ជាតិ
សង្គមជាតិ
ស្នងការ​រាជធានី​ភ្នំពេញ​៖ សមត្ថកិច្ច​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ពលរដ្ឋ ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​
13, May 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ សមត្ថកិច្ច​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ នេះ​ជាការ​រំឭក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ជំរុញ​ឱ្យ​មន្ត្រី​ខ្លួន​បំពេញ​តួនាទី​ឱ្យបាន​ត្រឹមត្រូវ​។​
 
​ស្នងការ​រាជធានី​ភ្នំពេញ បាន​ណែនាំ​ទៅកាន់​មន្ត្រី​ខ្លួន​ថា សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​ពាក់មួក​សុវត្ថិភាព និង​ពាក់​ខ្សែក្រវ៉ាត់ រួមទាំង​មិនត្រូវ​និយាយ​ទូរស័ព្ទ​ក្នុងពេល​បើកបរ​រថយន្ត ឬ​ម៉ូតូ​ឡើយ លើកលែងតែ​ការនិយាយ​ទូរ​សព្ទ​នោះ​ប្រើ​កាស​។ ជាពិសេស​យានជំនិះ​ត្រូវតែមាន​ស្លាក​លេខ​តែម្ដង​។ 
 
​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖« ក្នុងករណី​ដែល​សមត្ថកិច្ច បើកបរ​ល្មើសច្បាប់​ចរាចរណ៍ នឹងត្រូវ​ផាកពិន័យ​តាមច្បាប់​ស្មើភាព​ជាមួយ​ប្រជាពលរដ្ឋ​ទូទៅ​»​។​
 
​សម្រាប់​មន្ត្រីនគរបាល​ចរាចរណ៍​ណា ដែល​អនុវត្ត​លើស​គោលការណ៍​ណែនាំ ដូចជា​ការប្រើប្រាស់​សម្តី និង​អាកប្បកិរិយា​មិន​សមរម្យ​នោះ ពួកគេ​នឹងត្រូវ​រង​ការដាក់វិន័យ ឬ​ទទួល​ការអប់រំ​ផងដែរ​។ នេះ​បើតាម​លោក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​កន្លងមក​។​
 
​រយៈពេល​១១​ថ្ងៃ នៃ​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ នគរបាល​ចរាចរណ៍ បាន​ឃាត់​យន្ត​យន្ត ប្រមាណ​ជិត​២​ម៉ឺន​គ្រឿង ដោយ​ក្នុងនោះ ទោចក្រយានយន្ត​និង​ត្រីចក្រយានយន្ត មាន​ជាង​១,៤​ម៉ឺន​គ្រឿង ហើយ​រថយន្ត មាន​ជាង​៤​ពាន់​គ្រឿង​។ នេះ​បើតាម​លោក ហ៊ឹម យ៉ាន ស្នងការរង​នគរបាលជាតិ ដែល​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោក​។​
 
​លោក ហ៊ឹម យ៉ាន់ បាន​បន្ថែមទៀតថា ចាប់តាំងពី​អនុវត្ត​វិធានការ​រឹតបន្តឹង​ចរាចរណ៍​មក ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍ ក៏បាន​ថយចុះ​ជិត​៦០​ភាគរយ ខណៈ​អត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ​៤០​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៃ​ខែឧសភា ឆ្នាំ​២០១៩​។​
​នគរបាល​ចរាចរណ៍​បានកំណត់​យក​បទល្មើស​អាទិភាព ដើម្បី​អនុវត្ត​លើ​បទល្មើស​ចរាចរណ៍ រួមមាន​៖ ល្បឿន​, មិន​ពាក់មួក​សុវត្ថិភាព​, ស្រវឹង​, មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​, ល្មើស​ការបត់ និង​វ៉ា​ជែង​, ដឹក​លើ​ចំណុះ​, គ្មាន​ស្លាក​លេខ​, គ្មាន​បណ្ណ​បើកបរ​, ប្រើប្រាស់​ទូរស័ព្ទ​ដោយ​គ្មាន​កាស និង​និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​។​
 
​រីឯ​ការផាកពិន័យ​អន្តរការណ៍​នៃ​ច្បាប់​ចរាចរណ៍ ដែល​រដ្ឋាភិបាល​កំពុង​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​នេះ វា​មាន​ទំហំ​ទឹកប្រាក់​ចាប់ពី​៦​ម៉ឺន​រៀល រហូត​ទៅដល់​ជាង​២​លាន​រៀល អាស្រ័យ​តាម​ប្រភេទ​បទល្មើស​ចរាចរណ៍​។ ទំហំ​នៃ​ការផាកពិន័យ​នេះ វា​មានការ​កើនឡើង​ពី​៣ ទៅ​៥​ដង បើ​ធៀប​នឹង​ទំហំ​ទឹកប្រាក់​ផាកពិន័យ​ចាស់ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com