COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Amiens ប្តឹងតវ៉ាចំពោះការកាត់ខ្លួនចេញពី Ligue 1 ទាំងពាក់កណ្តាលទី Amiens
× ក្លិប Amiens បានចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ ដើម្បីប្តឹងតវ៉ាចំពោះការសម្រេចកាត់ចោលក្រុមខ្លួន ទៅលីគលំដាប់ទីពីរ ក្រោយលីគកំពូលបារាំង Ligue 1 រំសាយរដូវកាល ២០១៩-២០ នេះចោលពាក់កណ្តាលផ្លូវ ដោយសារវិបត្តិ COVID-19។
លីគកីឡាបាល់ទាត់អាជីពបារាំង (LFP) សម្រេចឲ្យក្របខណ្ឌ Ligue 1 និង Ligue 2 រដូវកាល ២០១៩-២០ ត្រូវបញ្ចប់ក្រោយនាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានប្រកាសពីផែនការដើម្បីការពារជំងឺឆ្លង COVID-19 ដោយបិទប្រទេសរហូតដល់ថ្ងៃទី១១ ខែឧសភា។
ក្រោយសម្រេចរំសាយលីគ ក្រុមការពារជើងឯក Paris Saint-Germain ដែលមានពិន្ទុច្រើនជាងគេ ត្រូវបានប្រកាសឲ្យក្លាយជាម្ចាស់ពានរង្វាន់ Ligue 1 ខណៈ Amiens និង Toulouse ត្រូវធ្លាក់ទៅកាន់លីគកម្រិតទីពីរបារាំង នៅរដូវកាលក្រោយ។ ការសម្រេចនេះ ធ្វើឲ្យក្រុមមួយចំនួនដូចជា Amiens ខកចិត្តដ្បិតត្រូវកាត់ចោល និងខ្លះមិនបានលេងក្របខណ្ឌអឺរ៉ុប ហើយពួកគេពិចារណាដោះស្រាយតាមផ្លូវច្បាប់។
Amiens ឈរនៅលេខរៀងទី១៩ ក្នុងតារាង Ligue 1 ដោយរកបាន២៣ពិន្ទុ ពីការប្រកួត២៨លើក តាមពីក្រោយក្រុម Nimes ដែលនៅចំណាត់ថ្នាក់ទី១៨ ចំនួន៤ពិន្ទុ និងនាំមុខក្រុមបាតតារាង Toulouse ដល់ទៅ១០ពិន្ទុ ខណៈនៅសល់១០ប្រកួតទៀតឯណោះ ទើបបញ្ចប់រដូវកាលនេះ។
លោក Bernard Joannin ប្រធានក្លិប Amiens អះអាងថា នឹងប្តឹងតវ៉ាប្រឆាំងការសម្រេចចិត្តដ៏អយុត្តិធម៌នេះ។ លោកនិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖«យើងឃើញថាការសម្រេចនេះប្រឆាំងនឹងភាពយុត្តិធម៌នៃកីឡា។ ការសម្រេចចិត្តនេះ ជាការដាក់ទណ្ឌកម្មពីលីគ។ វាអយុត្តិធម៌ណាស់។ យើងត្រូវតែចូលដល់តុលាការ ដើម្បីប្រឆាំងសេចក្តីសម្រេចដ៏អយុត្តិធម៌នេះ»។
កាលពីដើមខែឧសភានេះ ក្លិប Amiens បានដាក់ញត្តិមួយ ដើម្បីស្នើឲ្យគណៈគ្រប់គ្រង LFP ពិចារណាឡើងវិញ អំពីការសម្រេចចិត្តកាត់ក្រុមចេញ ដោយផ្តល់យោបល់ថា គួរមានក្រុមចំនួន២២ ជំនួសឲ្យ២០ក្រុម ដើម្បីប្រជែងគ្នានៅក្របខណ្ឌកំពូល ក្នុងរដូវកាល ២០២០-២១។ នេះមានន័យថា Lorient និង Lens ក៏មានវត្តមាននៅ Ligue 1 ដែរ បន្ទាប់ពីឡើងពីលីគទីពីរ។ យ៉ាងណាក៏ដោយ សំណើនេះមិនមានការឆ្លើយតប ពីសំណាក់ LFP ឡើយ៕
Tag:
Amiens
COVID-19
Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com