ជាតិ
សង្គមជាតិ
អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​ដាំ​កូនឈើ​១១​ម៉ឺន​ដើម នៅ​តំបន់​អង្គរ អារាម សហគមន៍ និង សាលារៀន​
14, May 2020 , 8:39 pm        
រូបភាព
រូបភាពដែលថត​ដោយ​អ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មាន​នៅ​ថ្មីៗ
រូបភាពដែលថត​ដោយ​អ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មាន​នៅ​ថ្មីៗ
ដោយ:
ភ្នំពេញ​៖ នៅ​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​ដាំ និង​ចែក​កូនឈើ​១១​ម៉ឺន​ដើម ដល់​ពលរដ្ឋ ដែលមាន​បំណង​ដាំ​កូនឈើ​នៅ​តំបន់​អង្គរ ទី​វត្ត​អារាម សហគមន៍ និង សាលារៀន ដើម្បី​បន្ត​អភិរក្ស​ដើមឈើ​នៅ​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

 
​កូនឈើ​ទាំង​១១​ម៉ឺន​ដើម​នោះ ភាគច្រើន​ជា​ប្រភេទ​ដើម​រំដួល ដើម​សេ​មាន់ ដើម​គុយ ដើម​ផ្ញៀវ ដើម​ផ្កាត្របែកព្រៃ ដើម​ផ្កា​អ៊ិន​តា​ណែ​ល និង ប្រភេទ​ដើមឈើ​មួយចំនួនទៀត​។ កូនឈើ​ទាំង​១១​ម៉ឺន​ដើម ជា​ប្រភេទ​ដើមឈើ​ព្រៃ​ដែលមាន​ផ្លែ​អាច​ហូប​បាន និង​ជា​ឈើ​លម្អ​។ 
 


រូបភាពដែលថត​ដោយ​អ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មាន​នៅ​ថ្មីៗ

​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដកស្រង់​សំដី​របស់​លោកស្រី ថៃ ប៊ុន​ធា បុគ្គលិក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថា ពលរដ្ឋ​ដែល​មានបំណង​ស្នើសុំ​កូនឈើ​យកទៅ​ដាំ អាចទាក់ទង​ទៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។ បន្ទាប់ពី​ទទួលបាន​ការស្នើសុំ​រួចហើយ មួយ​សប្តាហ៍​ក្រោយមក ពលរដ្ឋ​អាច​ទទួល​កូនឈើ​យកទៅ​ដាំ​បាន​។ 
 
​បើតាម​លោកស្រី ថៃ ប៊ុន​ធា កូនឈើ​ភាគច្រើន ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដើរ​រើស​គ្រាប់ពូជ​នៅតាម​ព្រៃ​ក្នុង​រមណី​ដ្ឋា​ន​អង្គរ ហើយ​ពូជ​ដើមឈើ​ខ្លះ​អាជ្ញាធរ​ក៏​ទិញ​ពី​គេ​ដែរ ដោយសារ​ប្រភេទ​ឈើ​ខ្លះ​ជាដើម​ឈើ​ដ៏​កម្រ និង​ជាដើម​ដែល​ខ្សត់​ផ្លែ​។   
 
​លោក ឡី គឹម​ស៊ី មន្ត្រី​បច្ចេកទេស​ទទួលបន្ទុក​ការងារ​ដាំ និង​បណ្តុះ​កូនឈើ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ដាំ​កូនឈើ​នា​រដូវវស្សា ពី​ខែកក្កដា​តទៅ​។ 
 
​លោក បញ្ជាក់ថា​ថា​៖«​ចំពោះ​កូនឈើ​ដែល​បណ្ដុះ​ទាំងអស់​មាន​២ គឺ​ទី​១ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ឧទ្យាន​អង្គរ និង ទី​២​សម្រាប់​ចែកចាយ​ដល់​អង្គភាព​ផ្សេងៗ ហើយ​ប្រជាពលរដ្ឋ​មានបំណង​យកទៅ​ដាំ​ដើម្បី​ភាព​បៃតង ឬ​បង្កើត​គម្រប​ព្រៃ​»​។​
 
​លោក បន្តថា ដោយសារ​បរិបទ​ជំងឺ​កូ​វីដ​១៩ ធ្វើ​ឲ្យ​គម្រោង​រៀបចំ​យុទ្ធនា​ការដាំ​ដើមឈើ​ដូច​ឆ្នាំកន្លងមក​ក្នុងព្រៃ​ឧទ្យាន​អង្គរ នៅជាប់​គាំង​។ លោក ពន្យល់ថា ប្រសិនបើ​ស្ថានភាព​ល្អប្រសើរ ក្រុមការងារ​ព្រៃឈើ នឹង​បន្ត​រៀបចំ​យុទ្ធនាការ​តូចធំ ដើម្បី​ឲ្យ​មហាជន​ចូលរួម​ដាំ តែបើ​មិន​ដូច្នោះ​ទេ គឺ​ការដាំ​ឆ្នាំនេះ នឹង​ធ្វើជា​លក្ខណៈ​ផ្ទៃក្នុង​តាម​គោលដៅ​ដែល​បាន​ត្រៀម​រួចរាល់​។​
 
​សូមបញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា មាន​ស្ថានីយ​បណ្តុះ​កូនឈើ​ចំនួន​៤​ទីតាំង​។ ទីតាំង​ទី​១ ជា​ស្ថានីយ​បណ្តុះ​កូនឈើ​៨​ហិកតា ដែល​បណ្តុះ​កូនឈើ​ប្រណិត​៤​ប្រភេទ​រួមមាន​ដើម​របេង គ្រញូង ច្រេះ និង​ធ្នង់​។ ទីតាំង​ទី​២ គឺ​ស្ថានីយ​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ ដែល​បណ្តុះ​ប្រភេទ​កូនឈើ​លេខ​១ លេខ​២ លេខ​៣ និង​ក្រៅ​លំដាប់ថ្នាក់​។ ទីតាំង​ទី​៣ ស្ថានីយ​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ ដែល​បណ្តុះ​ប្រភេទ​ឈើ​លម្អ និង​ប្រភេទ​ឈើ​ហូប​ផ្លែ​ព្រៃ និង​ទី​តាំងទី​៤ ស្ថានីយ​បា​ឡុង ដែល​បណ្តុះ ថែទាំ និង​ផ្សាំកូនឈើ​បន្តវេន​គ្រប់​ប្រភេទ​៕ 
 
 
 


រូបភាពដែលថត​ដោយ​អ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មាន​នៅ​ថ្មីៗ


Tag:
 ​អាជ្ញាធរ​ជាតិ​អប្សរា​
 ​កូនឈើ
© រក្សាសិទ្ធិដោយ thmeythmey.com