COVID-19
អន្តរជាតិ
វូ​ហាន ធ្វើតេស្ត​ប្រជាជន​ក្នុង​ក្រុង​ច្រើនជាង​៣​លាន​នាក់ ស្របពេល​បារម្ភ​ពី​រលក​ឆ្លង COVID-19 ទី​ពីរ​
15, May 2020 , 11:46 am        
រូបភាព
​រដ្ឋាភិបាល​ប្រចាំ​ទីក្រុង​វូ​ហាន ប្រកាស​នៅ​ថ្ងៃទី​១៥ ខែឧសភា ថា ប្រជាជន​ទីក្រុង​នេះ​ច្រើនជាង​៣​លាន​នាក់ ត្រូវបាន​ធ្វើតេស្ត​រក​ជំងឺ COVID-19 ក្រោយ​ការរកឃើញ​ចង្កោម​ករ​ណី​ឆ្លង​ថ្មី​នៅពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​បារម្ភ​ពី​រលក​ឆ្លង​លើក​ទី​ពីរ​។ វូ​ហាន ជាទី​ក្រុង​ដែល​រងគ្រោះ​ខ្លាំង​ដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​នេះ ដោយសារ​ជា​តំបន់​ផ្ទុះឡើង​វីរុស​មុនគេ​កាលពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៩ មុននឹង​រាលដាល​ពេញ​ពិភពលោក​។

 
​គម្រោង​ធ្វើតេស្ត​ប្រជាជន​ទីក្រុង​វូ​ហាន​ទាំង​ជាង​១១​លាន​នាក់ កំពុង​ត្រូវបាន​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ ក្រោយ​ការផ្ទុះ​ឡើងជា​ថ្មី​ករណី​ឆ្លង​ជំងឺ COVID-19 ក្នុង​ទីក្រុង​ភាគ​កណ្ដាល​ចិន​មួយ​នេះ​។ អាជ្ញាធរ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី បញ្ជាក់ថា ប្រជាជន​ច្រើនជាង​បី​លាន​នាក់​ហើយ ត្រូវបានធ្វើ​តេស្តរ​កវី​រុស​ក្នុង​គោលដៅ​ស្វែងរក​អ្នកមាន​ផ្ទុក​ដែលមាន​មិន​បញ្ចេញ​សញ្ញា សំដៅ​ទប់ស្កាត់​ការ​រាលដាល​លើក​ទី​ពីរ​។​
 
​ប្រជាជន​ទីក្រុង​នេះ​ក្មេង​ចាស់​ប្រុស​ស្រី បាន​តម្រង់​ជួរ​នៅតាម​តង់​ដែល​ដំឡើង​ដើម្បី​ប្រមូល​សំណាក​នៅតាម​សួនច្បារ កន្លែង​ចត​ឡាន និង​សហគមន៍​នានា​។ ប្រជាជន​វ័យ​៤០​ឆ្នាំ​ម្នាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រោយ​បញ្ចប់​ការធ្វើ​តេស្ត ថា នេះ​ជា​រឿង​ល្អ ហើយ​ការធ្វើ​តេស្ត​ជា​រឿង​មាន​ទំនួល​ខុសត្រូវ​សម្រាប់​ខ្លួន និង​អ្នកដទៃ​។ 
 
​តាំងពី​ផ្ទុះ​ដំបូង COVID-19 ទីក្រុង​វូ​ហាន ត្រូវ​ស្ថិតក្រោម​វិធាន​ការបិទ​ទាំងស្រុង​ចាប់ពី​ថ្ងៃទី​២៣ ខែមករា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។ រហូតដល់​ដើមខែ​មេសា ការ​រឹតបន្តឹង​ត្រូវបាន​បន្ធូរបន្ថយ​ជា​បន្តបន្ទាប់ ក្រោយ​ស្ថានការណ៍ COVID-19 ធូរស្រាល​ខ្លាំង ដោយ​ករណី​ឆ្លង​ថយចុះ​។ យ៉ាងណាមិញ មិនយូរប៉ុន្មាន​ការ​ក្រោយ​ការបើកចំហ​ឡើងវិញ ការរកឃើញ​ករណី​ឆ្លង​ថ្មី​ក្នុង​ទីក្រុង ក៏​បង្ខំ​ឲ្យ​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ធ្វើតេស្ត​ប្រជាជន​ទាំង​១១​លាន​នាក់​តែម្ដង​។​
 
​យ៉ាងណាក្ដី ប្រជាជន​ខ្លះ​បារម្ភ​ពី​ការ​តេស្ត​ទ្រង់ទ្រាយ​ធំ​នេះ និង​ថា ពួកគេ​អាច​ឆ្លង​ពី​អ្នកផ្សេង​ពេល​ទៅធ្វើ​តេស្ត​។ ស្ត្រី​ម្នាក់​និយាយថា ចំណាត់ការ​សុវត្ថិភាព​អាក្រក់​ណាស់ ព្រោះ​មនុស្ស​ឈរ​កៀក​គ្នា ហើយ​អ្នក​ធ្វើតេស្ត​វិញ ប៉ះពាល់​មនុស្ស​ជាច្រើន ហើយ​មិនបាន​លាងដៃ​ទៅទៀត​។   
 
​អ្វីដែល​ចិន​បារម្ភ​ពេលនេះ គឺ​ការផ្ទុះ​ឡើង​រលក​ឆ្លង​ទី​ពីរ​។ ប៉ុន្មាន​សប្ដាហ៍​មកនេះ តំបន់​ជាប់​ព្រំដែន​រុស្ស៊ី​មាន Jilin និង Heilongjiang សុទ្ធតែ​បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​Xinhua ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុងជំនួប​ជាមួយ​ថ្នាក់​កំពូល​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ថ្ងៃទី​១៤ ខែឧសភា បានស្នើ​ឲ្យ​បង្កើន​វិធានការ​ទប់ស្កាត់​នៅ​ខេត្ត​ទាំងពីរ និង​នៅ​វូ​ហាន ដើម្បី​ទប់ស្កាត់​ការ​ងើបឡើង​ករណី​ឆ្លង​ថ្មី​៕  
 
 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com