោះមហន្តរាយ​ទឹកជំនន់​ដោយសារ ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ឬ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មួយចំនួន​ត្រូវបាន​រំលោភ ចាក់ដី​លុប និង​ការសាងសង់​បិទផ្លូវ​ទឹក​នានា ដោយ​ពុំ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​»​។​
 
VOA មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​លោក មាស ម៉េ​ត​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​
 
​លោក ឯម ភាព នាយក​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា សាលាខេត្ត​បានទទួល​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ប៉ុន្តែ​ចំពោះ​វិធានការ​ថា​នឹងធ្វើ​យ៉ាងណា​នោះ​គឺ​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​អភិបាលខេត្ត​។​
 
«​ខ្ញុំ​អត់​ទាន់​ដឹង​។ អាហ្នឹង​គឺ​ទាល់តែ​ឯកសារ​ចូលដល់​អភិបាលខេត្ត​សិន​...​ព្រោះ​លិខិត​នេះ​គ្រាន់តែ​បានទទួល​យើង​បញ្ជូនទៅ​អភិបាលខេត្ត​»​។​
 
​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគម​ធាងត្នោត​ដែល​ធ្លាប់​ចេញផ្សាយ​របាយការណ៍​នៃ​ការ​លុប​បឹង​នៅ​ភ្នំពេញ​លោក សឿង សារ៉ន ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា រដ្ឋាភិបាល​ទំនងជា​ដឹង​ការកើនឡើង​នៃ​សកម្មភាព​ចាក់ដី​លុប​ទីតាំង​ដែល​អាច​ស្តុក​ទឹកភ្លៀង ឬ​ផ្លូវទឹក​នានា ដើម្បី​បញ្ចៀស​ការ​ជន់​លិច ទើប​មាន​លិខិត​ពី​ក្រសួង​ធនធានទឹក​បែបនេះ​។​
 
​លោក​បន្ថែមថា ក្រសួង​ធនធានទឹក​គួរតែមាន​វិធានការ​សកម្មភាព​ជាក់លាក់ ដើម្បី​បញ្ឈប់​ឲ្យ​បាន​រាល់​ទម្រង់​នានា​នៃ​ការចាក់ដី​លុប​បឹងបួ ឬ​ទីតាំង​ផ្លូវទឹក​ផ្សេងទៀត​។ លោក​ថា បើ​ពុំមាន​វិធានការ​សកម្មភាព​ច្បាស់​លាស់​ទេ នោះ​សកម្មភាព​នៃ​ការចាក់ដី​លុប​បឹង អូរ​ប្រឡាយ ព្រែក ឬក៏​សមុទ្រ​ផង​នោះ នឹង​បន្ត​កើតមាន​ដដែល​។​
 
«​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ធនធានទឹក​ហ្នឹង លោក​គួរតែមាន​យន្តការ​ឲ្យ​បានច្បាស់លាស់​ក្នុងការ​ត្រួតពិនិត្យ ទាក់ទង​នឹង​ការអនុវត្ត​របស់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាពិសេស​អភិបាលខេត្ត​រាជធានី​ហ្នឹង ដើម្បី​មើលថា​តើ​គាត់​បន្ត​លុប​ទៀត​ឬក៏​យ៉ាងម៉េច​?​ហើយ​បើសិន​បើ​បន្ត​ឲ្យ​មានការ​លុប​ដោយ​គ្មាន​ច្បាប់​តើ​គួរ​ពួកគាត់​ត្រូវ​ប្រឈម​នៅមុខ​ច្បាប់​អ្វីខ្លះ​ជា​ធរមាន​ដើម្បី​ទទួលខុសត្រូវ​ទៅ​ទង្វើ​របស់គាត់​»​។ 
 
​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូបនេះ​ចង់ឃើញ​រដ្ឋាភិបាល​បង្កើន​ការយកចិត្តទុកដាក់​លើ​ការបញ្ឈប់​មិន​ឲ្យ​មានតែ​ម្តង នូវ​ការចាក់ដី​លុប​បឹង​ជើងឯក​និង​បឹងទំពុន​។​
 
«​បឹង​ដូចជា​បឹង​ជើងឯក​មាន​ទំហំ​ធំ ខ្ញុំ​អត់​ច្បាស់​ទេ ដូចជា​រាប់ពាន់​ហិកតា​ដែរ​។ វា​មាន​តួនាទី​សំខាន់ ក្នុង​ការរំដោះ​ទឹកស្អុយ​ពី​រាជធានី​ភ្នំពេញ​។​អ៊ីចឹង បឹងទំពុន ឬក៏​បឹង​ជើងឯក​នេះ គួរតែ​យើង មិនគួរ​បន្ត​លុប​ទៀត​ទេ​។ មិនគួរ​បន្ត​លុប​ទៀត​ទេ ព្រោះ​វា​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការរំដោះ​ទឹកស្អុយ ឬក៏​ទឹកជំនន់​ទឹកភ្លៀង​ពី​រាជធានី​ភ្នំពេញ​ហ្នឹង​»​។​
 
​ចំណែក​កញ្ញា ឡុង គ​ន្ធា សកម្មជន​ការពារ​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​មានប្រសាសន៍ថា រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ប្រឆាំងនឹង​អ្នកមានអំណាច​ដែល​ពាក់ព័ន្ធ​នឹង​ការ​លុប​បឹង​។​
 
«​ធម្មតា​នៅ​មូលដ្ឋាន គាត់​ដឹង​ហើយ​ថា នរណា​ចាក់​លុប​បឹង [​មិន​]​ដែលថា គាត់​មិនដឹង​។ អ៊ីចឹង​គួរតែ​រាយការណ៍ និង​ធ្វើការ​ឃ្លាំមើល ហើយ​អនុវត្ត​ច្បាប់​មិន​ថា អ្នក​ហ្នឹង គឺជា​អ្នកណា អ្នកធំ ប៉ុណ្ណា មាន​ខ្នងបង្អែក ប៉ុណ្ណា​ទេ ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើគ្នា​ជាមួយនឹង​ប្រជាពលរដ្ឋ​ធម្មតា​ដែរ​។ ដូច​យើង ធ្លាប់​ឃើញ​ប្រជាពលរដ្ឋ​ធម្មតា ត្រូវបាន​អាជ្ញាធរ​ដេញ ដោយសារតែ​គាត់​ថា ប្រជាពលរដ្ឋ​គាត់​បាន​រំលោភ​យក​ដី យក​ទ្រព្យសម្បតិ្ត​សាធារណៈ​។ អ៊ីចឹង​ពួក​អ្នក​ដែល​ចាក់​លុប​ផ្សេងៗ​ទៀត ដែល​គាត់​មាន​លុយ​ឬក៏​គាត់​មាន​ខ្នងបង្អែក​ហ្នឹង​ក៏​ដូចគ្នា​ដែរ ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា​»​។ 
 
​កញ្ញា​បន្ថែមថា មិនគួរ​មានការ​ចាក់​លុប​បឹង​តា​មោក ដែល​កញ្ញា​ថា​អាច​នាំ​ឲ្យ​ជន់​លិច​ទីក្រុង​ភ្នំពេញ និង​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នោះទេ​។​
 
«​មួយទៀត ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង គឺ​ពួកគាត់​អាស្រ័យ​ផល ដោយ​ការទាញយក​ផល​ពី​បឹង​ហ្នឹង​។ បើសិនជា​លុប​បឹង អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​នឹង​បាត់បង់​[​ទាំង​]​ទីលំនៅ ទាំង​មុខរបរ​របស់​គាត់​»​។​
 
​របាយការណ៍​របស់​ស​មា​គម​ធាងត្នោត​ដែលមាន​ចំណងជើង​ថា​«​បឹង​ចុងក្រោយ​ក្នុង​រាជធានី​ភ្នំពេញ​» ដែល​បានចេញ​ផ្សាយ​កាលពី​ចុងឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​ក្នុងចំណោម​បឹង​ចំនួន​២៦​ក្នុង​រាជធានី​ភ្នំពេញ​មាន​បឹង​ចំនួន​១៦ គឺ​ស្មើនឹង​៦០​ភាគរយ​នៃ​ផ្ទៃដី​បឹង​ទាំងអស់ ត្រូវបាន​ចាក់ដី​លុប​បំពេញ និង​បឹង​ចំនួន​១០​ទៀត ត្រូវបាន​ចាក់ដី​លុប​ខ្លះៗ​រួចហើយ​។​មូលហេតុ​ចម្បង​នៃ​ការ​លុប​បឹង​នោះ​គឺ​«​បណ្ដាលមកពី​ការសាងសង់​បុរី តំបន់​លំនៅដ្ឋាន​និង​ទីក្រុង​រណប​»​។​
 
​របាយការណ៍​ដែលមាន​កម្រាស់​ជាង​៣០​ទំព័រ​បាន​ពណ៌នា​ថា បឹងទំពុន​១​និង​២​និង​បឹង​ជើងឯក​ត្រូវបាន​លុប​ដោយ​ផ្នែក​និង​កំពុង​លុប​ផងដែរ​។ ចំណែក​បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ ក៏ត្រូវ​បាន​លុប​ខ្លះៗ​ដែរ ហើយ​មិនមាន​ផែនការ​ច្បាស់លាស់​នោះទេ​។​
 
​សមាគម​ធាងត្នោត​បន្ថែមថា​៖ «​បឹង​តា​មោក គឺជា​អ្នកការពារ​ទឹកជំនន់ ទប់​ទល់នឹង​លំហូរ​ទឹក​មកពី​ភាគ​ខាងជើង​។ ទំនប់​បឹង​តា​មោក​ជួយ​បង្វែរ​លំហូរ​ទឹក​ពី​ភាគ​ខាងជើង​ឲ្យ​ទៅ​ភាគ​ខាងកើត​វិញ​ឬ​រក្សា​ផ្ទុក​ទឹក​ទំហំ​ធំ​។ ទំនប់​ដែល​លាតសន្ធឹង​ពី​កើ​តទៅ​លិច​តាម​បណ្តោយ​ភាគខាងត្បូង​នៃ​បឹង​នេះ​បង្ការ​ទឹកជំនន់​មកពី​ខាងជើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​មិន​ឲ្យ​ទឹក​ហូរ​ចូលមក​ទីក្រុង ហើយ​ជន់​លិច​មួយផ្នែកធំ​នៃ​ទីក្រុង​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com