ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​យុត្តិធម៌ បង្កើត​ក្រុមការងារ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​តុលាការ
12, May 2020 , 3:57 pm        
រូបភាព
លោក កើត រិទ្ធ ឡើងថ្លែងសុន្ទរកថា ក្នុងពិធីដែលលោក ទទួលតំណែងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០
លោក កើត រិទ្ធ ឡើងថ្លែងសុន្ទរកថា ក្នុងពិធីដែលលោក ទទួលតំណែងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០
ដោយ:
​ភ្នំពេញ​៖ លោក កើត រិ​ទ្ធ ដែល​ទើប​ឡើងជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​គិតគូរ​​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅតាម​តុលាការ​មុនគេ។ លោក បានបង្កើត​ក្រុមការងារ​ថ្មី​មួយ ហៅថា គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រា​ធានី​-​ខេត្ត (​គ​.​យ​.​ក​.​ស​.)​។ លោក ធ្វើជា​ប្រធាន​នៃ​គណៈកម្មការ​នេះ​ដោយ​ខ្លួនឯង​តែម្តង​។

 
​សេចក្តីសម្រេច ដែល​រដ្ឋមន្ត្រី​យុត្តិធម៌ ចេញ​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ បាន​កំណត់ថា តួនាទី​របស់ គ​.​យ​.​ក​.​ស​. គឺ​ដឹកនាំ និង​សម្របសម្រួល​ការងារ​រួម​លើ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត​។ 
 
​សេចក្តីសម្រេច កំណត់​ទៀតថា គ​.​យ​.​ក​.​ស​. ដាក់ចេញ​នូវ​គោលការណ៍​ណែនាំ វិធានការ​នានា និង ផែនការ​សកម្មភាព​ចាំបាច់ ដើម្បី​អនុវត្ត​យុទ្ធនាកា​ឲ្យ​មាន​ប្រសិទ្ធភាព សំដៅ​រួមចំណែក​លើកកម្ពស់​សម​ត្ថ​ភាព​ស្ថាប័ន ក្នុងការ​បម្រើសេវា​យុត្តិធម៌​ឲ្យ​បានល្អ​ប្រសើរ និង​រួមចំណែក​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​យុទ្ធនាការ​។ 
 
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍​កន្លងមក​ថា បច្ចុប្បន្ន ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ កាត់​តែមាន​ភាពស្មុគស្មាញ ហើយ​អ្នក​ជាប់ឃុំ​ជាច្រើន មិនទាន់​ត្រូវបាន​ដោះស្រាយ (​មិនទាន់​ជំនុំជម្រះ​)​។​
 
​របាយការណ៍​ពី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន កម្ពុជា មាន​អ្នក​ជាប់ឃុំ​សរុប​ជាង​៣,៨​ម៉ឺន​នាក់ ដោយ​ក្នុងនោះ ស្ត្រី មាន​ជាង​២,៥​ពាន់​នាក់​។ 
 
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​លើកឡើងថា ក្រសួងមហាផ្ទៃ កំពុង​ជំរុញ​គម្រោង​សាងសង់​និង​ជួសជុល​កែលម្អ​អគារ​ឃុំឃាំង​នានា​ក្នុង​ពន្ធនាគារ ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នេះ​។​
 
​ចំណែក លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ធ្លាប់​អះអាងថា ក្រសួងយុត្តិធម៌ កំពុង​ប្រឹងប្រែង​ពង្រីក​អគារ​បន្ថែម​នៅតាម​តុលាការ ជាពិសេស​សាល​សវនាការ (​បន្ទប់​ជំនុំជម្រះ​) ដើម្បី​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង ព្រោះតែ​ខ្វះ​សាល​សវនាការ​។ 
 
​លើសពីនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ផ្តល់យោបល់​ដ​ល់​ក្រសួងយុត្តិធម៌ ឲ្យ​ជួល​បន្ទប់​នៅ​សណ្ឋាគារ ធ្វើជា​សាល​សវនាការ បើ​តុលាការ ខ្វះ​សាល​សវនាការ​កាត់ក្តី ដើម្បី​ព​ន្លឿ​ន​ដោះស្រាយ​សំណុំរឿង ជា​ពិ​សេ​សំណុំរឿង​របស់​ស្ត្រី​។ 
 
​អង្គការ​សង្គម​ស៊ីវិល​នានា តែង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​ការកកស្ទះ​ក្នុង​ពន្ធនាគារ​និង​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ​។ រដ្ឋាភិបាល​ខ្លួនឯង ក៏​ទទួលស្គាល់​ដែរ​ថា ពន្ធនាគារ​កម្ពុជា ពិតជា​មានការ​កកស្ទះ ដោយសារតែ​អ្នក​ជាប់ឃុំ កើនឡើង​ច្រើន ហើយ​នៅតាម​តុលាការ ក៏មាន​ការកកស្ទះ​សំណុំរឿង​ដែរ​៕ 
 
 

Tag:
 ក្រសួងយុត្តិធម៌​
 ​សំណុំរឿង​
 ​សាលាដំបូង
© រក្សាសិទ្ធិដោយ thmeythmey.com