ជាតិ
អ្នកស្រី ឆាយ ស៊ីវលីន៖ «កសិ-ទេសចរណ៍ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ» Agriculture Tour
× ភ្នំពេញ៖ កសិ-ទេសចរណ៍ ជាផ្នែកមួយក្នុងវិស័យទេសចរណ៍ដែលផ្សារភ្ជាប់កសិកម្ម និងទេសចរណ៍។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអះអាងថា កសិ-ទេសចរណ៍ ជាផ្នែកមួយដ៏មានសក្តានុពល និងប្រជាប្រិយភាព សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ តាមអ្នកស្រី ឆាយ ស៊ីវលីន ភ្ញៀវបរទេស ក៏ចូលចិត្តជ្រើសរើសសេវាកម្មកសិ-ទេសចរណ៍ សម្រាប់ដំណើរកម្សាន្តដែរ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាដូចតទៅ៖
ទេសចរណ៍ធម្មជាតិ វប្បធម៌ និងកសិ-ទេសចរណ៍ សុទ្ធសឹងតែជាសក្ដានុពលទេសចរណ៍ ដែលកម្ពុជាមាន។ ក៏ប៉ុន្តែអ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មើលឃើញថា កសិ-ទេសចរណ៍ នៅមានកម្រិតតិចនៅឡើយនៅកម្ពុជា បើទោះជាកម្ពុជា អាចមានសក្តានុពល កសិ-ទេសចរណ៍ នៅគ្រប់រាជធានី-ខេត្តក៏ដោយ។
តាមអ្នកស្រី ឆាយ ស៊ីវលីន កសិ-ទេសចរណ៍ ជាផ្នែកមួយដ៏មានសក្តានុពល និងទទួលបានប្រជាប្រិយភាព ពីសំណាក់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ តាមរយៈការរៀបចំជាកសិ-ទេសចរណ៍ ក៏អាចឲ្យភ្ញៀវទេសចរ ចាប់អារម្មណ៍លើការដាំដំណាំ ចិញ្ចឹមសត្វ និងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះ ចង់ឲ្យកម្ពុជា មានកសិ-ទេសចរណ៍កាន់តែច្រើន ហើយអាជ្ញាធរនៅតាមតំបន់ គួរជួយជ្រោមជ្រែងដល់កសិ-ទេសចរណ៍ ក្នុងការបង្កើតផលិតផលថ្មី ដើម្បីទាក់ទាញភ្ញៀវ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕
Tag:
ទេសចរណ៍
កសិ-ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com