ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
រយៈពេល​១១​ថ្ងៃ សមត្ថកិច្ច​ពិន័យ​យានយន្ត​ល្មើស​ជាង​១៩,០០០​ករណី
12, May 2020 , 8:31 pm        
រូបភាព
​ភ្នំពេញ​៖ សមត្ថកិច្ច​បាន​ផាកពិន័យ​យាន្ត​យន្ត​ដែល​ល្មើសច្បាប់​ចំនួន ១៩០០៤​ករណី ក្នុង​រយៈពេល​១១​ថ្ងៃ នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១ ឧសភា​មក​។ ក្នុងចំណោម​យានយន្ត មាន​ម៉ូតូ​ចំនួន​១៤២៧១​ករណី និង​រថយន្ត​ចំនួន​៤៧៣៣​ករណី​។  នេះ​បើតាម​លោក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការអនុវត្ត​រឹតបន្តឹង​ចរាចរណ៍​ផ្លូវគោក នៅ​រសៀល​ថ្ងៃទី​១២ ឧសភា​នេះ​។​


 
​បើតាម លោក ហ៊ឹម យ៉ាន ក្នុងចំណោម​ម៉ូតូ​ដែល​ល្មើស មាន​ជាង​៧៩​ភាគរយ មិន​ពាក់មួក​សុវត្ថិភាព​។ ក្រៅពីនេះ ម៉ូតូ​ដែល​គ្មាន​ស្លាក​លេខ​មាន​ប្រមាណ​១០​ភាគរយ បើកបរ​មិន​គោរព​សញ្ញា​ចរាចរណ៍ ផ្លាកសញ្ញា​ចរាចរណ៍ ស្រវឹង និង​បញ្ហា​ផ្សេងៗ​ជាង​១០​ភាគរយ​។ ចំណែក​រថយន្ត​ល្មើស ប្រមាណ​៤៨​ភាគរយ គឺ​មិន​ពាក់​ខ្សែក្រវាត់​។ ចំណែក​ការ​ល្មើស​ល្បឿន ក៏​ស្ថិតក្នុង​តួលេខ​ខ្ពស់​ដែរ គឺ​ប្រមាណ​២៦​ភាគរយ​។ ក្រៅពីនេះ គឺ​បើកបរ​ល្មើស​សញ្ញា​ចរាចរណ៍ ស្រវឹង ប្រើប្រាស់​ទូរស័ព្ទ និង​គ្មាន​បណ្ណ​បើកបរ​។ 
 
​លោក ហ៊ឹម យ៉ាន បាន​គូសបញ្ជាក់​បន្តថា រយៈពេល​មួយ​សប្ដាហ៍​នេះ​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ គឺ​ដល់​ទៅ​៥២​លើក ឬ​ស្មើនឹង​៥៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ខែឧសភា ឆ្នាំ​២០១៩​។ ដោយឡែក​ចំនួន​អ្នកស្លាប់ បាន​ថយចុះ​១៦​នាក់ ហើយ​អ្នករងរបួស ក៏បាន​ថយចុះ​៥៩​នាក់​ដែរ​៕ 

Tag:
 ចរាចរណ៍
 ផាក
 ពិន័យ
 យានយន្ត
 ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com