ជាតិ
ជនបរទេស ក៏អាចប្ដូរ ឬធ្វើបណ្ណបើកបរនៅកម្ពុជាបានដែរ សកម្មភាពប្រឡងយកបណ្ណបើកបរ (រូបពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន)
× ភ្នំពេញ៖ ជនបរទេស ដែលស្នាក់នៅស្របច្បាប់នៅកម្ពុជា ក៏អាចប្រឡងយកបណ្ណបើកបរបានដែរ ហើយអ្នកដែលមានបណ្ណបើកបរពីក្រៅប្រទេស ក៏អាចប្ដូរជាបណ្ណបណ្ណបើកបរកម្ពុជាបានដូចគ្នា។ នេះបើយោងតាមមាត្រា៤៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលបានបញ្ជាក់ពីករណីលើកលែង ចំពោះបណ្ណបើកបរបរទេសដែលមានកិច្ចព្រមព្រៀង ឬអនុញ្ញាអន្តរជាតិទទួលស្គាល់បណ្ណបើកបរទៅវិញទៅមកជាទ្វេភាគី ឬពហុភាគីជាមួយប្រទេសកម្ពុជា។
បើតាមមាត្រា៤៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅកម្ពុជា ជនបរទេសដែលចូលមកស្នាក់នៅស្របច្បាប់ ហើយមានបំណងបើកបរយានយន្ត ត្រូវមានបណ្ណបើកបរកម្ពុជា តាមមធ្យោបាយ២យ៉ាងគឺទី១ ត្រូវប្រឡងយកបណ្ណបើកបរដូចពលរដ្ឋខ្មែរ។ ទី២ ត្រូវយកបណ្ណបើកបររបស់ប្រទេសខ្លួន យកប្តូរយកបណ្ណបើកបរកម្ពុជា ដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា៖
ក. ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព។
ខ. ត្រូវមានបណ្ណបើកបរមានសុពលភាព។
គ. មានអាសយដ្ឋានស្នាក់នៅច្បាស់លាស់ ដោយមានបញ្ជាក់ពីមេឃុំ ឬចៅសង្កាត់។
ឃ. មានលិខិតបញ្ជាក់កាយសម្បទា។
ង. ក្នុងករណីដែលបណ្ណបើកបរមិនសរសេរជាភាសាអង់គ្លេស ឬភាសាបារាំង ត្រូវតែបកប្រែជាភាសខ្មែរ អង់គ្លេស ឬបារាំង ដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬស្ថានកុងស៊ុល ឬទីស្ថានរបស់បេសកកម្មរបស់ខ្លួន។ សុពលភាពបណ្ណបើកបររបស់ជនបរទេស ដែលត្រូវបានប្តូរយកបណ្ណបើកករកម្ពុជា មានរយៈពេល១ឆ្នាំ។ សុពលភាពបណ្ណរបស់ជនបរទេសដែលបានប្រឡងជាប់មានរយៈពេលដូចគ្នា នឹងពលរដ្ឋខ្មែរដែរ។
ជនបរទេសដែលមានបណ្ណបើកបរប្រភេទ គ ឃ និងង មិនអាចប្តូរយកបណ្ណបើកបរកម្ពុជាដូចគ្នានេះទេ តែអាចប្តូរយកបណ្ណបើកបរប្រភេទ ក និងខ បាន។ នេះបើតាមមាត្រា៤៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៕
តម្លៃប្រឡងយកបណ្ណបើកបរ (រូបពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន)
Tag:
ចរាចរណ៍
បណ្ណបើកបរ
© រក្សាសិទ្ធិដោយ thmeythmey.com