COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
លី​គ​កំពូល​អាល្លឺម៉ង់ Bundesliga ត្រឡប់​មកវិញហើយ មាន​៦​គូ​យប់​នេះ​
16, May 2020 , 8:59 am        
រូបភាព
​ក្របខណ្ឌ Bundesliga នឹង​ត្រឡប់​ទៅកាន់​ការប្រកួត​ឡើងវិញ​ហើយ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​ផ្អាក​ជាង​២​ខែ ដោយសារ COVID-19​។ ៦​គូ នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​ក្របខណ្ឌ​លី​គ​កីឡាបាល់ទាត់​កំពូល​អាល្លឺម៉ង់ និង​ជាលី​គ​អឺរ៉ុប​ដំបូង​គេ​ដែល​ចាប់ផ្តើម​លី​គ​ឡើងវិញ​ផងដែរ​។​

 
​ទាំង​៦​គូ ត្រូវ​ចាប់ផ្តើម​ការប្រកួត នៅ​ថ្ងៃទី​១៦ ខែឧសភា វេលា​ម៉ោង ៨:៣០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​] ដូចគ្នា ក្នុងនោះ​មាន​ជំនួប​គូ​ពិសេស​រវាង Borussia Dortmund ដែល​ត្រូវ​ទទួល​ក្រុម​ភ្ញៀវ Schalke 04 ផងដែរ​។​
 
៥​គូ​ផ្សេងទៀត​រួមមាន Augsburg ត្រូវ​ប៉ះ Wolfsburg, Fortuna ប៉ះ SC Paderborn 07, Hoffenheim ប៉ះ Hertha BSC, RasenBallsport Leipzig ទល់នឹង Freiburg និង Eintracht Frankfurt ប៉ះ Borussia Mönchengladbach​។​
 
​លី​គ​កំពូល​អាល្លឺម៉ង់ ដែលមាន​១៨​ក្រុម​ចូលរួម បាន​ឆ្លងកាត់​ការប្រកួត​ចំនួន​២៥​លើក​រួចមកហើយ ពោលគឺ​នៅសល់​៩​ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​រដូវ​កាល ២០១៩-២០២០​នេះ​។ Bayern Munich ជា​ក្រុម​នាំមុខគេ​ក្នុង​តារាង Bundesliga ដោយ​រកបាន​៥៥​ពិន្ទុ នាំមុខ​គូប្រជែង Borussia Dortmund ចំនួន​៤​ពិន្ទុ​។​
 
​យ៉ាងណាក៏ដោយ ការប្រកួត​ទាំងអស់​នឹងត្រូវ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន និង​ត្រូវគោរព​តាម​គោល​ការ​ថ្មី​មួយចំនួន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFL) ផងដែរ​។​
 
DFL ហាម​ការ​ចាប់ដៃគ្នា ឬ​ឱប​គ្នា​ដើម្បី​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី និង​ស្តោះ​ទឹកមាត់​នៅលើ​ទីលាន​អំឡុងពេល​ប្រកួត​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​រាតត្បាត​សាកល COVID-19​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្មាន​ឡើយ​ក្មេងៗ​ដែល​ត្រូវ​ចាប់ដៃ​កីឡាករ​ដើរចូល​តារាង​មុនពេល​ប្រកួត ហើយ​ការ​ចាប់ដៃគ្នា និង​ថតរូប​ជា​ក្រុម​មុន​ការប្រកួត ក៏ត្រូវ​លុបចេញ​ដែរ​។ ម្យ៉ាងទៀត គ្រូបង្វឹក អ្នកចាត់ការ និង​កីឡាករ​ដែល​អង្គុយ​នៅ​កៅអី​បម្រុង​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​អង្គុយ​ឆ្ងាយ​ពីគ្នា​។​
 
​លើសពីនោះ នៅពេល​គ្រូបង្វឹក​ចង់​ស្រែកប្រាប់​ទៅកាន់​កូនក្រុម ឬ​ជំនួយការ​គឺអាច​ដក​ម៉ាស់​ចេញពី​មាត់​បាន តែ​ត្រូវ​រក្សា​គម្លាត​ឲ្យ​បាន​យ៉ាងតិច ១,៥ ម៉ែត្រ​។ នៅពេល​មានការ​ស៊ុត​បញ្ចូល​ទី កីឡា​ទាំងអស់​ត្រូវ​អនុញ្ញាត​ត្រឹម​យក​កែងដៃ ឬ​ចុងជើង​ប៉ះគ្នា​ប៉ុណ្ណោះ​សម្រាប់​ការអបអរ​គ្រាប់​បាល់​។ ដោយឡែក ពេលវេលា​ដែល​ស្ថិតក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​នឹងត្រូវ​កំណត់ពេល​យ៉ាងយូរ​ត្រឹម ៣០ ទៅ ៤០​នាទី​សម្រាប់​កីឡាករ និង​បុគ្គលិក​ដែល​ពាក់ព័ន្ធ​។​៕
 

Tag:
 Bundesliga
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com