ONE Championship
អន្តរជាតិ
Josh Tonna គោរព​ដល់​ម្ចាស់​ខ្សែក្រវាត់ Sam-A Gaiyanghadao តែ​ចង់​ប៉ះគ្នា​
13, May 2020 , 9:19 am        
រូបភាព
Josh-Tonna-ONE-WARRIORS
Josh-Tonna-ONE-WARRIORS
ដោយ: ថ្មីៗ
Josh Tonna រហស្សនាម «Timebomb» បង្ហាញ​ការគោរព​ដល់​ម្ចាស់​ខ្សែក្រវាត់ ONE Strawweight Muay Thai World Champion កីឡាករ Sam-A Gaiyanghadao​។ កីឡាករ​មកពី​ក្រុង Canberra ដែល​ស្ថិតក្នុង​លំដាប់​កំពូល​ម្នាក់​នៃ​ទម្ងន់ Strawweight បាន​សរសើរ​ដល់​ម្ចាស់​ខ្សែក្រវាត់​ពីរ Sam-A Gaiyanghadao ព្រោះ​វីរបុរស​ថៃ​រូបនេះ​ធ្វើ​បានល្អ​ខ្លាំងណាស់​លើស​ង្វៀន​។


 
​ទោះជា​មានការ​លើកសរសើ​រ ប៉ុន្តែ Tonna ជឿជាក់ថា រូបគេ​មាន​ទំនុកចិត្ត​ធ្វើ​ឲ្យ Sam-A ខកចិត្ត​ពេល​ប្រកួត​ដណ្ដើមយក​ខ្សែក្រវាត់​។ បុរស​វ័យ​៣១ ឆ្នាំ​មកពី​អូស្ត្រាលី បាន​ថ្លែង​បែបនេះ​៖«Sam-A គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​។ គាត់​ប្រកួត​បានល្អ និង​ប្រើ​ភាព​វ័យឆ្លាត​បានល្អ​រៀងរាល់​ការប្រកួត​។ មើលទៅ​គាត់​អាច​សម្រប​ខ្លួន​ពេល​ជួប​គូប្រជែង ហើយ​គាត់​វ៉ៃ​ម្ដងៗ​ល្អមើល​ណាស់​។ គាត់​ជា​កំពូល​អ្នកលេង​មួយ​ថៃ​»​។ 
 

Josh-Tonna-ASH

​កីឡាករ​ដដែល​រៀបរាប់ថា ៖«​យ៉ាងណា រូបគាត់​ជា​បុរស​ម្នាក់​ក៏​ធ្លាប់​ចាញ់​ដែរ​។ យើង​បាន​មើល​បរាជ័យ​របស់គាត់​។ ខ្ញុំ​គោរព​គាត់​គ្រប់បែបយ៉ាង និង ការតស៊ូ​របស់គាត់រ​ហូត​ដល់ពេលនេះ​។ អ្នក​មិនអាច​ប្រកែក​បានទេ​។ ប៉ុន្តែ​ខ្ញុំ គឺជា​គូប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​គាត់ មុនពេល​បន្ត​ជួប​អ្នកផ្សេង​។ ខ្ញុំ​ជា​ដៃគូ​ដ៏​តឹងតែង​សម្រាប់​គាត់​នៅលើ​សង្វៀន​»​។ 
 
​កាល​ខែ កុម្ភៈ កីឡាករ​អូស្ត្រាលី យកឈ្នះ កីឡាករ​ចក្រភព​អង់គ្លេស  Andy “The Punisher” Howson នៅក្នុង​កម្មវិធី ONE: WARRIOR’S CODE នា​ក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី​។  ពេល Howson ប្រកួត​ក្នុង​ទម្ងន់ strawweight ដោយ​ប៉ះ​ម្ចាស់​ជើងឯក Muay Thai World Champion ៥​សម័យកាល ប៉ុន្តែ “Timebomb” មិន​បង្ហាញ​ភាពភ័យខ្លាច​ឡើយ​នៅឯ​សង្វៀន Istora Senayan​។ 
​វា​ជាការ​ប្រកួត​ដ៏​ល្អ ហើយ​យកឈ្នះ Howson ត្រឹម​ទឹក​ទី​២​ប៉ុណ្ណោះ​ដោយសារ​កណ្ដាប់​ដៃស្ដាំ និង និង អុក​ជង្គង់​ចំក្បាល​បន្ថែម​ឲ្យ​សន្លប់​ឈឹង​។ Tonna បាន​យកឈ្នះ​តារា​ជើងចាស់ និង​អាច​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​នៅ​ថ្ងៃ​ណាមួយ​។  Tonna បាន​រំលឹកថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ថា​អាច​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​ក្រោយ​ជ័យជម្នះ​ចុងក្រោយ​របស់ខ្ញុំ​។ ខ្ញុំ​មិនមាន​ការសង្ស័យ​អ្វី​ទេ​។ ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្ញុំ និង​ខ្លួនឯង ហើយ​ខ្ញុំ​ចង់បង្ហាញ​អំពី​ស្មារតី​សម្រាប់​ជនជាតិ​អូស្ត្រាលី​»​។ 
 
 
Sam-A ជា​វីរបុរស​នៃ​ក្បាច់គុន​មួយ​ថៃ​។ គេ​ប្រកួត​បាន​ជាង ៤០០ ដង​ក្នុង​អាជីព ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​មាន​ជំនាញ​ទាត់​យ៉ាង​លឿន​បំផុត​ផងដែរ​។ កីឡាករ​ជើងចាស់​មកពី​ក្លិប Evolve បានធ្វើ​ឲ្យ​រង្គើ​នៅ​កម្មវិធី ONE Super Series នៅពេល​គេ​ផ្ដួល Sergio “Samurai” Wielzen  ដើម្បី​គ្រង​ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship​។ ពេល Sam-A របូត​ខ្សែក្រវាត់​ទៅ Jonathan “The General” Haggerty កាល​ខែឧសភា ឆ្នាំ ២០១៩  រូបគេ​ក៏​រំកិល​មក​ប្រកួត ទម្ងន់ Strawweight វិញ​។ 
 


Josh-Tonna-defeats-Andy-Howson-ONE-WARRIORS

​ក្នុង​ប្រកួត​ដំបូង​ពេល​ប្ដូរ​ទម្ងន់ Sam-A បាន​ផ្ដួល​កីឡាករ​បារាំង Daren Rolland ឲ្យ​សន្លប់​ក្នុងការ​ប្រកួត​មួយ​ថៃ​កាល​ខែតុលា ឆ្នាំមុន ហើយ​បន្ទាប់មក​ប្ដូរ​ទៅ​ប្រកួត Kickboxing និង​យកឈ្នះ​កីឡាករ​ចិន “Golden Boy” Wang Junguang ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ដើម្បី​គ្រង​ខ្សែក្រវាត់ ONE Strawweight Kickboxing World Title កាល​ខែធ្នូ​ឆ្នាំមុន​។ ក្រោយមក កីឡាករ​ថៃ​ឈ្នះ Rocky Ogden ដើម្បី​គ្រង​ខ្សែក្រវាត់​ទី​២ ONE Strawweight Muay Thai World Championship​។ 
 
Tonna បាន​ទទួលស្គាល់ថា Sam-A គឺជា​តារា​ជើងចាស់​សម្បូរ​ដោយ​ល្បិច​។ កីឡាករ​អូស្ត្រាលី​គូសបញ្ជាក់ថា ៖«​ខ្ញុំ​មាន​អារម្មណ៍ Daren, Wang, និង Rocky សុទ្ធតែ​ល្អ ប៉ុន្តែ​មិនអាច​ធ្វើ​ឲ្យ Sam-A ចុះចាញ់​បាន ឬ ត្រូវ​ចំណុចខ្សោយ​។ ពួកគេ​អស្ចារ្យ តែ​មិនមែនជា​យប់​របស់គេ​»​។ 
 
​នាពេលនេះ “Timebomb” គ្មានអ្វី​ត្រូវ​គិត​ច្រើន ប៉ុន្តែ​ត្រៀមខ្លួន​ដើម្បី​ឆក់យក​ខ្សែក្រវាត់​បើសិន​មានឱកាស​ជួបគ្នា​។ យ៉ាងណាក្ដី មេរោគ COVID-19 ធ្វើ​ឲ្យ​កីឡាករ​ពិបាក​ហ្វឹកហាត់ និង​រក្សា​កម្លាំង​ដោយសារតែ​ក្លិប​ត្រូវបាន​បិទ​បណ្ដោះអាសន្ន​។ ប៉ុន្តែ​កីឡាករ​អូស្ត្រាលី​នៅតែ​ខំប្រឹង​រក្សា​កម្លាំង​ដើម្បី​ដណ្ដើមយក​ខ្សែក្រវាត់​ពេល​ការប្រកួត​មកវិញ​។ 
 
​វា​គ្មានអ្វី​ត្រូវ​ធានា​ទេ ប៉ុន្តែ Tonna មានការ​តាំងចិត្ត​ខ្ពស់​។ Tonna បង្ហើប​ការតាំង​ចិត្ត​បែបនេះ​៖«​ខ្ញុំ​សូម​ប្រាប់​អ្នក​រឿង​មួយ ខ្ញុំ​បាន​ហ្វឹកហាត់​ដើម្បី​ត្រៀម​ការប្រកួត​យូរ​មកហើយ​ជាមួយ Sam-A​។ ការប្រកួត​នឹង​មកដល់​នៅ​ថ្ងៃ​ណាមួយ ហើយ​ខ្ញុំ​អាច​ឈ្នះ​បាន ដូចដែល​ខ្ញុំ​បាន​យកឈ្នះ Andy Howson អីចឹង​។ ខ្ញុំ​ត្រូវការ​ការប្រកួត​ព្រោះ​ខ្ញុំ​បាន​ត្រៀម​យូរហើយ​។ ខ្ញុំ​បន់​ឲ្យ​ការពិត​មកដល់​»៕ 
 

Tag:
 អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com