អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ លើកកម្ពស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា
× ភ្នំពេញ៖ អេ អឹម ខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៃចំនួនអតិថិជន និងតំបន់ប្រតិបត្តិការ បានចូលរួមគម្រោង “សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” ដែលផ្តល់ជូននូវអត្រាការប្រាក់ត្រឹមតែ ៧% ប៉ុណ្ណោះក្នុងមួយឆ្នាំ ព្រមទាំងមិនគិតកម្រៃសេវារដ្ឋបាល (Loan Fee) ផងដែរ។
កាលពីពេលថ្មីៗកន្លងមកនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្កើតគម្រោង“សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” ក្នុងគោលបំណងដើម្បីផ្តល់ឥណទានដែលមានការប្រាក់ទាបដល់សហគ្រាសខ្នាតតូច និងមធ្យម ដល់អាជីវកម្ម លើវិស័យអាទិភាពដូចជា៖ ផ្នែកកម្មន្តសាល (ការផលិត ឬកែឆ្នៃចំណីអាហារ) និងសិប្បកម្ម សម្រាប់ជំនួសឲ្យការនាំចូល ដើម្បីបម្រើសេចក្តីត្រូវការក្នុងស្រុក ឬ បម្រើជាធាតុចូលនៅក្នុងការផលិត របស់ក្រុមហ៊ុន។ គម្រោងដែលមានទំហំទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិក គឺជាការផ្តល់នូវសហហិរញ្ញប្បទានបដិភាគស្មើភាពគ្នារវាងធនាគារសហគ្រាសខ្នាតតូច និងមធ្យម និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៣៣ផ្សេងទៀត។
លោក ទុំ ច័ន្ទដេត នាយកប្រតិបត្តិសាជីវកម្ម អេ អឹម ខេ បានលើកឡើងថា “ការផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការបង្កើតឲ្យមានម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងដំណាក់កាលដេលប្រទេសកម្ពុជាកំពុងមានបញ្ហាជំងឺកូវីដ-១៩ គឺជាយន្តការដ៏ល្អដើម្បីជួយដល់ម្ចាស់សហគ្រាសទាំងអស់ដែលកំពុងត្រូវការទុនដើម្បីបង្វិល បង្កើនអាជីវកម្ម ឬដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ បានទាន់ពេលវេលា។ ពិសេសគម្រោងនេះគឺនឹងជួយលើកកំពស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុកឲ្យមានលទ្ធភាពផលិត និងផ្គត់ផ្គង់តម្រូវការកាន់តែច្រើនឡើង កាត់បន្ថយការនាំចូល។ ក្នុងនាមជាអ្នកចូលរួមអនុវត្តន៍គម្រោងសហហិរញ្ញប្បទាននេះ អេ អឹម ខេ នឹងប្រើប្រាស់ហិរញ្ញប្បទាននេះឲ្យអស់ពីលទ្ធភាពដើម្បីជំរុញដល់ការផលិត ឬផ្តល់សេវាកម្មផ្សេងៗរបស់សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀត។
លោកច័ន្ទដេតបានបន្ថែមទៀតថា “ការពិតទៅកម្ចីសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម អេ អឹម ខេ បានដាក់ឲ្យដំណើរការតាំងពីដើមឆ្នាំ២០១៩ មកម្លេះ ដោយអតិថិជនអាចខ្ចីបានរហូតដល់១០ម៉ឺនដុល្លារ ជាមួយនឹងអត្រាការប្រាក់ប្រគួតប្រជែងនៅលើទីផ្សារ។ ជាមួយគម្រោងសហហិរញ្ញប្បទាននេះ នឹងធ្វើឲ្យ អេ អឹម ខេ កាន់តែមានលទ្ធភាពច្រើនឡើងក្នុងការផ្តល់កម្ចីជូនអតិថិជនរបស់យើងជាមួយនឹងអត្រាការប្រាក់កាន់តែទាប និងអត្ថប្រយោជន៍ជាច្រើនទៀត។”
អេ អឹម ខេ គឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែមីនា ឆ្នាំ ២០២០ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩៥ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង៣៥០ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៧០ លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជិត ៦.០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងពិសេសគឺកម្មវិធីទូរស័ព្ទដៃ AMK Mobile App។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com