ជាតិ
សង្គមជាតិ
រដ្ឋាភិបាល មាន​គម្រោង​សង់​ព្រលានយន្តហោះ​មួយ​នៅ​ខេត្តមណ្ឌលគិរី
13, May 2020 , 8:19 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​លោក ស្វាយ សំអ៊ាង ​អភិបាលខេត្តមណ្ឌល​គីរី  នា​កិច្ច​ប្រជុំ​ស្តីពី​សិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្ត​មណ្ឌលគីរី​
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​លោក ស្វាយ សំអ៊ាង ​អភិបាលខេត្តមណ្ឌល​គីរី នា​កិច្ច​ប្រជុំ​ស្តីពី​សិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្ត​មណ្ឌលគីរី​
ដោយ:
​ភ្នំពេញ​៖ ខេត្ត​មណ្ឌល​គី​រី នឹងមាន​ព្រលានយន្តហោះ​មួយ សម្រាប់​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ក្នុងស្រុក ដំនាំ​កសិផល និង​ទំនិញ​នានា​ក្នុងស្រុក និង​ទៅ​បណ្តា​ប្រទេស​មួយចំនួន​។​នេះ​បើតាម​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី  ដែល​ត្រូវបាន​បញ្ជា​ក់ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។ ដ្បិត​វា ស្ថិតនៅក្នុង​ផែនការ ប៉ុន្តែ​លោក ថោង ខុន សម្រួល​ដល់​ការដឹកជញ្ជូន​ភ្ញៀវទេសចរ កសិផល និង​ទំនិញ​ឆ្លងទៅ​គ្រប់​ខេត្ត និង​គ្រប់​ប្រទេស​

 
​ទាក់ទង​នឹង​ទីតាំង ទំហំ​ដី និង​ដើមទុន សម្រាប់​សាងសង់ គឺ​កំពុងតែ​សិក្សា តាម​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែល​រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​នេះ ឲ្យ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​អភិបាលខេត្ត និង​អន្តរក្រសួង​ដទៃទៀត ជា​អ្នកចាត់ចែង​គម្រោង​មួយ​នេះ​។ 
 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានកំណត់​ថា​នឹង​សង់​ព្រលានយន្តហោះ​មួយ​នៅ​ខេត្តមណ្ឌលគិរី ដើម្បី​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍ និង​អ្នកដំណើរ​ពី​តំបន់​ទេសចរណ៍​ធំៗ​ដូចជា​ភ្នំពេញ​,​សៀមរាប និង​តំបន់​ឆ្នេរសមុទ្រ​ជាដើម​។ លោ ក ថោង ខុន បញ្ជាក់​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១១ ឧសភា​កន្លងទៅ​។ 
 
​បើតាម​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ ដែលជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ផង​នោះ បាន​បន្តថា ទៅ​អនាគត ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី​នេះ អាច​ត្រូវ​ប្រើប្រាស់​ជា​ព្រលានយន្តហោះ​ក្នុង​តំបន់ ត​ភ្ជាប់​ខេត្តមណ្ឌលគិរី ទៅ​គោលដៅ​ទេសចរណ៍​នៅ​ប្រទេសជិតខាង ដូចជា ថៃ វៀតណាម និង​ឡាវ និង​ទីក្រុង​សំខាន់ៗ​មួយចំនួនទៀត​របស់​អាស៊ាន និង​ហួស​ទៅដល់​ទីក្រុង​សំខាន់ៗ​របស់​ចិន​ផងដែរ​។​


ទិដ្ឋភាព​​នៅ​ខេត្ត​មណ្ឌលគីរី រូបភាពពីក្រសួង​ទេសចរណ៍
 
​ដើម្បី​ឲ្យ​គម្រោង​នេះ​ជោគជ័យ លោក ថោង ខុន បាន​លើកឡើងថា ក្រសួង​នឹង​សហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត ក៏ដូចជា​ជំរុញ​លើ​ការកសាង​ផ្លូវ​ច្រកទ្វារព្រំដែន សម្រាប់​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ និង​ការដឹកជញ្ជូន​កសិផល និង​ទំនិញ​របស់​ពលរដ្ឋ​ទៅកាន់​ប្រទេសជិតខាង ពិសេស​ទៅ​ប្រទេស​វៀតណាម​។​
 
​បើតាម​ក្រសួងទេសចរណ៍ ខេត្ត​មណ្ឌល​គី​រី មាន​តំបន់​ទេសចរណ៍​សក្តានុពល​ប្រមាណ​៣៩​កន្លែង តំបន់​ទាំងនោះ​ភាគច្រើន ជា​តំបន់​ទឹកជ្រោះ ទឹកធ្លាក់​ធម្មជាតិ តំបន់​វប្បធម៌​ជនជាតិដើម​ភាគតិច ដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ ជ្រលង​ដងអូរ ភ្នំ​ធម្មជាតិ​។ ក្រៅពី​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី ក៏មាន​វិស័យ​សក្តានុពល​ខ្ពស់ ផ្នែក​សិ​កម្ម​ផងដែរ ពិសេស​ការដាំដុះ​បន្លែ​សរីរាង្គ​៕
 
 

Tag:
 ព្រលានយន្តហោះ​
 ​មណ្ឌល​គី​រី​
 ​ភ្ញៀវទេសចរ​
 ​ទំនិញ​
 ​កសិផល​
 ​មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com