COVID-19៖ វៀតណាម​ចាយ​២០​ម៉ឺន​ដុល្លារ​ព្យាបាល​អ្នកជំងឺ​អង់គ្លេស ដើម្បី​កុំ​ឲ្យ​មាន​ករណី​ស្លាប់​ដំបូង​
COVID-19
អន្តរជាតិ
COVID-19៖ វៀតណាម​ចាយ​២០​ម៉ឺន​ដុល្លារ​ព្យាបាល​អ្នកជំងឺ​អង់គ្លេស ដើម្បី​កុំ​ឲ្យ​មាន​ករណី​ស្លាប់​ដំបូង​
14, May 2020 , 4:12 pm        
រូបភាព
​វៀតណាម កំពុង​ព្យាបាល​ជនបរទេស​ម្នាក់​ដែលជា​អ្នកជំងឺ COVID-19 ដោយ​ប្រើប្រាស់​ទាំង​ធនធានមនុស្ស និង​ទឹកប្រាក់​ច្រើន​ក្រាស់ក្រែល​។ អ្នកជំងឺ​ម្នាក់នេះ​ដែលជា​អ្នកបើកបរ​យន្តហោះ​ឲ្យ​អាកាសចរណ៍​ជាតិ​វៀតណាម Vietnam Airlines មាន​អាការ​ធ្ងន់ធ្ងរ ដោយ​សួត​របស់គេ​ស្ទើរតែ​មិន​ដំណើរការ​ទៅហើយ​។ វៀតណាម ទំនងជា​មិន​ចង់​ឲ្យ​មាន​អ្នកស្លាប់​ក្នុង​បញ្ជី COVID-19 របស់ខ្លួន​។​

 
​មាន​វ័យ​៤៣​ឆ្នាំ ជនបរទេស​ដែល​ធ្វើការ​ឲ្យ​អាកាសចរណ៍​វៀតណាម ជា​អ្នកជំងឺ​ទី​៩១ ក្នុងចំណោម​ករណី​ឆ្លង​ទាំង​២៨៨​នាក់​។ រូបនេះ​បាន​ឆ្លង COVID-19 ពី​រង្គសាល​មួយកន្លែង​ក្នុង​ទីក្រុង​ហូជីមិញ​។ មនុស្ស​ច្រើនជាង​៤​ពាន់​នាក់ ត្រូវបាន​កំណត់ថា ជាប់​ពាក់ព័ន្ធ​ករណី​ឆ្លង​ជា​ចង្កោម​មួយ​នេះ ប៉ុន្តែ​លទ្ធផល​ធ្វើតេស្ត​បង្ហាញថា មាន​អ្នក​ឆ្លង​តែ​១៨​នាក់​ប៉ុណ្ណោះ​។​
 
​ខណៈ​អ្នកជំងឺ​ឯទៀត​បាន​សះស្បើយ​ជា​បន្តបន្ទាប់ អ្នកបើកបរ​យន្តហោះ​រូបនេះ បែរ​ជាមាន​អាការ​មិន​ធូរស្រាល និង​ត្រូវការ​ឧបករណ៍​ជំនួយ​ដើម្បី​បន្តជីវិត​។ នេះ​បើតាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​។ នៅ​ថ្ងៃទី​១២ ខែឧសភា ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​ជួប​ជាមួយ​អ្នកជំនាញ​សំខាន់ៗ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ដោយ​ចុងក្រោយ​បាន​សម្រេចចិត្តថា ការផ្សាំ​សួត​ថ្មី​មួយ ជា​ច្រកចេញ​តែមួយគត់​។​
 
​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម មនុស្ស​១០​នាក់ ស្ម័គ្រចិត្ត​បរិច្ចាគ​សួត​របស់​ពួកគេ​ដើម្បី​សង្គ្រោះ​ជីវិត​ពី​ឡុ​ត​ជនជាតិ​អង់គ្លេស​ម្នាក់នេះ ប៉ុន្តែ​គ្រូពេទ្យ​រដ្ឋ​បាន​បដិសេធ​។ កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស Tuoi Tre រាយការណ៍​ថា សួត​របស់​អ្នកជំងឺ​ម្នាក់នេះ ដំណើរការ​តែ​១០​ភាគរយ​ប៉ុណ្ណោះ ហើយ​ត្រូវ​ពឹង​ផ្អែកលើ​ឧបករណ៍​សង្គ្រោះ​ជាង​៣០​ថ្ងៃ​ហើយ​។ កាលពី​ខែ​មុន អនុរដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ធ្លាប់​បញ្ជាក់ថា វៀតណាម​បាន​នាំចូល​ថ្នាំ​ពិសេស​ពី​បរទេស តែ​មិនអាច​ព្យាបាល​អ្នកជំងឺ​រូបនេះ​បាន​។​
 
​ទាក់ទង​ថ្លៃ​ចំណាយ​វិញ ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម (VNA) ផ្សាយ​ថា ក្រុង​ហាណូយ​ចំណាយលុយ​ច្រើនជាង​៥​ពាន់​លាន​ដុង (​ប្រមាណ​២០​ម៉ឺន​ដុល្លារ​) ។ 
 
​សូមបញ្ជាក់ថា ការផ្សាំសួត ជា​វិធីសាស្ត្រ​មួយ​ដែល​ប្រើ​លើ​អ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ ព្រោះ​សួត​របស់​ពួកគេ​ភាគច្រើន មិនអាច​ដំណើរការ​ដូច​ធម្មតា ឬ​រង​ការប៉ះពាល់​ដោយ​វីរុស​។ កាលពី​ខែមីនា ចិន​បានប្រកាស​ជោគជ័យ​ក្នុងការ​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​លើ​អ្នកជំងឺ​ខ្លួន​៕
 
 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com