ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកាចំនួន៥០លានដុល្លារ សម្រាប់ជួយដោះស្រាយបញ្ហាវិនិយោគរបស់សហគ្រាសធុនតូច និងមធ្យម(SME) ដែលធ្វើការលើវិស័យកសិកម្ម ក្នុងគ្រាដែលកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩(COVID-19) កាលពីថ្ងៃទី១៦មីនា ឆ្នាំ២០២០ មក។ ថវិកា៥០លានដុល្លារនេះ គឺផ្តល់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដោយម្ចាស់សហគ្រាសអាចខ្ចីបាន រយៈពេល២ឆ្នាំ សម្រាប់យកធ្វើជាទុនបង្វិល និងទុនវិនិយោគ មានរយៈពេល៥ឆ្នាំ ក្នុងអត្រាការប្រាក់៦ភាគរយ។ ប៉ុន្តែសហគ្រិនក្នុងវិស័យនេះ កំពុងសិក្សាពីលទ្ធភាពខ្ចីប្រាក់ និងស្នើរដ្ឋាភិបាល ឱ្យទម្លាក់អត្រាការនៅត្រឹម៥ភាគរយ និងពន្យារពេលសងត្រឡប់ទៅវិញ ចាប់ពី៦ទៅ៨ឆ្នាំឡើងទៅ។
ម្ចាស់សហគ្រាសធុនតូច និងមធ្យម យល់ឃើញថា ឥណទានដែលធនាគារអភិវឌ្ឍន៍ជនបទ ផ្តល់ឱ្យពួកគេ ក្នុងអត្រាការប្រាក់៦ភាគរយក្នុងមួយឆ្នាំ សម្រាប់ដោះស្រាយបញ្ហានានាក្នុងចង្វាក់ផលិតកម្មនោះ គឺនៅតែមានអត្រាខ្ពស់។ ម្ចាស់សហគ្រាសដែលធ្វើការក្នុងវិស័យកសិកម្ម បានសង្កត់ធ្ងន់ថា លក្ខខណ្ឌឬបែបបទនៃការដាក់ទ្រព្យបញ្ចាំ ដើម្បីខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទគឺពិបាក ខណៈពេលវេលានៃការសងប្រាក់ត្រឡប់ទៅវិញ មានរយៈពេលខ្លី សម្រាប់លទ្ធភាពយកទៅប្រើប្រាស់ពង្រីកអាជីវកម្មឱ្យរីកចម្រើន។
ជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង នៅខេត្តកំពង់ធំ អ្នកស្រី អ៊ិន ឡៃហួត ទទួលស្គាល់ថា អត្រាការប្រាក់៦ភាគរយក្នុងមួយឆ្នាំ របស់ធនាគារអភិវឌ្ឍន៍ជនបទនេះ គឺទាបជាងទីផ្សារនៃធនាគារឯកជន។ ប៉ុន្តែដោយសារកម្ពុជា កំពុងជួបវិបត្តិសេដ្ឋកិច្ចព្រោះតែកូវីដ-១៩នោះ វាធ្វើឱ្យអ្នកស្រី អ៊ិន ឡៃហួត ពិបាកសម្រេចដាក់ពាក្យស្នើសុំខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទ យកមកប្រើប្រាស់ដែរ ។ នោះក៏ព្រោះតែអ្នកស្រី ឡៃហួត យល់ឃើញថា អត្រាការប្រាក់៦ភាគរយ ក្នុងបរិបទកូវីដ១៩នេះ គឺនៅតែខ្ពស់។ ម្ចាស់សិប្បកម្មរូបនេះ កំពុងសិក្សាពីលទ្ធភាពនៃអាវជីកម្មរបស់ខ្លួន ដើម្បីស្នើសុំកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ ក្នុងទំហំទឹកប្រាក់២០ម៉ឺនដុល្លារ ដើម្បីដោះស្រាយការកកស្ទះផលិតផល និងពង្រីកអាជីវកម្មខ្លួនបន្ថែម។
«ការប្រាក់៦ភាគរយក្នុងមួយឆ្នាំ សម្រាប់អាជីវកម្មយើងរាល់ថ្ងៃនេះ គឺនៅតែខ្ពស់ដែរ។ ចំណូលនៃការលក់រាល់ថ្ងៃរបស់យើង គឺវាអត់បាន ហើយផលិតផលយើង គឺមានតម្លៃថោកជាងឆ្នាំមុនៗ»។ នេះបើតាមអ្នកស្រី ឡៃហួត ដែលបានបន្ថែមថា ការប្រាក់៦ភាគរយក្នុងមួយឆ្នាំ គឺនៅតែច្រើនសម្រាប់អាជីវកម្មមួយ ដែលបាត់ចំណូលស្ទើទាំងស្រុង។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរូបនេះ បានបន្តថា តាំងដើមឆ្នាំ២០២០មក ពិភពលោក និងកម្ពុជា ជួបនូវជំងឺកូវីដ-១៩ ទើបធ្វើឱ្យគ្រាប់ស្វាយចន្ទីដែលកែច្នៃរួច គឺបោះដុំលក់បានតែតម្លៃ១៣ដុល្លារ ក្នុងមួយគីឡូក្រាម ពោលគឺធ្លាក់ចុះ២ដុល្លារ បើធៀបនឹងឆ្នាំ២០១៩ ដែលមានតម្លៃ១៥ដុល្លារក្នុងមួយគីឡូក្រាម។ អ្នកស្រីបានបន្តថា គ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ លក់ចេញបានតម្លៃទាបហើយ ថែមទាំងចំណាយលើបុគ្គលិកកើនឡើង ដោយសារថ្លៃឈ្នួលបុគ្គលិកម្នាក់ កើនពី២០,០០០ ទៅ២៥,០០០រៀល ក្នុងមួយថ្ងៃ។ រីឯការចំណាយថ្លៃលើវត្ថុធាតុដើមពីកសិករ គឺនៅរក្សាដដែល។
មិនត្រឹមតែអត្រាការប្រាក់នៅខ្ពស់ទេ សូម្បីតែរយៈពេលសងត្រឡប់ ចន្លោះពី២ ទៅ៥ឆ្នាំ នៅក្នុងលក្ខខណ្ឌរបស់ធនាគារអភិវឌ្ឍន៍ជនបទនោះ ក៏ធ្វើឱ្យលោកស្រី អ៊ិន ឡៃហួត យល់ថា ពិបាកប្រើប្រាស់ ដោះស្រាយអាជីវកម្មដែរ។ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីវ័យ៤៤ឆ្នាំរូបនេះ និយាយថា៖«គម្រោងសងប្រាក់ត្រឡប់វិញ ២ទៅ៥ឆ្នាំនោះ គឺរយៈពេលខ្លីណាស់សម្រាប់ខ្ញុំ។ ពេលវេលានេះ ខ្ញុំរកប្រាក់បាន គឺគ្រាន់សម្រាប់តែសងធនាគារអភិវឌ្ឍន៍ជនបទវិញប៉ុណ្ណោះ ប៉ុន្តែខ្ញុំអត់មានអ្វីសល់ សម្រាប់ពង្រីកអាជីវកម្មឱ្យរីកធំទៅមុខបានទេ»។
ម្ចាស់សិប្បកម្ម «ម្នាស់ទឹកឃ្មុំ» នៅខេត្តស្ទឹងត្រែង លោក សាយ ពន្លឺចិត្តករុណា ក៏យល់ឃើញពីបញ្ហាអត្រាការប្រាក់ និងរយៈពេលសងត្រឡប់ទៅវិញ ក្នុងបរិបទសេដ្ឋកិច្ចកម្ពុជា ប្រឈមមុខនឹងជំងឺកូវីដ១៩ដែរ។ ទាំងលោកស្រី អ៊ិន ឡៃហួត និងលោក សាយ ពន្លឺចិត្តករុណា សុទ្ធស្នើសុំឱ្យធនាគារអភិវឌ្ឍន៍ជនបទ ទម្លាក់ការប្រាក់មកត្រឹម៥ភាគរយ ក្នុងមួយឆ្នាំ ហើយពន្យារពេលសងត្រឡប់វិញ ចាប់ពី៦ទៅដល់៨ឆ្នាំ ដើម្បីងាយស្រួលដល់លទ្ធភាពសងប្រាក់វិញ ហើយថែមទាំងអាចពង្រីកអាជីវកម្មបានល្អប្រសើរទៀតផង។
លោក សាយ ពន្លឺចិត្តករុណា ម្ចាស់សិប្បកម្ម «ម្នាស់ទឹកឃ្មុំ» នៅខេត្តស្ទឹងត្រែង បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)តាមទូរសព្ទថា៖«ខ្ញុំសុំពេលសងប្រាក់ត្រឡប់វិញពីធនាគារអភិវឌ្ឍន៍ជនបទ ឱ្យបាន៦ឆ្នាំឡើងវិញ គឺល្អ។ ក្នុងរយៈពេល៦ឆ្នាំ នៃការសង់ប្រាក់ត្រឡប់ទៅវិញនេះ បើការប្រាក់អាចចុះនៅត្រឹម៥ភាគរយ គឺកាន់តែប្រសើរ សម្រាប់ខ្ញុំដែលធ្វើសិប្បកម្ម នៅតំបន់ដាច់ស្រយាល»។
មូលហេតុដែលលោក ពន្លឺចិត្តករុណា លើកឡើងបែបនេះ ដោយសម្អាងថា ការដាំម្នាស់ គឺខុសពីដំណាំផ្សេងៗ។ បើតាមលោក ករុណា ស្វាយមួយឆ្នាំឱ្យផលបាន២ដង ប៉ុន្តែម្នាស់ដាំរហូត១ឆ្នាំ៤ខែ ទើបអាចប្រមូលផល។ ដូច្នេះពេលវេលាដែលធនាគារអភិវឌ្ឍន៍ជនបទ បានកំណត់ក្នុងគម្រោងសង់ប្រាក់ត្រឡប់ទៅវិញ ក្នុងរយៈពេល២ទៅ៥ឆ្នាំ គឺខ្លីណាស់សម្រាប់សិប្បកម្មម្នាស់ទឹកឃ្មុំនេះ។
ពាក់ព័ន្ធនឹងអត្រាការប្រាក់៦ភាគរយក្នុងមួយឆ្នាំ របស់ធនាគារអភិវឌ្ឍន៍ជនបទ គឺជាកញ្ចប់ថវិកាឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដែលជួយចេញខាតពី៣ ទៅ៤ភាគរយទៅហើយ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបវិបត្តិដោយសារកូវីដ-១៩ ។ នេះជាលើកឡើងរបស់ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ដោយបញ្ជាក់ថា រវាងការប្រាក់៥ភាគរយ និង៦ភាគរយក្នុងមួយឆ្នាំ គឺមិនជាគម្លាតខុសគ្នាធំនោះទេ សម្រាប់ម្ចាស់សហគ្រាស ប៉ុន្តែអ្វីដែលសំខាន់ គឺនៅត្រង់ម្ចាស់សហគ្រាស អាចមានលទ្ធភាពទទួលបានកម្ចីរបស់រដ្ឋាភិបាលនេះដែរ ឬអត់។
លោក កៅ ថាច បាននិយាយដូច្នេះ៖« បើខ្ញុំទម្លាក់អត្រាការប្រាក់នៅត្រឹម៥ភាគរយ ក្នុងមួយឆ្នាំ តើពួកគាត់មានសមត្ថភាពមកខ្ចី ឬ អត់។ អ្នកដែលមកខ្ចីហ្នឹងភាគច្រើន គឺពួគគាត់គ្មានទ្រព្យបញ្ចាំ និងគ្មានរបាយការណ៍ហិរញ្ញវត្ថុ និងគ្មានផែនការអាជីវកម្មបានច្បាស់លាស់ឡើយ។ ដូច្នេះហើយ ទោះធនាគារអភិវឌ្ឍន៍ជនបទ ទម្លាក់ការប្រាក់នៅត្រឹម៤ ឬ៥ភាគរយ ក៏ម្ចាស់សហគ្រាសទាំងនោះ គ្មានសមត្ថភាពទទួលបានកម្ចីនេះដែរ»។
ម្ចាស់សិប្បកម្មម្នាស់ទឹកឃ្មុំ ដែលមានផ្ទៃដីដាំដុះជាង១០ហិកតា ក្នុងឃុំអូរឫស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោក ពន្លឺចិត្តករុណា មានបំណងស្នើសុំកម្ចីថវិកាពីធនាគារអភិវឌ្ឍន៍ជនបទ ចំនួន១៥ម៉ឺនដុល្លារ ដើម្បីបង្វិលទុន និងពង្រីកអាជីវកម្មបន្ថែម។ ប៉ុន្តែលោក មានបញ្ហាមួយដែលពាក់ព័ន្ធនឹងទ្រព្យបញ្ចាំ។ នោះក៏ព្រោះតែដី១០ហិកតា ដែលលោក ករុណា បង្កើនផលកសិកម្មនេះ គឺជាប្លង់ទន់ និងមិនមានរៀបចំរបាយការណ៍ហិរញ្ញវត្ថុ នៃអាជីវកម្មបាន ទើបពិបាកទទួលបាន កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ។
បើតាមលោក សាយ ពន្លឺចិត្តករុណា សព្វថ្ងៃសហគ្រាសកែច្នៃទឹកម្នាស់ មានតម្លៃត្រឹម៧ម៉ឺនដុល្លារ និងដី១០ហិកតា សម្រាប់ធ្វើជាទ្រព្យបញ្ចាំ តែខាងធនាគារអភិវឌ្ឍន៍ជនបទ ហាក់ដូចជាឱ្យតម្លៃទ្រព្យបញ្ចាំលោកទាប ពោលគឺស្ទាក់ស្ទើរក្នុងការផ្ដល់ទំហំប្រាក់កម្ចី១៥ម៉ឺនដុល្លារ សម្រាប់សហគ្រាសម្នាស់ទឹកឃ្មុំរបស់លោក។ លោក ពន្លឺចិត្តករុណា ដាំម្នាស់ទឹកឃ្មុំនេះ បានអះអាងថា ដំណើរការសិប្បកម្មកែច្នៃម្នាស់ខ្លួន ១១ឆ្នាំមកនេះ ប្រើប្រាស់កម្ចីហិរញ្ញវត្ថុពីធនាគារឯកជនមួយចំនួន ក្នុងខេត្តស្ទឹងត្រែង ហើយមិនដែលជួបបញ្ហា ឬលក្ខខណ្ឌស្មុគស្មាញ ក្នុងការខ្ចីពីធនាគារឯកជនទាំងនោះឡើយ។
ថ្វីដ្បិតថា សហគ្រាសមានទ្រព្យបញ្ចាំនៅធនាគារឯកជនមួយចំនួន និងមានប្លង់ដី ឬប្លង់ផ្ទះជាប្លង់ទន់ ក៏ដោយ ក៏ធនាគារអភិវឌ្ឍន៍ជនបទ ផ្ដល់ឱកាសឱ្យខ្ចី ទៅតាមទិដ្ឋភាពជាក់ស្តែងដែរ។ នេះបើតាមលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ
ឆ្លើយតបនឹងបញ្ហាទ្រព្យបញ្ចាំនោះ លោក កៅ ថាច បានបកស្រាយដូច្នេះ៖«យើងមានភាពបត់បែន ក្នុងការទទួលទ្រព្យបញ្ចាំ ដែលមានលក្ខណៈខុសពីធនាគារឯកជន។ ពេលខ្លះ ប្លង់ទន់ខ្លះ ក៏យើងទទួលយកបានដែរ ប្រសិនបើប្លង់ហ្នឹង មានបង់ពន្ធ និងនៅទីតាំងណាមួយដែលល្អ»។
ចាប់តាំងពី ១៦មីនា ឆ្នាំ២០២០មក ដែលរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា៥០លានដុល្លារ សម្រាប់ជួយដោះស្រាយបញ្ហារបស់ SME ដែលធ្វើការលើវិស័យកសិកម្ម គឺមានជិត៣០សហគ្រាសមកហើយ ដែលបានដាក់ស្នើសុំកម្ចីក្នុងកញ្ចប់៥០លានដុល្លារនោះ។ នេះជាលើកឡើងរបស់ លោក កៅ ថាច ដោយបានបញ្ជាក់ថា ម្ចាស់សហគ្រាសទាំងនោះ មកខ្ចីប្រាក់ក្នុងទំហំតូចៗប៉ុណ្ណោះ ដែលមានត្រឹមចន្លោះពី៥ ទៅ១០ម៉ឺនដុល្លារ ពោលគឺមិនទាន់មានអ្នកមកខ្ចីប្រាក់ ដែលធនាគារអភិវឌ្ឍន៍ផ្តល់ឱ្យខ្ពស់បំផុត ក្នុងទំហំ៣០ម៉ឺនដុល្លារនៅឡើយ៕