COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋាភិបាលអង់គ្លេស នឹងបើកទ្វារឲ្យ Premier League បន្តប្រកួតវិញ អំឡុងខែមិថុនា
×
Premier League នឹងត្រឡប់ទៅកាន់ការប្រកួតវិញ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសកំពុងត្រៀមបើកទ្វារសម្រាប់ក្របខណ្ឌលីគកីឡាបាល់ទាត់អាជីពក្នុងប្រទេសនេះក្នុងខែមិថុនា។
លោក Oliver Dowden រដ្ឋមន្ត្រីវប្បធម៌បាននិយាយថា កិច្ចប្រជុំនៅថ្ងៃទី១៤ ខែឧសភាជាមួយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ថ្នាក់ដឹកនាំលីគកំពូលអង់គ្លេស Premier League និងលីគអាជីពនៅអង់គ្លេសទាំងអស់បានចាប់ផ្តើមដំណើរការផែនការនៃការវិលត្រឡប់ទៅកាន់ការប្រកួតវិញ បន្ទាប់ពីផ្អាកជាងពីរខែមកហើយ។ លីគអាជីពនៅអង់គ្លេស និងលីគនៅអឺរ៉ុបធំៗផ្សេងទៀតបានពន្យារពេលបណ្តោះអាសន្នដោយគ្មានកាលកំណត់ ដោយសារការរីករាលដាលនៃជំងឺ COVID-19។
លោក Dowden បន្ថែមថា ផែនការវិលត្រឡប់សម្រាប់កីឡាមួយនេះគួរតែបន្ត ដោយរួមបញ្ចូលទាំងការបើកទូលាយសម្រាប់អ្នកគាំទ្រដើម្បីមើលការផ្សាយបន្តផ្ទាល់ផងដែរ។ ជាមួយគ្នានេះ នាយករងនៃក្រុមវេជ្ជបណ្ឌិតអង់គ្លេសក៏បានអះអាងដែរថាការវិលត្រឡប់នឹងមានភាពយឺតយ៉ាវបន្តិច ហើយនិងត្រូវការពិនិត្យយ៉ាងហ្មត់ចត់។
ក្លិបនៅ Premier League បានជួបប្រជុំគ្នារួចមកហើយនៅថ្ងៃទី១១ ខែឧសភាដើម្បីពិភាក្សាអំពីការចាប់ផ្តើមគម្រោងប្រកួតឡើងវិញ និងសង្ឃឹមថានឹងមានសកម្មភាពឆាប់ៗចន្លោះពីថ្ងៃទី១២ ខែមិថុនាតទៅ ដោយការប្រកួតត្រូវធ្វើឡើងដោយបិទទ្វារកីឡដ្ឋាន។
«យើងទាំងអស់គ្នាបានព្រមព្រៀងគ្នាថា យើងនឹងឈានទៅមុខប្រសិនបើស្ថានភាពអ្នកឆ្លងជំងឺមានភាពល្អប្រសើរឡើង និងមានសុវត្ថិភាពក្នុងការបន្តការប្រកួត។ រដ្ឋាភិបាលអង់គ្លេស និងអ្នកជំនាញវេជ្ជសាស្ត្ររបស់យើងនឹងបន្តផ្តល់ការណែនាំ និងការគាំទ្រផងដែរសម្រាប់ការវិលត្រឡប់មកវិញនេះ»។ នេះជាការបញ្ជាក់របស់លោក Dowden។
យ៉ាងណាក៏ដោយ កិច្ចប្រជុំបន្ទាប់ទៀតរវាងក្លិបនៅ Premier League នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ពោលគឺនៅពេលដែលកីឡាករកំពូលៗ វិលត្រឡប់ចូលហ្វឹកហាត់ជាក្រុមជាលើកដំបូង ក្រោមគោលការណ៍គម្លាតសុវត្តិភាព៕
Tag:
Premier League
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com