COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
IOC ត្រៀម​កញ្ចប់​លុយ​៨០០​លាន​ដុល្លារ​ជួយ​ជប៉ុន​លើ​ការពន្យារពេល​អូឡាំពិក​
15, May 2020 , 9:59 pm        
រូបភាព
លោក Thomas Bach ប្រធាន IOC
លោក Thomas Bach ប្រធាន IOC
គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​ត្រៀម​ថវិកា​ចំនួន ៨០០ លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​សម្រួល​ដល់​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​បាន​ពន្យារពេល​ទៅ​ឆ្នាំក្រោយ​។ លោក Thomas Bach ប្រធាន IOC ប្រកាស​បែបនេះ​នៅ​ថ្ងៃទី​១៤ ខែឧសភា​។​


​កាលពី​ខែមីនា IOC និង​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​គ្នា​ពន្យារពេល​ការប្រកួត​កីឡា​អូឡាំពិក​នេះ​រយៈពេល​មួយឆ្នាំ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត COVID-19​។ ដោយសារ​ការពន្យារពេល​នេះ បានធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ជប៉ុន​ខាតបង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ​។​
 
​ដោយ​មើលឃើញ​ពី​ផល​លំបាក​នេះ ប្រធាន IOC លោក Bach បានលើកឡើង​ក្នុង​សន្និសីទ​នៃ​កិច្ច​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ខ្លួន​ថា ស្ថាប័ន​លោក​នឹងត្រូវ​ចំណាយ​រហូតដល់​ទៅ ៨០០ លាន​ដុល្លារ​សម្រាប់​បង្ហាញ​ពី​ការទទួលខុសត្រូវ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ដែល​បាន​ពន្យារពេល​ទៅ​ឆ្នាំ​២០២១​។​
 
​ក្នុងចំណោម​ប្រាក់​ទាំងអស់ IOC នឹង​ផ្តល់​ឲ្យ​អ្នករៀបចំ​កម្មវិធី​ចំនួន​៦៥០​លាន​ដុល្លារ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​នៅ​ឆ្នាំក្រោយ​បន្ទាប់ពី​ពន្យារ​មួយឆ្នាំ​ដោយសារ COVID-19​។ ដោយឡែក​ទឹកប្រាក់ ១៥០​លាន​ដុល្លារ​ទៀត​នឹង​ផ្តល់ជូន​ដើម្បី​គាំទ្រ​ដល់​សហព័ន្ធ​អន្តរជាតិ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ជប៉ុន​។​
 
​យ៉ាងណាក៏ដោយ​ប្រធាន IOC សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​នឹង​កាត់បន្ថយ​ប្រាក់​មួយចំនួន​មកវិញ ប្រសិនបើ​អូឡាំពិក​តូ​ក្យូ​ឆ្នាំ​២០២០ ត្រូវ​រំសាយ​ចោល​។ ជុំវិញ​លទ្ធភាព​ក្នុងការ​លុប​កម្មវិធី​កីឡា​លំដាប់​ពិភពលោក​នេះ ឬ​ត្រូវ​ពន្យារ​បន្ត​នោះ លោក Bach មិន​ហ៊ាន​ធានា​នោះទេ ប្រសិនបើ​វ៉ាក់សាំង​សម្រាប់​ជំងឺ COVID-19 មិនទាន់បាន​រកឃើញ​នៅមុន​ព្រឹត្តិការណ៍​ឆ្នាំក្រោយ​ដែល​គ្រោង​នឹង​ដំណើរការ​ពីថ្ងៃ​ទី​២៣ ខែកក្កដា​ដល់​ថ្ងៃទី​៨ ខែសីហា​នោះ​។​
 
​លោក Bach បន្ថែមថា​៖«​យើង​មាន​រយៈពេល​មួយឆ្នាំ និង​ពីរ​ខែ​ទៀត ដូច្នេះ​វា​លឿន​ពេក​ហើយ​ក្នុងការ​ទាញ​សេចក្តីសន្និដ្ឋាន​ណាមួយ​ជុំវិញ​ព្រឹត្តិការណ៍​កីឡា​នេះ​»​។​
 
​វ៉ាក់សាំង​ជាង​៩០​កំពុង​បាន​បង្កើតឡើង​នៅ​ទូទាំង​ពិភពលោក ដោយ​៨​កន្លែង​ស្ថិតនៅក្នុង​ដំណាក់កាល​សាកល្បង​ហើយ​។ ប៉ុន្តែ​អ្នកជំនាញ​មើលឃើញថា​ដំណើរការ​នេះ​អាច​ចំណាយពេល​ច្រើន​ឆ្នាំ ហើយក៏​ប្រហែលជា​មិន​កើតឡើង​ផងដែរ​៕

Tag:
 IOC
  Thomas Bach
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com