ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ស្របតាម​មតិ​រដ្ឋមន្ត្រី​អប់រំ ក្នុងការ​ពន្យារពេល​បើក​សាលា​
15, May 2020 , 9:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យល់ស្រប​តាម​លោក ហង់​ជួន ណា​រ៉ុ​ន ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្តល់​មតិ​ក្នុងការ​ពន្យារពេល​បើក​សាលារៀន​ឡើងវិញ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​រលក​ទី​២ នៃ​ជំងឺ​កូ​វីដ​-១៩​។

 
​នា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ប្រមុខ​រដ្ឋាភិបាល បង្ហាញ​ក្តីបារម្ភ​ថា​៖«​ក្រែងលោ​ផ្ទុះ​ឡើងវិញ ហើយ​ទប់ស្កាត់​លែង​បាន ជាពិសេស​ការស្នើសុំ​ឲ្យ​បើក​សាលា​ឡើងវិញ គឺ​មិនគួរ​ប្រញាប់ប្រញាល់​ក្នុង​ការបើក​ទេ​។ ប្រមុខ​រដ្ឋាភិបាល បន្តថា​៖«​ខ្ញុំ បាន​យល់ព្រម​ជាមួយនឹង​លោក ហង់​ជួន ណា​រ៉ុ​ន ដើម្បី​ពន្យារ​ការបើក​សាលា ធានា​ឲ្យ​ជីវិតរ​ស់បាន​គង់វង្ស​សិន ប្រសិនបើ​វា​ចូលក្នុង​សាលា គឺ​វា​ស្មើនឹង​ការចូល​ក្នុង​សហគមន៍​តែម្តង​»​។ 
 
​កាលពី​ប៉ុន្មាន​ថ្ងៃមុន អន្តរក្រសួង​និង​ស្ថាប័ន​អប់រំ​ឯកជន​នានា បាន​បើក​កិច្ចប្រជុំ ហើយក៏​ស្នើ​ឲ្យ​ក្រសួង​អប់រំ បើក​សាលារៀន​ទៅ​ទូទាំងប្រទេស​ឡើងវិញ​។ លោក ហង់​ជួន ណា​រ៉ុ​ន បានដាក់​លិខិត ជូនទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​សម្រេច​ពី​សំណើ​នេះ​។ 
 
​ក្នុង​លិខិត​នោះ លោក ហង់​ជួន ណា​រ៉ុ​ន បានបង្ហាញ​ការមិន​ឯកភាព​ចំពោះ​ការស្នើសុំ​ឲ្យ​បើក​សាលារៀន​នាពេលនេះ​។ លោក បាន​លើក​បទពិសោធ​នៅ​សិង្ហ​បុរី ជម្រាប​ទៅ​សម្តេច​ថា​៖«​កំហុស​មួយ​នៃ​ប្រទេស​សិង្ហ​បុរី គឺ​ការ​បណ្តោយ​ឲ្យ​ជំងឺ​នេះ ឆ្លង​ចូល​សាលារៀន និង​អន្តេវាសិកដ្ឋាន​កម្មករ ដែល​ធ្វើ​ឲ្យ​សភាពការណ៍​គ្រប់គ្រង​លែង​បាន​»​។​
 
​យ៉ាងណា ក្នុង​លិខិត​នោះ លោក​រដ្ឋមន្ត្រី ជូនដំណឹង​ទៅ​សម្តេច​ថា ក្រសួង​អប់រំ នឹង​ពិចារណា​ពី​ការបើក​សាលារៀន​ឡើងវិញ ឲ្យ​បាន​មុន​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​។​
 
​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ទទួលស្គាល់ថា កម្ពុជា បាន​ធូរស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​មួយចំនួន បាន​វិល​មករក​សភាព​ល្អប្រសើ​រវិ​ញ​។ ប៉ុន្តែ សម្តេច នៅតែ​ទទូច​ឲ្យ​ប្រជាពលរដ្ឋ បន្ត​ប្រុងប្រយ័ត្ន​នឹង​ជំងឺ​នេះ​៕ 
 
 
 

Tag:
 អប់រំ​
 ​សាលា​
© រក្សាសិទ្ធិដោយ thmeythmey.com