ពីនេះ ពីនោះ
បង្រៀន​គេ​ឲ្យ​ក្លាយជា​សេដ្ឋី ឬ​ឲ្យ​ខ្លួនឯង​ក្លាយជា​សេដ្ឋី​?
14, May 2020 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាទូទៅ សុធីរ និង​សំណាង តាមដាន​រឿង​សង្គម​ក្នុងប្រទេស និង​ក្រៅប្រទេស​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។ ប្រធានបទ​សង្គម​មាន​ច្រើនណាស់ រាប់​តាំងពី​សេដ្ឋកិច្ច វប្បធម៌ នយោបាយ កីឡា បច្ចេកវិទ្យា​ព័ត៌មាន​រហូតដល់​ផ្សារភាគហ៊ុន​។​ល​។ តែ​រឿង​ដែល សុធីរ និង​សំណាង ចាប់អារម្មណ៍​ជាងគេ​នៅថ្ងៃនេះ គឺ​ការបង្រៀន​ឲ្យ​ជោគជ័យ ការបង្រៀន​ឲ្យ​ក្លាយជា​អ្នកមាន ឬ​សេដ្ឋី​។


 
​សុធីរ​៖ អា សំណាង​! តើ​គេ​បង្រៀន​មេរៀន​អ្វី​ទៅ​ដើម្បី​ក្លាយជា អ្ន​មាន ឬ​មហាសេដ្ឋី​?  
 
​សំណាង​៖ បើ​មាន​មេរៀន រៀន​ដើម្បី​ក្លាយជា​អ្នកមាន ឬ​សេដ្ឋី​មែន​នោះ វា​លែងមាន​អ្នកក្រ​ទៅហើយ​នៅលើ​លោក​នេះ​។ ចូរ​កុំ​ជឿ​គ្រូ​ទាំងនោះ​ពេក​អ្ហា​!  
 
​សុធីរ​៖ អត់​ជឿ​ម៉េច​ទៅ បើ​មាន​សិស្ស​ទៅ​រៀន​ច្រើន​ណាស់ណា៎​! 
 
សំណាង​៖ ពិត​ហើយ មាន​អ្នក​ទៅ​រៀន​។ ប៉ុន្តែ អញ​អត់​ឃើញ​អ្នករៀន​ហ្នឹង​ក្លាយទៅជា​អ្នកមាន ឬ​សេដ្ឋី​ផង​។ 
 
សុធីរ​៖ អ្ហែង​ចង់​និយាយថា ការបង្រៀន​ហ្នឹង​អត់​ត្រឹមត្រូវ​មែន​? 
 
​សំណាង​៖ អញ​អត់​ចង់​និយាយថា​អ៊ីចឹង​ទេ​។ អញ​គ្រាន់តែ​ចង់​ប្រាប់ថា រាល់​ការសិក្សា​ទាំងឡាយ​មិនអាច​ក្លាយជា​អ្នកមាន ឬ​សេដ្ឋី​ទាំងអស់​ទេ​។ អញចង់​បញ្ជាក់ប្រាប់​អ្ហែង​ចំណុច​មួយ​ឲ្យ​ច្បាស់​ថា ការសិក្សា​ខ្ពស់ ឬ​រៀន​ពូកែ មិនមែន​មានន័យថា ក្លាយទៅជា​អ្នកមាន ឬ​សេដ្ឋី​ទេ​។ ផ្ទុយទៅវិញ សិក្សា​ខ្ពស់ ឬ​រៀន​ពូកែ មានន័យថា​យ៉ាងច្បាស់​ថា ពួកគេ​មិនអាច​រស់នៅក្នុង​ភាពក្រីក្រ​។ អ៊ីចឹង អា​រៀន​ឲ្យ​ក្លាយទៅជា​សេដ្ឋី ឬ​អ្នកមាន អញ​អត់​ជឿ​ទេ​លោក​ព្រះ​! 
 
​សុធីរ​៖ អ៊ីចឹង​ការដែល​គេ​បង្រៀន​ឲ្យ​គ្រប់គ្នា​ក្លាយទៅជា​អ្នកមាន ឬ​សេដ្ឋី​ហ្នឹង ដូចជា មិន​ប្រាកដនិយម​ទេ មិន​ថា អ៊ីចឹង​? 
 
​សំណាង​៖ ចម្លើយ​របស់​អញ​ចំពោះ​សំណួរ​របស់​អ្ហែង គឺថា អញ​ខ្លាច​តែ​អ្នករៀន​កាន់តែ​ក្រ ព្រោះ​អស់​លុយ ហើយ​អ្នក​បង្រៀន​កាន់​តែមាន ព្រោះ​បាន​លុយ​។ ម្យ៉ាងទៀត អ្នកសិក្សា​ចូរ​ប្រយ័ត្ន​បន្តិច​ថា គ្រូ​ខ្លួនឯង​មិនទាន់​ជា​សេដ្ឋី​ផង តើ​បង្រៀន​យ៉ាងដូច​ម្តេចទៅ​ដើម្បី​ឲ្យ​គេ​(​កូនសិស្ស​)​ក្លាយជា​អ្នកមាន​? បើ​មាន​មេរៀន​បង្រៀន​ឲ្យ​មនុស្ស​គ្រប់គ្នា​ក្លាយជា​សេដ្ឋី ឬ​អ្នកមាន​មែន អ៊ីចឹង ពិភពលោក​នេះ​ពិតជា​លែងមាន​អ្នកក្រ​ទៅហើយ​? 
 
​សុធីរ​៖ អញ​សួរ​សំណួរ​ចុងក្រោយ​មួយទៀត តើ​ធ្វើ​ម៉េច​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​? 
 
​សំណាង​៖ សំណួរ​នេះ​ត្រូវបាន​គេ​សួរ​មកកាន់​អញ​ច្រើន​រយ​ពាន់​ដង​ហើយ​។ តែ​ចម្លើយ​របស់​អញ​ទៅកាន់​ម្ចាស់​សំណួរ​វិញ គឺ​សាមញ្ញ​បំផុត​៖ ខំប្រឹង​រៀន និង​ខំប្រឹង​ធ្វើការ​។ ប្រសិនបើ​គេ​ធ្វើ​កិច្ចការ​ទាំងពីរ​នេះ​បាន​ក្នុង​ជីវិត ពេលនោះ ភាពក្រីក្រ និង​ការបរាជ័យ​នឹង​ស្ថិតនៅ​ឆ្ងាយ​ពី​លោកអ្នក​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com