ONE Championship
កីឡាអន្តរជាតិ
Bose នាយក​ប្រតិបត្តិ Zilingo ចូលរួម​វាយតម្លៃ​ក្នុង​កម្មវិធី «The Apprentice: ONE Championship Edition»
14, May 2020 , 10:39 pm        
រូបភាព
ONE Championship™ (ONE) ដែលជា​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទ្វីបអាស៊ី​បានប្រកាសថា​អ្នកស្រី Ankiti Bose សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន  Zilingo នឹងចូលរួម​ជាមួយ​លោក Chatri Sityodtong ប្រធាន និង​នាយក​ប្រតិបត្តិ​របស់  ONE Championship ដើម្បី​ធ្វើជា​អ្នកវាយតម្លៃ​ក្នុង​កម្មវិធី The Apprentice: ONE Championship Edition ចំណោម​នាយក​ប្រតិបត្តិ​១២​រូប​ផ្សេងទៀត​។

 
Bose នឹងចូលរួម​ជាម​តិ​វាយតម្លៃ​លើ​កីឡាករ​ខ្លាំងៗ ១៦ រូប ដែល​ចូលមក​ប្រកួតប្រជែង​ទាំង​ផ្នែក​កាយសម្បទា និង មុខ​ជំនួញ​។ កម្មវិធី​ខាងលើនេះ​ត្រូវបាន​លោក Sityodtong ពិពណ៌នា​ថា​ជា​កម្មវិធី​ដ៏​លំបាក​មួយ និង​ស្វែងរក​ជើង​ខ្លាំង​មិន​ត្រឹមតែ​ការប្រកួត​លើស​ង្វៀន​នោះទេ ប៉ុន្តែ ស្វែងរក​អ្នកខ្លាំង​លើ​ការងារ​ជំនួញ​ផងដែរ​។ 
 
​លោក Chatri Sityodtong ជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ របស់ ONE Championship បាន​រៀបរាប់​ឲ្យ​ដឹង​បែបនេះ ៖«​ខ្ញុំ​មាន​កិត្តិយស​សូម​ប្រកាសថា Ankiti Bose ដែលជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Zilingo ត្រូវបាន​ចាត់​ចូល​ជា​ក្រុម​អ្នកវាយតម្លៃ​ក្នុងចំណោម​នាយក​ប្រតិបត្តិ ១២ រូប​ផ្សេងទៀត​នៅក្នុង​កម្មវិធី The Apprentice: ONE Championship Edition​។ Ankiti គឺជា​មនុស្ស​ម្នាក់​ដែល​លើកទឹកចិត្ត​ខ្លាំងក្លា​ដល់​ស្ត្រី​ក្មេងៗ​ជាច្រើន​និង​ដើម្បី​ឲ្យ​ពួកគេ​សម្រេច​ក្ដី​សុបិន​របស់ខ្លួន​។ គាត់​ក៏មាន​មុខ​ជំនួញ​ដ៏​រឹងមាំ ហើយ​វា​គ្មានអ្វី​ត្រូវ​សង្ស័យ​នោះឡើយ​ក្នុងការ​ជ្រើសរើស​គាត់​ម​ក​វាយតម្លៃ​បេក្ខភាព​ទាំង ១៦ នាក់​។ ខ្ញុំ​ពិតជា​រីករាយ​ដែល Ankiti មក​ចូលរួម​ធ្វើការ​ងារ​នេះ​ជាមួយ​ពួកយើង​»​។ 
 
​គួរ​ដឹងថា​នៅ​ឆ្នាំ​២០១៥ Bose ដែលមាន​វ័យ​ត្រឹម ២៣ ឆ្នាំ​បាន​បង្កើត​ក្រុមហ៊ុន Zilingo នេះ​ឡើង​។ ក្រោម​ការដឹកនាំ​របស់ Bose ក្រុមហ៊ុន Zilingo បាន​រីកចម្រើន​កើន​គួរ​ឲ្យ​កត់សម្គាល់​រហូត​មាន​ទឹកប្រាក់ ៣០០​លាន​ដុល្លារ​អាមេរិក (៣០០,០០០,០០០ ដុល្លារ​អាមេរិក​) និង បង្កើតបានជា​ក្រុមហ៊ុន​ជំនួញ​ធំ​បំផុត​មួយ (B2B) នៅ​តំបន់​អាស៊ី​។ Bose បានចាប់ផ្ដើម​អាជីព​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​គ្រប់គ្រង (Management Consultant) នៅ​ក្រុមហ៊ុន McKinsey & Company មុន​ចូល​ចូល​បម្រើការ​នៅ Sequoia Capital​។ បទពិសោធន៍​ទាំងនេះ ធ្វើ​ឲ្យ Bose កាន់​តែមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​វាយតម្លៃ​ដល់​សហគ្រិន​ជំនន់​ក្រោយ​។ 
 
​បន្ទាប់ពី​ត្រូវបាន​ជ្រើសរើស Ankiti Bose ដែលជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Zilingo បាន​ថ្លែងថា ៖«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ចូលរួម​វាយតម្លៃ​ជាមួយ Chatri ក្នុង​កម្មវិធី​នេះ​។ វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នកប្រកួតប្រជែង និង ទន្ទឹងរង់ចាំ​ស្វែងរក​អ្នក​ដែលមាន​ភាពឈ្លាសវៃ​ដ៏​ល្អ​ឯក​ក្នុង​ពិភព​ជំនួញ​ពី​សំណាក់​បេក្ខភាព​ប្រកួតប្រជែង​»​។ 
 
​កម្មវិធី «The Apprentice: ONE Championship Edition» នឹង​អញ្ជើញ​បេក្ខភាព​ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវាត់ ១៦ រូប​ជុំវិញ​ពិភពលោក​មក​ប្រកួតប្រជែង​ទាំង​ផ្នែក​កាយសម្បទា និង មុខ​ជំនួញ​។ ចំណែក​អ្នកឈ្នះ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ២៥ ម៉ឺន​ដុល្លារ​អាមេរិក  និង ទទួលបាន​ការងារ​ធ្វើ​រយៈពេល​មួយឆ្នាំ​ក្រោម​ការគ្រប់គ្រង​របស់លោក  Sityodtong ដែលមាន​ទីស្នាក់ការ​ធំ​នៅ​ប្រទេស​សិង្ហ​បុរី​៕ 
 

Tag:
 អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com