ONE Championship
កីឡាអន្តរជាតិ
Rodtang ឆ្លើយតប Nguyen Tran Duy Nhat ហើយ​ប្រាប់ Ilias Ennahachi ឲ្យ​ត្រៀមខ្លួន​
14, May 2020 , 8:39 am        
រូបភាព
Rodtang
Rodtang
ដោយ: ថ្មីៗ
 Rodtang Jitmuangnon រហស្សនាម «The Iron Man» ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion បាន​បង្ហើប​អំពី​ភាពប្រាកដប្រជា​មួយ​។ កីឡាករ​វ័យ​២២​ឆ្នាំ មកពី​បាងកក ប្រទេស​ថៃ​រូបនេះ​ចង់​ឈ្នះ​ខ្សែក្រវាត់​ផ្សេងទៀត​ក្រៅពី​ការប្រកួត​មួយ​ថៃ និង​ចង់​ការពារ​ខ្សែក្រវាត់ របស់ខ្លួន​ឲ្យ​ខាងតែបាន​នៅពេល​ជួប​អ្នកលេង​ជើង​ថ្មី​។

Rodtang កំពុង​ចំណាយ​ពេលវេលា​ជាមួយ​កំណាន់ចិត្ត​ម្ចាស់​ខ្សែក្រវាត់ ONE Atomweight Muay Thai World Champion កីឡាការិនី Stamp Fairtex និង​គ្រួសារ​ខាង​ស្រី​ឯ​ខេត្ត Rayong ក្នុងអំឡុងពេល​ការរីក​រាលដាល​មេរោគ​ឆ្លង COVID-19​។  Rodtang មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះទេ បន្ទាប់ពី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី ONE Super Series តាំងពី​ខែ កញ្ញា ឆ្នាំ ២០១៨​។  កីឡាករ​រហស្សនាម “The Iron Man” បានទទួល​ជ័យជម្នះ ៧​លើក​នៅលើ​សង្វៀន ONE Championship ដែល​ការប្រកួត​ចុងក្រោយ​បាន​ផ្ដួល​គូប្រជែង​ចាស់ Jonathan “The General” Haggerty ឲ្យ​សន្លប់​ក្នុងជំនួប​សងសឹក​កាល​ខែមករា កន្លងទៅ​។ 
 
​ប៉ុន្តែ​មុនពេល​រូបគេ ឡើង​ការពារ​ខ្សែក្រវាត់​ម្ដងទៀត “The Iron Man”  មានបំណង​ប្ដូរ​ទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ថ្មី​មួយទៀត គឺ ONE Flyweight Kickboxing World Champion ដោយ​ត្រូវ​ដណ្ដើម​ពី Ilias Ennahachi ឬ គេ​ស្គាល់​ថា “Tweety”​។ តារា​របស់​ថៃ​រូបនេះ​ចង់​ដើរ​តាម​គន្លង​របស់​មិត្តស្រី​ដែល​ឈ្នះ​ខ្សែក្រវាត់ World Champion រហូតដល់​ពីរ​នាពេល​កន្លងទៅ​ពីស​ង្វៀន The Home Of Martial Arts (ONE)​។ ដើម្បី​ឈ្នះ​ខ្សែក្រវាត់​បាន ទាល់តែ Rodtang អាច​យកឈ្នះ​ម្ចាស់​ខ្សែក្រវាត់​កូនកាត់​ម៉ា​រ៉ុ​ក​-​ហូ​ឡង់ ខាងលើ​។ 
 
​ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក​សញ្ជាតិ​ថៃ​បាន​រៀបរាប់ថា​៖«​គោលដៅ​ដែល​ផ្ដួល Haggerty ក្នុងជំនួប​សងសឹក​នោះ គឺ​ដើម្បី​ប្រជែង​ខ្សែក្រវាត់​ជាមួយ Ennahachi ក្នុង​កម្មវិធី kickboxing នាពេល​បន្ទាប់​។ ខ្ញុំ​ពិតជា​ចង់បាន​ខ្សែក្រវាត់​ណាស់​។ ខ្ញុំ​ស្រលាញ់​ខ្សែក្រវាត់​ក្នុង​ពីរ​ប្រភេទ​កីឡា​ផ្សេងគ្នា​។ រឿងនេះ​ដូច Stamp បានធ្វើ​កន្លងទៅ​អីចឹង​»​។ 


 Rodtang-Jitmuangnon-holds-the-World-Title-belt-At-ONE-CENTURY

Rodtang កំពុង​សម្លឹង​ឱកាស​មាស​ដើម្បី​ស្វែងរក​ខ្សែក្រវាត់ ហើយ​រូបគេ​ក៏បាន​ដឹង​គោលដៅ​រួចជាស្រេច​ទៅហើយ​ដែរ​។ កាលពី​បី​សប្ដាហ៍​មុន Nguyen Tran Duy Nhat ឬ គេ​ហៅថា “No.1” មានបំណង​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ពី “The Iron Man” នៅពេលដែល​ការប្រកួត​ឆ្នាំ​២០២០ នេះ​ចាប់ផ្ដើម​ឡើងវិញ​។ 
 
​កីឡាករ​វៀតណាម Duy Nhat  បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ច្រើន​នៅក្នុង​កម្មវិធី ONE Super Series​។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​ផ្ដួល Azwan Che Wil ឲ្យ​សន្លប់​នៅសល់​ត្រឹម​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​មុន​ចប់​ការប្រកួត​កាល​ខែ កញ្ញា​។ ហើយ​រូបគេ​ក៏​ផ្ដួល កីឡាករ​ជប៉ុន Yuta Watanabe ដោយ​ក្បាច់​ទាត់​ចំក្បាល​កាល​ខែ វិច្ឆិកា ឆ្នាំមុន​។ 


Rodtang-Jitmuangnon-defeats-Jonathan-Haggerty-at-ONE-A-NEW 

​បែបណា​ក្ដី កីឡាករ​មកពី​បាងកក​បានឮ​សំណូមពរ​របស់​កីឡាករ​វៀតណាម ហើយ Rodtang រង់ចាំ​ទទួល ១០០% ពេល​សង្វៀន​ដំណើរការ​វិញ និង លៃលក​ពេល​ជួប Duy Nhat នៅ​ថ្ងៃ​ណាមួយ​។ កីឡាករ​មកពី​ក្លិប Jitmuangnon Gym  បានបញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​គិតថា​រូបគេ​ជា​កីឡាករ​ល្អ​ម្នាក់​។ យើង​នឹង​ជួបគ្នា​នៅ​ថ្ងៃ​ណាមួយ បើសិន​យើង​ស្ថិតក្នុង​គីឡូ​ដូចគ្នា​»​។ 
 
​វា​មិន​បញ្ហា​នោះទេ​ដែល Duy Nhat ចង់​ប្រជែង​យក​ខ្សែក្រវាត់​ពី “The Iron Man” បើសិនជា​កីឡាករ​វៀតណាម​រូបនេះ​ដល់​កម្រិត​កំពូល​។ Rodtang តែងតែ​ចង់​ប៉ះ​នរណា​ក៏បាន ហើយ​គូប្រជែង​ក៏​លំបាក​នឹង​ឆក់យក​ខ្សែក្រវាត់ ONE Flyweight Muay Thai World Title ពី​រូបគេ​បានដែរ​។ កីឡាករ​រហស្សនាម​ជា​ភាសា​ខ្មែរ «​មនុស្ស​ដែក​» បាន​សង្កត់ធ្ងន់​ដូច្នេះ ៖«​បើ​ខ្ញុំ​នៅតែ​ជា​ជើងឯក ខ្ញុំ​មាន​ឆន្ទៈ​ជួប​នរណា​ក៏បាន​បើ​ចង់​ដណ្ដើម​ខ្សែក្រវាត់​។ ពួកគេ​ត្រូវតែ​ឆ្លងកាត់​ខ្ញុំ​។ ខ្ញុំ​មិនមែន​ប្រគល់​ឲ្យ​ស្រួលៗ​នោះទេ​»៕ 
 
 

Tag:
 អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com