COVID-19
អន្តរជាតិ
លោកយាយអាយុ១១៣ឆ្នាំនៅអេស្ប៉ាញ ជាសះស្បើយពីជំងឺCOVID-19 មន្ទីរពេទ្យនៅអេស្ប៉ាញ។រូបភាពAFP
× ស្ត្រីវ័យ១១៣ឆ្នាំ ដែលគេជឿថាជាមនុស្សដែលមានវ័យចំណាស់ជាងគេនៅអេស្ប៉ាញ បានជាសះស្បើយពីជំងឺCOVID-19ហើយ ខណៈមនុស្សចាស់ជាច្រើននាក់នៅក្នុងផ្ទះថែទាំអ្នកចូលនិវត្តបានស្លាប់ដោយសារជំងឺនេះ។
លោកយាយ Maria Branyas ដែលកើតនៅសហរដ្ឋអាមេរិក បានឆ្លងជំងឺCOVID-19ក្នុងខែមេសា នៅផ្ទះថែទាំមនុស្សចាស់ Maria del Tura ភាគខាងកើតទីក្រុង Olot ដែលជាកន្លែងដែលលោកស្រីរស់នៅជាង២០ឆ្នាំមកហើយ។ នៅពេលដឹងថាមានជំងឺCOVID-19 លោកយាយ Branyas ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកដើម្បីព្យាបាលជំងឺ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP អ្នកនាំពាក្យកន្លែងមើលថែមនុស្សចូលនិវត្តន៍ បានអះអាងថា គាត់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អ។ ដោយបន្ថែមទៀតថា គាត់មានអារម្មណ៍ល្អ ហើយបានធ្វើតេស្តកាលពីសប្តាហ៍មុនដោយចេញលទ្ធផលអវិជ្ជមាន។
លោកយាយអាយុ១១៣ឆ្នាំ Branyas ដែលមានកូនបីអ្នក ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកជាច្រើនសប្តាហ៍ និងមានអ្នកធ្វើការម្នាក់ទៅពិនិត្យសភាពរបស់លោកស្រី។ លោកយាយកើតនៅថ្ងៃទី០៤ មីនា ឆ្នាំ១៩០៧ បន្ទាប់មករស់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីកូ ។ គ្រួសារលោកយាយ មករស់នៅអេស្ប៉ាញអំឡុងពេលសង្គ្រាមលោកលើកទី២ លោកយាយរស់ឆ្លងកាត់ជំងឺផ្តាសាយអេស្ប៉ាញ និងសង្គ្រាមស៊ីវិលអេស្ប៉ាញពីឆ្នាំ១៩៣៦ដល់១៩៣៩។
អេស្ប៉ាញ ជាប្រទេសមួយដែលរងគ្រោះខ្លាំងដោយសារជំងឺCOVID-19។ យោងតាមតួរលេខរបស់ក្រសួងសុខាភិបាល ចំនួនអ្នកស្លាប់ដោយសារជំងឺCOVID-19 មានចំនួនជាង២ម៉ឺន៧ពាន់នាក់។ គួរបញ្ជាក់ផងដែរថា នៅអេស្ប៉ាញ ក៏ដូចជានៅក្នុងអឺរ៉ុបជាទូទៅ មនុស្សវ័យចំណាស់ជាអ្នកឆាប់រងគ្រោះ ហើយជំងឺCOVID-19នេះបានឆក់យកជីវិតមនុស្សវ័យចំណាស់ជាច្រើនដែលរស់នៅក្នុងផ្ទះសម្រាប់អ្នកចូលនិវត្តន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com