COVID-19
ជាតិ
សង្គមជាតិ
COVID-19៖ សម្ដេច ស ខេង បញ្ជា​ឱ្យ​អភិបាលខេត្ត ទប់ស្កាត់​ពលរដ្ឋ​កុំឱ្យ​ឆ្លង​ខុសច្បាប់​ទៅ​ប្រទេសជិតខាង
14, May 2020 , 9:41 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត និង​អាជ្ញាធរ​តាម​ព្រំដែន​ទាំងអស់ ទប់ស្កាត់​ការឆ្លង​ខុសច្បាប់​របស់​ពលរដ្ឋ ទៅ​ប្រទេសជិតខាង អំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​។​




​សម្ដេច ស ខេង បានទទួល​ដំណឹង​ថា មាន​ពលរដ្ឋ​មួយចំនួន ត្រូវបាន​មេខ្យល់​នាំ​ឆ្លងដែន​ដោយ​ខុសច្បាប់ ចួ​ល​ទៅក្នុង​ប្រទេសជិតខាង ខណៈដែល​ប្រទេស​ទាំងនោះ កំពុង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-​១៩​។ ចំពោះ​ករណីនេះ សម្ដេច ស ខេង បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​ព្រំដែន ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​មេខ្យល់ ដែល​ធ្វើ​ចលនា​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេសជិតខាង​តាម​ច្រករបៀង​នេះ​។​
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៣ ឧសភា ដោយ​បញ្ជា​ទៅ​អភិបាលខេត្ត យ៉ាង​ដូច្នេះ​៖«​ត្រូវ​កោះប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ជាបន្ទាន់ ដើម្បី​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ នៅតាម​តំបន់​ព្រំដែន​ឱ្យចូល​រួមសហការ​គ្នា ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការចេញចូល​ឆ្លងដែន​ដោយ​ខុសច្បាប់ តាម​ច្រករបៀង​នៅតាម​បណ្ដោយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​»​។​
 
​ប៉ុន្តែ​បើ​ក្នុងករណី នៅតែមាន​ពលរដ្ឋ​ខ្មែរ​ លួច​ចូលទៅ​កាន់​ប្រទេសជិតខាង​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​អាជ្ញាធរ​គេ​ឃាត់ខ្លួន​នោះ រដ្ឋបាលខេត្ត​ជាប់​ព្រំដែន ត្រូវ​ទំនាក់ទំនង និង​សម្របសម្រួល​ ជាមួយ​សមត្ថកិច្ច​នៃ​ប្រទេសជិតខាង ​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ស្នើសុំ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ត្រឡប់មកវិញ រួមទាំង​ពិនិត្យ​សុខភាព​ពួកគេ ហើយ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក និង​បញ្ជូន​ពួកគេ​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​ផង​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​។​
 
​សម្ដេច ស ខេង បន្ថែមថា​៖«​បច្ចុប្បន្ន​ប្រទេសជិតខាង​ នៅ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ហេតុនេះ រដ្ឋបាលខេត្ត​ត្រូវ​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​របស់ខ្លួន កុំឱ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេសជិតខាង ​ក្នុង​រយៈពេល​នេះ​ជាដាច់ខាត​»​។​
 
​មិនតែប៉ុណ្ណោះ​ អាជ្ញាធរខេត្ត ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​វិធានការ និង​គោលការណ៍​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល ​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។ នេះ​ជាការ​រំឭក​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​៕ 

Tag:
 ស ខេង​
  ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com