ពីនេះ ពីនោះ
«ធាតុអាកាស» មានន័យខុសពី «អាកាសធាតុ» រូបភាព
× នៅក្នុងសៀវភៅសទ្ទានុក្រមការប្រែប្រួលអាកាសធាតុដែលជាបច្ចេកសព្ទ និងនិយមន័យខ្មែរ និងអង់គ្លេស ដែលបោះពុម្ពផ្សាយនៅឆ្នាំ២០១៧ ដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព និងសហការជាមួយក្រសួងបរិស្ថាន បានបញ្ជាក់ពាក្យ«ធាតុអាកាស» គឺមានន័យខុសពីពាក្យ «អាកាសធាតុ»។
«ធាតុអាកាស»ដែលហៅជាភាសាអង់គ្លេសថា Weather គឺសំដៅលើ ស្ថានភាពនៃបរិយាកាសនៅពេលណាមួយ ឬរយៈពេលខ្លី និងនៅកន្លែងណាមួយដែលបញ្ជាក់ដោយបាតុភូត ឧតុភូតនានាដូចជា សម្ពាធបរិយាកាស សូរ្យការ សីតុណ្ហភាព សំណើម ទឹកភ្លៀង ពពក ខ្យល់ជាដើម។ នៅកន្លែងភាគច្រើន ធាតុអាកាសប្រែប្រួលទៅតាមម៉ោង ថ្ងៃ និងរដូវកាល។ ឧទាហរណ៍៖ នៅកម្ពុជានាខែមេសា មានសភាពពេល/ ធាតុអាកាសក្តៅខ្លាំង។
ចំណែក«អាកាសធាតុ» Climate ជាលក្ខខណ្ឌនៃបរិយាកាស និងបាតុភូតឧតុភូតមធ្យមនៃរដូវទាំងអស់ ដែលគិតជាសិត្ថិមធ្យមភាគរបស់តំបន់ណាមួយ ដែលពិនិត្យឃើញនៅរយៈពេលយូរឆ្នាំ។ លក្ខខណ្ឌនៃបរិយាកាស/វិសមរួបអាកាសធាតុមានសម្ពាធបរិយាកាស សីតុណ្ហភាព សូរ្យការ សំណើម ទឹកភ្លៀង ពពក និងខ្យល់។
អ្នកជំនាញភូមិសាស្ត្របានបែងចែកអាកាសធាតុជា៥ ក្នុងនោះមានអាកាសធាតុក្តៅ អាកាសធាតុត្រូពិក អាកាសធាតុត្រជាក់ អាកាសធាតុត្រជាក់បង្គួរ និងអាកាសធាតុភ្នំ៕
© រក្សាសិទ្ធិដោយ thmeythmey.com