ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ក្រៅពី​បង្កើន​រសជាតិ​អាហារ “​ខ្ទឹមស​” អាច​យកមកប្រើ​ដោះស្រាយ​បញ្ហា​សម្រស់​ទាំងនេះ​
15, May 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ខ្ទឹមស ហើយក៏​បានដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​។ ទោះជា​យ៉ាងណា​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​ដឹង​ពី​ការប្រើប្រាស់​ខ្ទឹមស​ដោះស្រាយ​បញ្ហា​សម្រស់​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ប្រើប្រាស់​ខ្ទឹមស​ដោះស្រាយ​បញ្ហា​សម្រស់​មួយចំនួន ៖

 
១. ព្យាបាល​មុន​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដុស​ចំនិត​ខ្ទឹមស​ស្រស់ៗ​លើ​មុន ឬ​បុក​ខ្ទឹមស​ឱ្យ​ម៉ដ្ឋ​យក​ទឹក​ខ្ទឹមស​ស្រស់​លាប​ម៉ាស្សា​លើ​មុន រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​សម្អាត​និង​សាប៊ូ​កម្រិត​ស្រាល​។​
 
២. ទប់ស្កាត់​សក់​ជ្រុះ​
 
​អ្នក​អាច​លាយ​ទឹក​ខ្ទឹមស​ស្រស់​ជាមួយ​ប្រេង​ជី​អង្កាម​។ រួច​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​និង​កក់សក់​នៅ​ថ្ងៃ​បន្ទាប់​។ អ្នក​អាចអនុវត្ត​រូបមន្ត​នេះ​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. ជួយ​គ្រប់គ្រង​ទម្ងន់​
 
​ក្រៅពី​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ហើយ​នោះ ខ្ទឹមស​ក៏មាន​ផ្ទុក​សារធាតុ ajoene ជួយ​បំផ្លាញ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​ស្ដុក​ទុក​ក្នុង​រាងកាយ​។ ខ្ទឹមស​ថែមទាំង​ជួយ​ដុតបំផ្លាញ​ជាតិ​កាឡូរី​ដែល​លើស​ផងដែរ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ខ្ទឹមស​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ដើម្បី​សម្រក ឬ​រក្សា​ទម្ងន់​សមស្រប​ដូច​បច្ចុប្បន្ន​។​
 
៤. សុខភាព​ស្បែក​
 
​ក្រៅពី​ជួយ​បន្ថែម​ក្លិន​និង​រសជាតិ​ដល់​អាហារ​ហើយ​នោះ ខ្ទឹមស​ក៏​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ផងដែរ​។ ខ្ទឹម​សមាន​ផ្ទុក​សារធាតុ sulfur ដែល​អាច​បញ្ឈប់​ការ​បំបែក​កូ​ឡា​ជែ​ន​ល្អ​សម្រាប់​សុខភាព​ស្បែក​ក្មេង​ជាង​វ័យ​។​
 
៥. កម្ចាត់​អង្គែ​
 
​អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ​ជាមួយ​ខ្ទឹមស​ម៉ដ្ឋ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​ស្បែកក្បាល​និង​សក់​ដោយ​ម៉ាស្សា​ថ្នមៗ​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​កក់សក់​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​សារ​ឡើងវិញ​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com