COVID-19
អន្តរជាតិ
លោក ត្រាំ នៅតែ​ចង់​បើក​សាលារៀន​ឡើងវិញ ទោះ​រង​ការព្រមាន​ពី​ទីប្រឹក្សា​សុខាភិបាល​
14, May 2020 , 9:19 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ និងអ្នកជំនាញជំងឺឆ្លងល្បីឈ្មោះ Anthony Fauci ។ រូបភាព AFP
ប្រធានាធិបតី ដូណាល់ ត្រាំ និងអ្នកជំនាញជំងឺឆ្លងល្បីឈ្មោះ Anthony Fauci ។ រូបភាព AFP
​ជំហរ​មិនត្រូវ​គ្នា​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​អ្នកជំនាញ​កំពូល​ជំងឺឆ្លង Anthony Fauci កាន់តែ​ជ្រៅ​ទៅៗ​ពាក់ព័ន្ធ​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​សកម្មភាព​ប្រជាជន និង​ការបើក​សេដ្ឋកិច្ច​ឡើងវិញ​។ ការបើក​សាលារៀន ក្លាយជា​ចំណុច​ប្រទាំង​ប្រទើស​ថ្មី​រវាង​លោក ត្រាំ និង​លោក Fauci ដោយ​លោក Fauci ព្រមាន​ពី​គ្រោះថ្នាក់​ដែល​មិនអាច​គ្រប់គ្រង​បាន​របស់ COVID-19  ប៉ុន្តែ​លោក ត្រាំ មានះ​ចង់​ឲ្យ​សាលារៀន​បើកទ្វារ​ឡើងវិញ​។​

 
​បើក​សាលារៀន​ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស និង​និស្សិត​សាកលវិទ្យាល័យ​រៀនសូត្រ​ឡើងវិញ គឺជា​ចំណុច​ខ្ទាស់​ថ្មី​រវាង​សេត​វិមាន​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ក្រុម​អ្នកជំនាញ​សុខាភិបាល​អាមេរិក​។ ការបន្ធូរបន្ថយ​នេះ ជា​ផ្នែក​មួយ​នៃ​ផែន​ការបើក​សេដ្ឋកិច្ច​របស់​អាមេរិក ប៉ុន្តែ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ បានលើកឡើង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ COVID-19 លើ​ប្រជាជន​។​
 
​នៅ​ថ្ងៃទី​១២ ខែឧសភា លោក Anthony Fauci ដែលជា​អ្នកជំនាញ​ជំងឺឆ្លង​ល្បីឈ្មោះ​ម្នាក់ និង​ជា​សមាជិក​ក្រុមការងារ​ឆ្លើយតប​ជំងឺ COVID-19 ប្រាប់​សមាជិកសភា​អាមេរិក​ថា ការបញ្ចប់​ការបិទ​ប្រទេស​លឿន​ពេក ប្រាកដជា​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Fauci បញ្ជាក់​ក្នុងពេល​ផ្ដល់​សក្ខីកម្ម​ថា ហានិភ័យ​មួយ​នឹង​កើតមាន​ដែល​បង្ក​ទៅជា​ការ​រាលដាល​ដែល​មិនអាច​គ្រប់គ្រង​បាន​។ 
 
​លោក​ប្រធានាធិបតី ត្រាំ មិន​ព្រមស្ដាប់​តាម​ការព្រមាន​របស់​ទីប្រឹក្សា​សុខាភិបាល​របស់ខ្លួន​ឡើយ​។ លោក ត្រាំ ប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​នៅ​ថ្ងៃទី​១៣ ខែឧសភា ថា យោបល់​របស់លោក Fauci មិនអាច​ទទួលបាន​យកបាន​ឡើយ​។ មេដឹកនាំ​អាមេរិក​បញ្ជាក់ថា​៖ «​យើង​នឹង​បើក​សេដ្ឋកិច្ច​របស់​យើង​។ ប្រជាជន​ចង់​ឲ្យ​បើក​វិញ​។ សាលារៀន នឹង​បើកទ្វារ​វិញ​។​» 
 
​នេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែល​លោក ត្រាំ មាន​ជំហរ​ផ្ទុយគ្នា​ពី​អ្នកជំនាញ​របស់លោក​។ កន្លងទៅ លោក ត្រាំ មិនសូវ​ស្ដាប់​ការណែនាំ​របស់​មន្ត្រី​សុខាភិបាល ហើយ​នៅតែ​ប្រកាន់​ជំហរ​បើក​សេដ្ឋកិច្ច​ឡើងវិញ ទោះ​នេះ​ជាការ​ប្រថុយប្រថាន​លើ​សុខភាព​ប្រជាជន​ក្ដី​។ ជំហរ​បែបនេះ កាន់តែ​រឹងមាំ​ឡើងៗ ខណៈដែល​សេដ្ឋកិច្ច​អាមេរិក​កាន់តែ​យ៉ាប់យ៉ឺន ហើយ​ប្រជាជន​អាមេរិក​ជាច្រើន​ដាក់​ពាក្យសុំ​ជំនួយ​ពី​រដ្ឋាភិបាល​បន្តបន្ទាប់​គ្នា​។​
 
 

Tag:
 អាមេរិក​
  COVID-19
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com