COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
បើបិទទ្វារកីឡដ្ឋាន​ប្រកួត​ ក្លិប​នៅ EPL ត្រូវ​សង​ក្រុមហ៊ុន​ទូរទស្សន៍ ៤១៩​លាន​ដុល្លារ
12, May 2020 , 8:39 pm        
រូបភាព
ក្លិប​នៅ​ក្របខណ្ឌ Premier League ទំនងជា​ត្រូវ​សង​ប្រាក់​ប្រមាណ ៣៤០ លាន​ផោន (៤១៩​លាន​ដុល្លារ​អាមេរិក​) ដល់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ក្នុងស្រុក និង​អន្តរជាតិ​ប្រសិន​បើ​មានការ​ចាប់ផ្តើម​រដូវ​កាល​នេះ​ឡើងវិញ​ ដោយ​ប្រកួត​បិទ​ទ្វារ​កីឡដ្ឋាន​។​

 
​បើតាម​ការផ្សាយ​របស់ BBC ក្លិប​នៃ​លី​គ​កំពូល​អង់គ្លេស​ នឹង​ជួប​បញ្ហា​ខ្លាំង​ជាងនេះទៅទៀត បើ​រដូវ​កាល​នេះ​ត្រូវ​រំសាយ​ចោល ហើយ​គ្មាន​ការ​កាត់ចោល​ក្រុម​ ទៅកាន់​លី​គ​ទី​ពីរ​ទេនោះ​។ យ៉ាងណាក៏ដោយ មន្ត្រី​ក្លិប​នី​មួយៗ​បាន​ជួបគ្នា ​នៅ​ថ្ងៃទី​១១ ខែឧសភា ​ដើម្បី​បន្ត​កិច្ចពិភាក្សា​ស្តីពី​ការ​ត្រឡប់​ទៅកាន់​ការប្រកួត​ឡើងវិញ បន្ទាប់ពី​ផ្អាក​ដោយ​គ្មាន​ពេល​កំណត់​តាំងពី​ថ្ងៃទី​១៣ ខែមីនា ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ COVID-19​។​
 
​ជុំវិញ​ករណីនេះ លោក Richard Masters នាយក​ប្រតិបត្តិ Premier League ធ្លាប់បាន​ព្យាករណ៍​ ពី​ការបាត់​បង់ប្រាក់​យ៉ាងហោចណាស់ ១ ពាន់​លាន​ផោន (១,២៣​ពាន់​លាន​ដុល្លារ​អាមេរិក​) ប្រសិនបើ​លី​គ​កំពូល​អង់គ្លេស ​មិនបាន​បញ្ចប់​រដូវ​កាល ២០១៩-២០​នេះ​។ ដោយឡែក បើ​លី​គស​ម្រេច​បន្ត​ដោយ​បិទទ្វារ​កីឡាដ្ឋាន​នោះ ​ប្រហែល​ក្លិប​ត្រូវ​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​វិញ​ ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​។​
 
​ការសង​ប្រាក់​ត្រូវបាន​ស្នើសុំ​វិញ​ ពី​សំណាក់​ក្រុមហ៊ុន​ទូរទស្សន៍​ ដែល​បាន​ទិញ​សិទ្ធិ​ផ្សព្វផ្សាយ​ ដ្បិត​ការប្រកួត​មិនត្រូវ​បានធ្វើ​ឡើង ​ដូច​ការរំពឹងទុក​។ មួយវិញទៀត បើ​ការប្រកួត​ត្រឡប់មកវិញ នឹង​តម្រូវ​ឲ្យ​គ្មាន​អ្នកគាំទ្រ ហើយ​ពេលវេលា​ក៏​មិនបាន​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​។​
 
​លោក Masters បាន​លើកឡើងថា «​យើង​អាចធ្វើ​បច្ចុប្បន្នភាព​ក្លិប ​លើ​ស្ថានភាព​ជាក់ស្តែង​ ជាមួយ​ក្រុមហ៊ុន​ផ្សព្វផ្សាយ ​ដែលជា​ការសម្ងាត់​ណាមួយ​។ ទោះ​មាន​អ្វី​កើតឡើង​ក៏ដោយ ​វា​នឹង​នៅតែមាន​ការខាតបង់​ប្រាក់​ចំណូល​យ៉ាងច្រើន ​សម្រាប់​ក្លិប​នី​មួយៗ ជៀស​មិន​ផុត​ឡើយ​»​។​
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​២៩​លើក​រួចមក លី​គ​កំពូល​អង់គ្លេស​នៅសល់​ប្រកួត​៩​លើក​ទៀត​ នឹងត្រូវ​បញ្ចប់​រដូវ​កាល​២០១៩-២០​នេះហើយ​។ Liverpool ជា​ក្រុម​ឈរ​កំពូល​តារាង​ដោយមាន​៨២​ពិន្ទុ នាំមុខ​ក្រុម​លេខ​ពីរ Manchester City ចំនួន​២៥​ពិន្ទុ​។ Bournemouth, Aston Villa និង Norwich City ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​៕
 

Tag:
 COVID-19
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com