កីឡាជាតិ
ជាតិ
អាង​ហែល​ទឹក​តម្លៃ​ជិត​២​លាន​ដុល្លារ​នៅ​ខេត្តបាត់ដំបង សាងសង់​បាន​៦០​ភាគរយ​ហើយ​
13, May 2020 , 7:19 pm        
រូបភាព
អាងហែលទឹកខេត្តបាត់ដំបងសាងសង់បាន៦០ភាគរយហើយ
អាងហែលទឹកខេត្តបាត់ដំបងសាងសង់បាន៦០ភាគរយហើយ
ដោយ:
 ​អាង​ហែល​ទឺ​ក​ស្តង់ដា​អន្តរជាតិ​នៅ​ខេត្តបាត់ដំបង នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ​ខាង​នេះ ខណៈ​បច្ចុប្បន្ន​ការសាងសង់​សម្រេចបាន​ប្រមាណ​៦០​ភាគរយ​។ នេះ​បើតាម​ការវាយតម្លៃ​រប​ស់លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ​ដំណើរការ​សាងសង់​ផ្ទាល់​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ នេះ​។ អាង​ហែល​ទឹក​នេះ នឹង​បញ្ចប់​ការសាងសង់​តាម​ការគ្រោងទុក​។

 
​គ្រោង​អាង​ហែល​ទឹក អាង​លោតទឹក និង​អាង​សម្រាប់​កម្តៅ​សាច់ដុំ រួមជាមួយ​គ្រោង​អគារ​នៃ​អាង​ហែល​ទឹក​ខេត្តបាត់ដំបង បានបញ្ចប់​ស្ទើរ​១០០​ភាគរយ​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដែល​បាន​វាយតម្លៃថា ការសាងសង់​ទាំងមូល​សម្រេចបាន​ប្រមាណ​៦០​ភាគរយ​។ 
 
«​ការងារ​ដែល​សម្រេច​រួមទាំង​អស់ យើង​អាច​វាយតម្លៃ​បាន​ថា សម្រេចបាន​៦០​ភាគរយ​ហើយ​។ ការរំពឹងទុក​របស់​ក្រុមហ៊ុន​សាងសង់ គឺថា ការ​ទាំងអស់​ពុំមាន​បញ្ហា​ចោទ ឬ​ឧបសគ្គ​នោះទេ ហើយ​ការសាងសង់​អាច​បញ្ចប់​ជា​ស្ថាពរ​ទៅតាម​ពេលវេលា​កំណត់ ឬ​មុន បើសិន​គ្មាន​បញ្ហា​រាំងស្ទះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហែម គី​រី ដែល​អះអាងថា រាល់​ទុយោ​ដែល​បាន​បង្កប់​ក្នុង​អាង​ហែល​ទឹក មាន​គុណភាព​ស្របតាម​ស្តង់ដា​អន្តរជាតិ​។ 
 
​ពាក់ព័ន្ធ​ការចំណាយ​លោក ហែម គី​រី បាន​បញ្ជាក់ថា ការសាងសង់​អាង​ហែល​ទឹក​នៅ​ខេត្តបាត់ដំបង​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​២​លាន​ដុល្លារ ដែលជា​ថវិកាបដិភាគ​របស់លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដែល​ទទួលបាន​ពី​សប្បុរសជន​នានា​។ លោក​បាន​បន្ថែមថា ការសាងសង់​គ្រោង​ចំណាយ​ពេលវេលា​២៤​ខែ​។​
 
​អាង​ហែល​ទឹក​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ដោយ​ស្ថិតនៅ​ទី​រួម​ខេត្តបាត់ដំបង​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង​៕ 
 





Tag:
 ហែល​ទឹក​
  ហែម គី​រី​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com