COVID-19
អន្តរជាតិ
រដ្ឋាភិបាលថៃ ផ្ដើមផ្ញើលុយ១៥៥ដុល្លារប្រចាំខែឲ្យកសិករ១០លាននាក់ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា
× ធនាគារកសិកម្មថៃ (BAAC) នឹងចាប់ផ្ដើមផ្ញើលុយ៥០០០បាត (១៥៥ដុល្លារ)ទៅកាន់គណនីរបស់ប្រជាកសិករថៃ ដែលមានសិទ្ធិទទួលកម្មវិធីចែកប្រាក់ប្រចាំខែរបស់រដ្ឋាភិបាល។ គំនិតផ្ដួចផ្ដើមនេះ ត្រូវបង្កើតឡើងក្នុងគោលដៅជួយកសិករដែលផលប៉ះពាលផ្នែកហិរញ្ញវត្ថុដោយសារ COVID-19 ។
កសិករថៃ១០លាននាក់ នឹងផ្ដើមទទួលបានប្រាក់ នៅថ្ងៃទី១៥ ខែឧសភា ខណៈលុយមូលនិធិនេះ នឹងបែងចែកជាបណ្ដើរៗក្នុងខែនេះ។ ក្រសួងកសិកម្មថៃ ប្រកាសបែបនេះ ដែលត្រូវបានដកស្រង់ចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ ។
ទីប្រឹក្សាម្នាក់នៃក្រសួងកសិកម្មថៃ លោក AlongKorn Ponlaboot នៅថ្ងៃទី១៤ ខែឧសភា បានបញ្ជាក់ថា ក្រសួងលោកបានផ្ទៀងផ្ទាត់ព័ត៌មានដែលផ្ដល់ឲ្យដោយកសិករ នៅពេលពួកគេបានដាក់ពាក្យសុំចូលរួមក្នុងកម្មវិធីចែកប្រាក់របស់រដ្ឋាភិបាល។ លោក សង្កត់ធ្ងន់ថា ទិន្នន័យកសិករដែលមានសិទ្ធិចួលរួមក្នុងកម្មវិធីនេះ ចំនួន៨,៣៣លាននាក់ ត្រូវបានបញ្ជូនទៅឲ្យខាងធនាគារ។
គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៨ ខែមេសា បានសម្រេចអនុម័តកញ្ចប់មូលនិធិ១៥០ពាន់លានបាត ដែលស្មើនឹងជាង ៤,៦៧៥ពាន់លានដុល្លារ ដើម្បីជួយគាំទ្រកសិករ១០លាននាក់ដែលរងគ្រោះដោយសារ COVID-19 ។ ធនាគារ នឹងផ្ញើប្រាក់១៥៥ដុល្លារប្រចាំខែចូលទៅក្នុងគណនីធនាគារពួកគេ រហូតដល់ខែកក្កដា។
«កសិករចុះឈ្មោះប្រមាណ១លាននាក់ នឹងទទួលបានប្រាក់ ថ្ងៃនេះ»។ លោក Alongkorn បញ្ជាក់បែបនេះ ដោយបន្ថែមថា កសិករដទៃទៀត នឹងទទួលលុយពួកគេ នៅថ្ងៃបន្ដបន្ទាប់។ លោកបន្ថែមថា ធនាគារ នឹងផ្ញើលុយជូនកសិករ១លាននាក់ក្នុងមួយថ្ងៃ ហើយកសិករទាំងអស់១០លាននាក់ នឹងទទួលបានលុយគ្រប់គ្នា ត្រឹមចុងខែឧសភានេះ។
គិតត្រឹមថ្ងៃទី១៥ ខែឧសភា ប្រទេសថៃ មានករណីឆ្លងCOVID-19សរុប៣០២៥ករណី និងអ្នកស្លាប់មាន៥៦នាក់។ បើតាមវេបសាយ worldometers អ្នកជាសះស្បើយមាន២៨៥៤នាក់៕
Tag:
ថៃ
COVID-19
កសិករ
ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com