កូ​វីដ​-១៩៖ គ្មាន​ករណី​ឆ្លង​ថ្មី​ប្រមាណ​១​ខែ ហាង​កាហ្វេ ភោជនីយដ្ឋាន រមណីយដ្ឋាន ផ្តើម​អ៊ូអរ​ឡើងវិញ​
COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កូ​វីដ​-១៩៖ គ្មាន​ករណី​ឆ្លង​ថ្មី​ប្រមាណ​១​ខែ ហាង​កាហ្វេ ភោជនីយដ្ឋាន រមណីយដ្ឋាន ផ្តើម​អ៊ូអរ​ឡើងវិញ​
14, May 2020 , 7:39 pm        
រូបភាព
ភ្នំពេញ​៖ បន្ទាប់ពី​ក្រសួងសុខាភិបាល​កម្ពុជា បានប្រកាស​ជា​ញឹកញាប់​អំពី​ការរក​មិនឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩​អស់​រយៈពេល​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​នោះ ប្រជាជន​កម្ពុជា ហាក់​លែងមាន​ការភ័យខ្លាច ដោយ​គេ​សង្កេតឃើញ​តាម​ហាង​កាហ្វេ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​រមណីយដ្ឋាន​មួយចំនួន ចាប់ផ្តើម​មាន​មនុស្ស​អ៊ូអរ​ឡើងវិញ​។ 


​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖
 
 
 
​ហាង​កាហ្វេ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​រមណីយដ្ឋាន​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដែល​បាន​ស្ងប់ស្ងាត់ កាលពី​អំឡុង​ជំងឺ​កូ​វីដ​-១៩​ផ្ទុះឡើង​នៅ​កម្ពុជា បាន​វិល​មករក​ភាពប្រក្រតី​វិញ​ជា​បណ្តើរៗ ក្រោយ​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រមាណ​១​ខែ​មកហើយ​នោះ​។ ប្រជាពលរដ្ឋ​ខ្លះ ក៏​នៅ​ពាក់​ម៉ាស់ និង​មាន​អាល់កុល​លាងដៃ​ជាប់​តាម​ខ្លួន អ្នកខ្លះ​ក៏​មិន​ពាក់​ម៉ាស់​ហើយក៏​មិនបាន​អនុវត្ត​វិធាន​អនាម័យ ឲ្យ​ខ្ជាប់ខ្ជួន​ដូច​មុន​ដែរ បើ​ទោះ​ក្រសួងសុខាភិបាល បាន​រម្លឹក​ពលរដ្ឋ​ជា​ញឹកញាប់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក៏ដោយ​។ 
 
​អ្នកស្រី អៀង ស្រីអូន ម្ចាស់​អាហា​រដ្ឋា​ន​មួយកន្លែង ស្ថិតនៅ​សង្កាត់​ទឹកល្អក់​២ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ហាង​របស់​អ្នកស្រី​ដែលមាន​លក់​បាយ និង​គុយទាវ  ចាប់ផ្តើម​មាន​អតិថិជន​ច្រើន​ឡើងវិញ ក្រោយពី​ស្ងប់ស្ងាត់​ជាង​២​ខែ​មក​។  
 
​រៀបរាប់​ទាំង​ទឹកមុខ​ញញឹម និង​បន្ធូរ​អារម្មណ៍ ហាក់​បង្ហាញ​ពី​ការ​ធូរចិត្ត​ដែល​ស្ថានភាព​កូ​វីដ​-១៩​ធូរស្រាល​នោះ ស្ត្រី​វ័យ​៣០​ប្លាយ​ឆ្នាំ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​មួយរយៈ​នេះ ភ្ញៀវ​ប្លែក​ជាង​មុន មាន​ភ្ញៀវ​ច្រើនជាង​មុន​បន្តិច​។ កាលពី​កូ​វីដ​វាយលុក​នោះ វា​ស្ងាត់​ខ្លាំង ដូច​ថា យើង​ធ្លាប់បាន​១០០​ភាគរយ វា​សល់​តែ​ភ្ញៀវ​ប្រហែល​១០​ភាគរយ ទៅ​២០​ភាគរយ​។ តែ​ឥឡូវ​ប្រហែល​កើន​បាន ៤០ ទៅ​៥០​ភាគរយ វា​បាន​ប្រហែល​ពាក់កណ្តាល​វិញ​ហើយ​»​។ 
 
​អ្នក​ខេត្តកំពង់ចាម​រូបនេះ បន្តថា គ្រាន់តែ​ស្ងប់ស្ងាត់​ពី​បី​ខែ ហាង​អ្នកស្រី​រង​ផលប៉ះពាល់​មិន​ខុសពី​អាជីវកម្ម​ដទៃទៀត​នោះទេ ពោលគឺ​អ្នកស្រី​ត្រូវ​ផ្អាក​បុគ្គលិក និង​ត្រូវ​ខ្ចីលុយ​ធនាគារ​បន្ថែម ដើម្បី​បង់ថ្លៃ​ជួល​ផ្ទះ​ដែលមាន​តម្លៃ​ខ្ពស់ និង​ទប់ទល់​ការចំណាយ​ផ្សេងៗ​។​
 
​ក្រៅពី​អាហារ​ដ្ឋា​ន និង​ភោជនីយដ្ឋាន ហាង​កាហ្វេ ដែលជា​កន្លែង​ដ៏​ពេញនិយម​របស់​យុវជន​ខ្មែរ​នៅពេល​បច្ចុប្បន្ន ក៏​ផ្តើម​មាន​អតិថិជន​ចូល​បណ្តើរៗ​ហើយ​។ សម្រាប់​ហាង​កាហ្វេ​តូចៗ ហាក់ដូចជា​មិនទាន់បាន​បើកទ្វារ​ច្រើន​ប៉ុន្មាន​ទេ តែ​សម្រាប់​ហាង​កាហ្វេ​ដែលមាន​ឈ្មោះ​ល្បី ពោល គឺមាន​ផាសុកភាព និង​អនាម័យ​ល្អ​នោះ មាន​មនុស្ស​ចូល​ពេញៗ​។​


 
​លោក យឿន ចាន់ណា អតិថិជន​ម្នាក់ ដែល​អង្គុយ​ក្នុង​ហាង​កាហ្វេ​ប្រ៊េ​ន​ល្បី​មួយ​នៅ​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​មិន​ចង់​មក​ហាង​កាហ្វេ​ប៉ុន្មាន​ទេ ដ្បិត​លោក​ក៏​ភ័យខ្លាច​ខ្លះ​ដែរ​។ ក៏​ប៉ុន្មាន ដោយសារតែ​ការងារ​របស់លោក​តម្រូវ​ឲ្យ​ប្រើ​កុំព្យូទ័រ និង​ត្រូវការ WiFi ព្រមទាំង​មាន​កន្លែង​ដែលមាន​ផាសុកភាព ទើប​លោក​សម្រេចចិត្ត​ចេញពី​ផ្ទះជួល មក​អង្គុយ​ធ្វើការ​ងារ​នៅ​ហាង​កាហ្វេ​។  
 
​មាន​សម្បុរ​សណ្តែកបាយ យុវជន យឿន ចាន់ណា បាន​រៀបរាប់​ក្នុង​សម្តី​មួយៗ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ជា​អ្នកធ្វើការ Freelance ចឹ​ង បើ​នៅ​ផ្ទះជួល​ក្តៅ ចង់​នៅផ្ទះ​ដែរ ប៉ុន្តែ​បន្ទប់​ជួល​យើង វា​ក្តៅ និង​ហប់ ពេលធ្វើការ​វា​អត់​បាន​ច្រើន​។ យើង​មក​ហាង​កាហ្វេ អារម្មណ៍​យើង វា​ល្អ​ជាង​នៅ​បន្ទប់​។ ខ្ញុំ​មានទឹក​អាកុល​នៅជាប់​ខ្លួន មាន​ជាប្រចាំ​ជាប់​កាតា​ម​យើង​។ កាល​មួយរយៈ​មុន ពាក់​ម៉ាស​ដែរ តែមួយ​រយៈ​នេះ រៀង​ស្ងាត់ ក៏​មិនសូវ​ពាក់​ដែរ​»​។  
 
​ចំណែក លោក កុក ថា ស្ថាបនិក​ហាង​កាហ្វេ F Cafe ដែល​ស្ថិតក្នុង​បុរី​មួយ​នៅ​ម្តុំ​ចម្ការ​ដូង បាន​អះអាងថា បច្ចុប្បន្ន ហាង​កាហ្វេ​របស់លោក​មាន​ភ្ញៀវ​កើនឡើង បើ​ធៀប​កាលពី​ពី​បី​ខែ​មុន​។ យ៉ាងណាក៏ដោយ កាហ្វេ​របស់លោក មិនមាន​ផលប៉ះពាល់​ខ្លាំង ដូច​ហាង​កាហ្វេ​នៅតាម​ផ្លូវធំ​នោះទេ ដ្បិត​កាហ្វេ​របស់លោក ស្ថិតក្នុង​បុរី​ដែលមាន​ពលរដ្ឋ​រស់នៅ​ច្រើន ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​។​
​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​យើង​ធៀប​ពីមុន ភ្ញៀវ​ធ្លាក់ចុះ​ពី​២០​ទៅ​៣០​ភាគរយ​។ នេះ​បើ​និយាយ​ពី​ភ្ញៀវ​ដែល​មក​អង្គុយ​ក្នុង​ហាង តែមាន​កើនឡើង​នូវ​ភ្ញៀវ ដែល​ក​ម្ម៉​ង់​នៅតាម​ផ្ទះ​វិញ​។ ចំណុច​ទី​២ ដោយសារ​ហាង​របស់​យើង យើង​អនុវត្តន៍​គោលការណ៍​អនាម័យ យើង​មាន​អាល់កុល បុគ្គលិក​ពេល​បម្រើ​ការងារ​គាត់​ពាក់​ម៉ាស់ នៅ​បន្ទប់ទឹក យើង​មាន​សាប៊ូ​លាងដៃ អ៊ីចឹង ភ្ញៀវ​មាន​ទំនុកចិត្ត​។ បច្ចុប្បន្នភាព ភ្ញៀវ​វិល​មក​ស្ថានភាព​ដើម​វិញ​ហើយ នេះ​សម្រាប់តែ F Cafe តែ​ហាង​កាហ្វេ​ផ្សេងទៀត ខ្ញុំ​មិនមាន​យោបល់​នោះទេ​»​។​
 
​លោក​បន្តថា​៖ «​ប្រភេទ​អាជីវកម្ម​របស់​យើង ខុសប្លែក​ពី​អាជីវកម្ម​លក់ដូរ​នៅតាម​ផ្ទះ​ធំៗ ឬ​ទីប្រជុំជន អ្នកលក់ដូរ​នៅ​ផ្លូវធំៗ គាត់​អាច​ប៉ះពាល់​ច្រើន ដោយសារតែ​ពលរដ្ឋ​ធ្វើដំណើរ​តិច តែ​សម្រាប់ F Cafe ស្ថិតក្នុង​បុរី មាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​ច្រើន​។ ជាទូទៅ ភ្ញៀវ​ក្នុង​បុរី​គាត់​ចេញពីផ្ទះ​ទៅធ្វើ​ការ តែបើ​ថ្ងៃ​សៅរ៍​អាទិត្យ ឬ​ថ្ងៃ​បុណ្យទាន ទើប​គាត់​មាន​ពេលវេលា​មក​អង្គុយ​ហូប​ច្រើន ដល់ពេល​មាន​កូ​វីដ​ទៅ ភ្ញៀវ​គាត់​នៅផ្ទះ​ច្រើន ឬ​អ្នកខ្លះ​គេ​ហៅថា Work From Home ឬ​ពេលខ្លះ​គាត់​ក៏​ឆ្លៀត​មក​ធ្វើការ​នៅ F Cafe ដែរ​»​។ 
 
​អំឡុងពេល​កម្ពុ​ជាមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ច្រើន កាលពី​ប៉ុន្មាន​ខែ​មុន រដ្ឋាភិបាល​បានសម្រេច​បិទ​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន ព្រមទាំង​បិទ​អាជីវកម្ម​មួយចំនួន ដូចជា ខារ៉ាអូខេ ក្លិប​ហាត់ប្រាណ ហាង​ម៉ាស្សា និង​សេវាកម្ម​ផ្សេងទៀត ព្រមទាំង​លុបចោល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ពិធី​សាសនា​នានា ដើម្បី​ទប់ស្កាត់​ការជួប​ជុំគ្នា ដែល​ងាយ​បង្ក​ឲ្យ​មាន​ជំងឺ​កូ​វី​-១៩ ឆ្លង​រីក​រាលដាល​។ ចំណែក សណ្ឋាគារ ផ្ទះសំណាក់ ហាង​កាហ្វេ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​... និង​រមណីយដ្ឋាន ក៏​ចាប់ផ្តើម​មាន​សភាព​ស្ងាត់ជ្រងំ ដោយ​ខ្លះ​បាន​បិទទ្វារ ខណៈ​ខ្លះទៀត​បាន​បើកទ្វារ​ទទួល​អតិថិជន​ទាំង​ត្រ​ដាប​ត្រ​ដួល ព្រោះ​តែមាន​ភ្ញៀវ​តិចពេក​។ ប៉ុន្តែ បន្ទាប់ពី​ក្រសួងសុខាភិបាល​កម្ពុជា ប្រកាសថា​គ្មាន​ករណី​ឆ្លង​ថ្មី និង​អ្នកជំងឺ​កូ​វី​ដដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បានជា​សះស្បើយ​ជា​បន្តបន្ទាប់​នោះ ពលរដ្ឋ​កម្ពុជា បានចាប់ផ្តើម​ធ្វើដំណើរ​ទៅ​ហាង​កាហ្វេ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​រមណីយដ្ឋាន​នានា​ឡើយ​វិញ​។​
 
​លោក សឹម ហ៊ីម ប្រធាន​សហគមន៍​នេសាទ​ត្រពាំង​សង្កែ ដែល​បាន​បិទទ្វារ​លែង​ទទួលភ្ញៀវ​ទេសចរ​តាំងពី​ខែមីនា​មក បច្ចុប្បន្ន សហគមន៍​បាន​បើក​ដំណើរការ​ឡើងវិញ ក្រោយពី​មាន​ភ្ញៀវ​ជាច្រើន សម្រុក​ទៅ​កម្សាន្ត​នៅ​ខេត្តកំពត​។ បើតាម​ប្រធាន​សហគមន៍​រូបនេះ បច្ចុប្បន្ន នៅពេល​ចុង​សប្តាហ៍​ម្តងៗ មាន​ភ្ញៀវ​ជាច្រើន ដែល​បានមក​ជិះទូក​កម្សាន្ត​ដើម្បី​ទស្សនា​ព្រៃកោងកាង ប៉ុន្តែ លោក​មិន​បើក​ឲ្យ​មានការ​ស្នាក់នៅ​នោះទេ​។ 
 
​លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បើក​តែ​សេវា​ជិះទូក​ទេ តែ​សម្រាប់​បន្ទប់​ខ្ញុំ​អត់​ទាន់​បើក​ទេ ខ្ញុំ​បើក​ពេល​ដាច់​ខែ​នេះ​។ សម្រាប់​សៅរ៍​អាទិត្យ ភ្ញៀវ​មាន​ប្រហែល​៤០០​នាក់ តែ​ថ្ងៃ​ធម្មតា​អត់​សូវ​មាន​ភ្ញៀវ​ទេ បើ​មាន​មានតែ​ប្រហែល​៣០​នាក់​នោះទេ ដែល​មក​ទីនេះ​។ ភ្ញៀវ​មក​ច្រើន​ទើបតែ​៣​សប្តាហ៍​ចុងក្រោយ​នេះ​។ ពួកគាត់ ដូច​អត់​មានការ​បារម្ភ​នោះទេ តែ​ពួកគាត់​មានការ​ប្រុងប្រយ័ត្ន​ដដែល ព្រោះ​អ្នកខ្លះ​គាត់​ពាក់​ម៉ាស់ ហើយ​យើង​មាន​អាកុល​ឲ្យ​គាត់​លាងដៃ មុន​ឡើង​ជិះទូក​។ ធម្មតា ភ្ញៀវ​ដែល​ទៅលេង​អង្គុយ​នៅ​តូប គាត់​អង្គុយតែ​មួយក្រុម​គាត់ គាត់​មិន​ចង់​ឲ្យ​អ្នកផ្សេង​ទៅ​អង្គុយ​ជិត​គាត់​នោះទេ​»​។ 
 
​លោក សឹម ហ៊ីម ស្នើ​ឲ្យ​អ្នកទេសចរ អញ្ជើញ​មកលេង​នៅ​សហគមន៍​ត្រពាំង​សង្កែ ដើម្បី​ផ្តល់​ចំណូល​ដល់​សហគមន៍ និង​លើកកម្ពស់​កិច្ចការពារបរិស្ថាន​នៅក្នុង​សហគមន៍ ប៉ុន្តែ​លោក​ក៏​សំណូមពរ​ឲ្យ​អ្នកទេសចរ មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា ដើម្បី​កុំ​មាន​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​ដ៏​សាហាវ​នេះ​៕       
 

រូបថតផ្តល់ដោយ លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ


រូបថតផ្តល់ដោយ លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ
 

Tag:
 កូ​វីដ​១៩
 ​កាហ្វេ​
 ​អាហា​រដ្ឋា​ន​
© រក្សាសិទ្ធិដោយ thmeythmey.com