ជាតិ
បុរសសម្លាប់សត្វកេងកង ផ្តាំពលរដ្ឋ៖ សូមកុំយកគំរូតាមខ្ញុំ! លោក គ្រុយ ចំរើន ដែលសម្លាប់សត្វកេងកង ចូលទៅសូមទោសនៅមុខមន្រ្តីក្រសួងបរិស្ថាន (រូបពីក្រសួងបរិស្ថាន)
× ភ្នំពេញ៖ លោក គ្រុយ ចំរើន ដែលសម្លាប់សត្វកេងកង រួចបង្ហោះនៅលើបណ្ដាញសង្គម ត្រូវបានចូលខ្លួនទៅសុំទោស និងធ្វើកិច្ចសន្យាឈប់សម្លាប់សត្វព្រៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
លោក គ្រុយ ចំរើន សរសេរក្នុងកិច្ចសន្យាថា៖«[ខ្ញុំ] សូមទទួលស្គាល់ការពិត ដែលបានបាញ់សម្លាប់សត្វកេងកងមួយក្បាល នៅរមណីយដ្ឋានទឹកធ្លាក់៩ជាន់ នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទ សូមទៅប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមអភ័យទោសដល់រូបខ្ញុំ។ ខ្ញុំបាទ នឹងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមប្រជាពលរដ្ឋទាំងអស់ កុំយកគំរូតាមរូបខ្ញុំ។ ខ្ញុំសន្យា នឹងយកអាវុធដែលយកទៅបាញ់សម្លាប់សត្វកេងកងនោះ មកឲ្យក្រសួងបរិស្ថាន»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា លោក គ្រុយ ចំរើន បានសម្លាប់សត្វកេងកងធំមួយក្បាល ពេលទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ទឹកជ្រោះ៩ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត។
លោក បានបញ្ជាក់ថា ការទទួលស្គាល់កំហុស និងការសុំទោសរបស់បុរសនេះ គឺក្រសួងបរិស្ថានទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តទង្វើបែបនេះរហូតទៅ។ លើសពីនេះ លោក ក៏បាន អំពាវនាវដល់ពលរដ្ឋគ្រប់រូប ឲ្យជៀសវាងការបរបាញ់ និងបរិភោគសត្វព្រៃ ព្រោះវា ជាការប្រព្រឹត្តទង្វើខុសច្បាប់។
អ្នកនាំពាក្យក្រសួងបរិស្ថាន បន្តថា ពលរដ្ឋគ្រប់រូប គប្បីចូលរួមអភិរក្សសត្វព្រៃ ការពារសម្បត្តិធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជាឲ្យបានគង់វង្ស។ លោក មានប្រសាសន៍ថា សត្វកេងកងជាប្រភេទសត្វកម្រជិតផុតពូជ ដែលមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំក្រវាញ និងតំបន់ភាគខាងកើត នៃប្រទេសកម្ពុជាប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com