កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍រ​ត់​ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​សៀមរាប បន្ត​ទទួល​ចុះឈ្មោះ​ធម្មតា​
13, May 2020 , 10:52 am        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្តសៀមរាប បន្ត​ទទួល​ចុះឈ្មោះ​អ្នកចូលរួម​ធម្មតា ទោះបី​បច្ចុប្បន្ន​ដំណើរការ​នៃ​ការប្រព្រឹត្ត​ស្ថិតក្នុង​ភាពស្រពេចស្រពិល​ក៏ដោយ​។ មកទល់ពេលនេះ មាន​ព្រឹត្តិការណ៍​រត់ប្រណាំង​លំដាប់​អន្តរជាតិ​ពីរ​ហើយ ត្រូវបាន​ផ្អាក​ដំណើរការ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​(​កូ​វីដ​-១៩)​។

 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន អះអាងថា មកទល់ពេលនេះ​មិនទាន់មាន​ការសម្រេច​ណាមួយ​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្តសៀមរាប​នោះទេ​។ ពោលគឺ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ នៅ​បន្ត​ទទួល​ចុះឈ្មោះ​អ្នកចូលរួម​ដូច​ធម្មតា​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន Thmey Thmey កាលពីពេល​ថ្មីៗ លោក វ៉ា​ត់ ចំរើន ដែលជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ផងដែរ​នោះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្តសៀមរាប យើង​ទុក​មើល​សភាព​ការ​សិន នៅក្នុង​ខែមិថុនា ឬ​ខែកក្កដា យើង​នឹង​ប្រកាស​ពី​ការផ្អាក ឬ​បន្តដំណើរ​រៀបចំ​នៃ​ព្រឹត្តិការណ៍​នេះ​»​។  
 
​ព្រឹត្តិការណ៍​នេះ ជា​សមិទ្ធផល​កីឡា​ទេសចរណ៍​ធំជាងគេ​នៅ​កម្ពុជា ដែល​អាច​ទាក់ទាញ​អ្នករត់​ជាតិ និង​អន្តរជាតិ​រាប់ម៉ឺន​នាក់​ឲ្យ​ចូលរួម​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៩ ព្រឹត្តិការណ៍​នេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​ចំនួន​១០,៥០០​នាក់ ដោយ​ពួកគេ​មកពី​៧៨​ប្រទេស​ទូទាំង​ពិភពលោក​។​
 
​ក្នុងករណី​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ផ្អាក វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នោះទេ វិស័យសេដ្ឋកិច្ច​ក៏​រង​ផលប៉ះពាល់​ផងដែរ​។ ដ្បិត​ទាំង​រដ្ឋ និង​ប្រជាពលរដ្ឋ ដែល​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​សៀ​បរាប ត្រូវ​ប្រឈម​បាត់បង់​ប្រាក់ចំណូល​រប​ស់​ខ្លួន​។ អ្នក​ដែល​អាច​រង​ផលប៉ះពាល់​ខ្លាំងជាងគេ គឺ​អ្នក​ប្រកប​អាជីវកម្ម​ផ្នែក​សណ្ឋាគារ ផ្ទះសំណាក់ ភោជណីយដ្ឋាន និង​សេវាកម្ម​ផ្សេងៗ​។ 
 
​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺធ្វើឡើង​ដើម្បី​ប្រមូល​ថវិកា​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​នានា និង​ជួយ​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ថែរក្សា ការពារ​បរិស្ថាន​បៃតង​ក្នុង​បរិវេណ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​។ ការទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក៏​ជា​គោលបំណង​ផងដែរ​។ បើ​គ្មាន​ការប្រែប្រួល​ទេ​ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ នៅ​បរិវេណ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​ក្នុង​ខេត្តសៀមរាប​។ 
 
​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​បានសម្រេច​ផ្អាក​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ធំៗ​ចំនួន​ពីរ​រួមមាន​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ភ្នំពេញ ដែល​គ្រោង​ធ្វើឡើង​នា​អំឡុង​ខែមិថុនា និង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​នៅ​ខេត្តសៀមរាប​នា​អំឡុង​ខែសីហា​ឆ្នាំ​២០២០៕ 
 
 

Tag:
 រត់ប្រណាំង​
  ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com