ជាតិ
COVID-19៖ កម្ពុជាគ្មានករណីឆ្លងថ្មី៣០ថ្ងៃហើយ ខណៈអ្នកជំងឺនៅសល់តែម្នាក់ប៉ុណ្ណោះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
× ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃទី១៣ ខែឧសភានេះថា មិនមានរកឃើញករណីឆ្លងថ្មីនៃជំងីកូវីដ-១៩ ហើយអ្នកជំងឺដែលនៅសល់តែម្នាក់នោះ ក៏មិនទាន់សះស្បើយដែរ។ គិតមកទល់ពេលនេះ កម្ពុជា គ្មានករណីឆ្លងថ្មី រយៈពេល៣០ថ្ងៃជាប់គ្នាហើយ។
កម្ពុជា រកឃើញអ្នកឆ្លងសរុប១២២នាក់ និងបានជាសះស្បើយចំនួន១២១នាក់ហើយ។ អ្នកសះស្បើយទាំង១២១នាក់ រួមមានជនជាតិខ្មែរចំនួន៥០នាក់, បារាំង ៤០នាក់,ម៉ាឡេស៊ី ១៣នាក់,អង់គ្លេស៥នាក់, ចិន៣នាក់,អាមេរិកាំង២នាក់,វៀតណាម៣នាក់,ឥណ្ឌូណេស៊ី ២នាក់,កាណាដា២នាក់ និងជនជាតិបែលហ្សិក១នាក់។
ចំណែកអ្នកជំងឺ ដែលនៅសល់តែម្នាក់ និងកំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនោះ គឺជាស្ត្រីវ័យ៣៦ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ មីនា។ មូលហេតុដែលគាត់ក្រជាសះស្បើយ គឺដោយសារអ្នកជំងឺរូបនេះ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត។ នេះបើតាមការពន្យល់របស់ក្រសួងសុខាភិបាល កាលពីពេលកន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com