COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
បើបិទទ្វារកីឡដ្ឋានប្រកួត ក្លិបនៅ EPL ត្រូវសងក្រុមហ៊ុនទូរទស្សន៍ ៤១៩លានដុល្លារ
× ក្លិបនៅក្របខណ្ឌ Premier League ទំនងជាត្រូវសងប្រាក់ប្រមាណ ៣៤០ លានផោន (៤១៩លានដុល្លារអាមេរិក) ដល់ក្រុមហ៊ុនផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិប្រសិនបើមានការចាប់ផ្តើមរដូវកាលនេះឡើងវិញ ដោយប្រកួតបិទទ្វារកីឡដ្ឋាន។
បើតាមការផ្សាយរបស់ BBC ក្លិបនៃលីគកំពូលអង់គ្លេស នឹងជួបបញ្ហាខ្លាំងជាងនេះទៅទៀត បើរដូវកាលនេះត្រូវរំសាយចោល ហើយគ្មានការកាត់ចោលក្រុម ទៅកាន់លីគទីពីរទេនោះ។ យ៉ាងណាក៏ដោយ មន្ត្រីក្លិបនីមួយៗបានជួបគ្នា នៅថ្ងៃទី១១ ខែឧសភា ដើម្បីបន្តកិច្ចពិភាក្សាស្តីពីការត្រឡប់ទៅកាន់ការប្រកួតឡើងវិញ បន្ទាប់ពីផ្អាកដោយគ្មានពេលកំណត់តាំងពីថ្ងៃទី១៣ ខែមីនា ដោយសារការរីករាលដាលនៃជំងឺ COVID-19។
ជុំវិញករណីនេះ លោក Richard Masters នាយកប្រតិបត្តិ Premier League ធ្លាប់បានព្យាករណ៍ ពីការបាត់បង់ប្រាក់យ៉ាងហោចណាស់ ១ ពាន់លានផោន (១,២៣ពាន់លានដុល្លារអាមេរិក) ប្រសិនបើលីគកំពូលអង់គ្លេស មិនបានបញ្ចប់រដូវកាល ២០១៩-២០នេះ។ ដោយឡែក បើលីគសម្រេចបន្តដោយបិទទ្វារកីឡាដ្ឋាននោះ ប្រហែលក្លិបត្រូវបង់ទៅឲ្យក្រុមហ៊ុនផ្សព្វផ្សាយវិញ ប្រមាណជាង៤០០លានដុល្លារ។
ការសងប្រាក់ត្រូវបានស្នើសុំវិញ ពីសំណាក់ក្រុមហ៊ុនទូរទស្សន៍ ដែលបានទិញសិទ្ធិផ្សព្វផ្សាយ ដ្បិតការប្រកួតមិនត្រូវបានធ្វើឡើង ដូចការរំពឹងទុក។ មួយវិញទៀត បើការប្រកួតត្រឡប់មកវិញ នឹងតម្រូវឲ្យគ្មានអ្នកគាំទ្រ ហើយពេលវេលាក៏មិនបានប្រព្រឹត្តទៅតាមការគ្រោងទុក។
លោក Masters បានលើកឡើងថា «យើងអាចធ្វើបច្ចុប្បន្នភាពក្លិប លើស្ថានភាពជាក់ស្តែង ជាមួយក្រុមហ៊ុនផ្សព្វផ្សាយ ដែលជាការសម្ងាត់ណាមួយ។ ទោះមានអ្វីកើតឡើងក៏ដោយ វានឹងនៅតែមានការខាតបង់ប្រាក់ចំណូលយ៉ាងច្រើន សម្រាប់ក្លិបនីមួយៗ ជៀសមិនផុតឡើយ»។
ក្រោយឆ្លងកាត់ការប្រកួត២៩លើករួចមក លីគកំពូលអង់គ្លេសនៅសល់ប្រកួត៩លើកទៀត នឹងត្រូវបញ្ចប់រដូវកាល២០១៩-២០នេះហើយ។ Liverpool ជាក្រុមឈរកំពូលតារាងដោយមាន៨២ពិន្ទុ នាំមុខក្រុមលេខពីរ Manchester City ចំនួន២៥ពិន្ទុ។ Bournemouth, Aston Villa និង Norwich City ស្ថិតនៅតំបន់ត្រូវកាត់ចោល៕
Tag:
COVID-19
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com