កូ​វីដ​-១៩៖ ដ្បិត​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី តែ​សុខាភិបាល​នៅតែ​ព្រមាន​ពលរដ្ឋ​ឱ្យ​ប្រយ័ត្ន​ជានិច្ច​ចំពោះ​ជំងឺ​នេះ
COVID-19
ជាតិ
សុខភាព
កូ​វីដ​-១៩៖ ដ្បិត​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី តែ​សុខាភិបាល​នៅតែ​ព្រមាន​ពលរដ្ឋ​ឱ្យ​ប្រយ័ត្ន​ជានិច្ច​ចំពោះ​ជំងឺ​នេះ
15, May 2020 , 9:10 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ រូបថត៖ ThmeyThmey
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ រូបថត៖ ThmeyThmey
ភ្នំពេញ​៖ រយៈពេល​៣២​ថ្ងៃ​ហើយ ដែល​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) ខណៈ​នៅសល់​អ្នកជំងឺ​ត្រឹមតែ​១​នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត​។ ថ្វី​ដ្បិត​ក្នុង​រយៈពេល​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​នេះ ប៉ុន្តែ​ក្រសួងសុខាភិបាល​នៅតែ​ព្រមាន​ដល់​ពលរដ្ឋ​ជានិច្ច​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​នេះ​។​

 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១៥​ឧសភា​នេះ លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅតែ​ក្រើនរម្លឹក និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បន្ត​ចូលរួម​អនុវត្ត​វិធាន​អនាម័យ ជានិច្ច បើទោះបីជា​កម្ពុជា​មិនមាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​នេះ​ក៏ដោយ​។  លោក ក៏​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​ខ្ពស់ និង​ការរក្សា​គម្លាត​សុវត្ថិភាព​តាម​ការណែនាំ ដើម្បី​កុំឱ្យ​មានការ​ចម្លង​រាតត្បាត​ក្នុង​សហគមន៍​។ 
 
​កម្ពុជា រកឃើញ​អ្នក​ឆ្លង​សរុប​១២២​នាក់ និង​បានជា​សះស្បើយ​ចំនួន​១២១​នាក់​ហើយ​។ អ្នក​សះស្បើយ​ទាំង​១២១​នាក់ រួមមាន​ជនជាតិខ្មែរ​ចំនួន​៥០​នាក់​, បារាំង ៤០​នាក់​,​ម៉ាឡេស៊ី ១៣​នាក់​, អង់គ្លេស​៥​នាក់​, ចិន​៣​នាក់​, វៀតណាម​៣​នាក់​, អាមេរិកាំង​២​នាក់​,  ឥណ្ឌូណេស៊ី​២​នាក់​,​កាណាដា​២​នាក់ និង​ជនជាតិ​បែ​ល​ហ្សិ​ក​១​នាក់​។​
 
 
​ចំណែក​អ្នកជំងឺ ដែល​នៅសល់តែ​ម្នាក់ និង​កំពុង​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​នោះ គឺជា​ស្ត្រី​វ័យ​៣៦​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៨ មីនា​។ មូលហេតុ​ដែល​គាត់​ក្រ​ជាសះស្បើយ គឺ​ដោយសារ​អ្នកជំងឺ​រូបនេះ មាន​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត​។ នេះ​បើតាម​ការពន្យល់​របស់​ក្រសួងសុខាភិបាល កាលពីពេល​កន្លងទៅ​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com