អន្តរជាតិ
ចិន ច្រានចោល​ផែនការ​របស់​អាមេរិក​ដែល​លើ​ការដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​
15, May 2020 , 8:19 pm        
រូបភាព
ដោយ:
ចិន នៅ​ថ្ងៃទី​១៤ ខែឧសភា បាន​ច្រានចោល​ផែនការ​របស់​អាមេរិក ដែល​ចង់​ពន្យារ​ទណ្ឌកម្ម​បម្រាម​លក់​អាវុធ​អោយ​អ៊ីរ៉ង់​របស់​អង្គការសហប្រជាជាតិ​។ ចំណែក​អាមេរិក​វិញ លើកឡើងថា​បើសិនជា​ផែនការ​នេះ​បរាជ័យ ខ្លួន​នឹង​ស្នើ​ដាក់ទណ្ឌកម្ម​ទាំងអស់​តាមរយៈ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​លើ​អ៊ីរ៉ង់​។

 
​លោក Brian Hook ប្រ​សិត​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អ៊ីរ៉ង់ បានទទួល​ស្គាល់​ជា​សាធារណៈ​ថា​យុទ្ធសាស្ត្រ​របស់​អាមេរិក​គឺ​ពន្យារ​ទណ្ឌកម្ម​បម្រាម​លក់​អាវុធ​អោយ​អ៊ីរ៉ង​។ ការអះអាង​នេះ ធ្វើឡើង ២​សប្តាហ៍​ពីរ​សប្តាហ៍​បន្ទាប់ពី​មន្ត្រី​អាមេរិក​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​បាន​និយាយថា អាមេរិក​បាន​ប្រាប់ អង់គ្លេស បារាំង និង​អាល្លឺម៉ង់​អំពី​ផែនការ​ទណ្ឌកម្ម​របស់​ខ្លួន​។​
 
​ចំណែកឯ​មន្ត្រី​ទូត​ចិន ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​នូវ​យ៉​ក និយាយថា​ការដែល​អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង គឺជា​ការបរាជ័យ​ក្នុង​ការបំពេញ​កាតព្វកិច្ច ស្ថិតក្រោម​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ឆ្នាំ​២០១៥ ដែល​បានរួម​បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​។ នេះ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
 
​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​(JCPOA)​ឆ្នាំ​២០១៥ ដែល​ចរចា​រវាង​អាមេរិក ចិន រុស្ស៊ី អាល្លឺម៉ង់ បារាំង និង​អង់គ្លេស មានបំណង​បង្ការ​អ៊ីរ៉ង់​មិន​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការ​សម្រាល​ទណ្ឌកម្ម​មួយចំនួន​។ ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ​ក៏​អនុញ្ញាត​ផងដែរ ឲ្យ​គេ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​វិញ ដែល​រួមមាន​បម្រាម​លក់​អាវុធ បើសិនជា​គេ​រកឃើញថា​អ៊ីរ៉ង់​បំពាន​កិច្ចព្រមព្រៀង​នោះ​។​
 
​តាមរយៈ​សារ Twitter  ស្ថាន​បេសកកម្ម​ចិន​ប្រចាំ​អង្គការ​ប្រជាជាតិ​បាន បន្ថែមថា អាមេរិក​គ្មាន​សិទ្ធិ​ក្នុងការ​ពន្យារ​បម្រាម​ល​ក់​អាវុធ​លើ​អ៊ីរ៉ង​ទេ និង​កុំថាឡើយ​ចង់​ដាក់ទណ្ឌកម្ម​ឡើងវិញ​។ ស្ថាន​បេសកកម្ម​ចិន​សង្កត់​បន្ថែមថា ការធានា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​គឺជា​រឿង​ត្រឹមត្រូវ​តែមួយគត់​ក្នុង​ការឈាន​ទៅមុខ​។ នៅក្រោម​កិច្ចព្រមព្រៀង​នេះ បម្រាម​ក្នុង​លក់​អាវុធ​របស់​អង្គការសហប្រជាជាតិ នឹងត្រូវ​ផុតរលត់​ក្នុង​ខែតុលា​។​
 
​លោក Hook និយាយថា​អាមេរិក​បាន​ព្រាង​សេចក្តីសម្រេចចិត្ត​នេះ​រួចរាល់​ហើយ​។ ប៉ុន្តែ​ដើម្បី​អនុម័ត​បាន​គេ​ត្រូវការ សម្លេងគាំទ្រ​ចំនួន​៩ និង​គ្មាន​សម្លេង​វេតូ​ប្រឆាំង​ពី​ចិន រុស្ស៊ី បារាំង ឫ​អង់គ្លេស​។ ចំណែកឯ​រុស្ស៊ី​វិញ បានបង្ហាញ​សញ្ញា​មុន​បាត់ទៅហើយ​ថា ខ្លួន​នឹងមិន​គាំទ្រ​សំណើ​របស់​អាមេរិក​។​
 
​អាមេរិក​ក្រោម​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ឆ្នាំ​២០១៨ បានសម្រេច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ដែល​សម្រេចបាន​ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អូ​បា​ម៉ា ដោយ​សម្អាងថា​ជា​កិច្ចព្រមព្រៀង​ដែល​អាក្រក់​បំផុត​។ ជាការ​តប​នឹង​ការដកខ្លួន​របស់​អាមេរិក អ៊ីរ៉ង​បាន​បង្កើន​ការ​ស្តុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម ហើយ​អាមេរិក​បានដាក់​ទណ្ឌកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំ​ប្រេង​ចេញ​របស់​អ៊ីរ៉ង់​។​
 
​ចំណែក​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ដែលជា​ភាគី​នៃ​កិច្ចព្រមព្រៀង ព្យាយាម​សង្គ្រោះ​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​មាន​ការវិវត្ត​តិចតួច​៕
 

Tag:
 អ៊ីរ៉ង់​
 ​អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com