COVID-19
ជាតិ
Covid-19៖ អ្នកជំងឺ​ចុងក្រោយ​បានជា​សះស្បើយ​ហើយ ខណៈ​កម្ពុជា​បន្ត​គ្មាន​អ្នក​ឆ្លង​ថ្មី​
16, May 2020 , 9:44 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​គ្មាន​អ្នកជំងឺ​កូ​វីដ​-១៩(Covid-19) ទេ ខណៈដែល​អ្នកជំងឺ​កូ​វីដ​-១៩​ចុងក្រោយ បានជា​សះស្បើយ​។  អ្ន្​ក​ជាសះស្បើយ​ពី​កូ​វីដ​-១៩​ចុងក្រោយ ក្នុងចំណោម​អ្នកជា​ទាំង​១២២​នោះ គឺជា​ស្ត្រី​វ័យ​៣៦​ឆ្នាំ ដែល​រស់នៅ​ខេត្តបន្ទាយមានជ័យ​។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៦​ឧសភា​។​

 
​ទន្ទឹមនឹង​ក្រសួងសុខាភិបាល​ប្រកាសថា​អ្នកជំងឺ​ទី​១២២​នោះ​ជាសះស្បើយ ក្រសួង​ក៏បាន​ប្រកាសថា កម្ពុជា​នៅតែ​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​នេះ​។ ថ្វី​ដ្បិត​ពេលនេះ កម្ពុជា​គ្មាន​អ្នក​ឆ្លង​ថ្មី​នេះ​នៃ​ជំងឺ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅតែ​បន្ត​អំពាវនាវ និង​ស្នើសុំ​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​រក្សា​អនាម័យ និង​គម្លាត​សុវត្ថិភាព​ជានិច្ច ដើម្បី​បង្ការ​ជំងឺ​នេះ ដោយ​ជាយថាហេតុ​។ 
 
​កម្ពុជា រកឃើញ​អ្នក​ឆ្លង​សរុប​១២២​នាក់ និង​បានជា​សះស្បើយ​ទាំង​ចំនួន​១២២​នាក់​នោះ​ហើយ​។ អ្នក​សះស្បើយ​ទាំង​១២២​នាក់ រួមមាន​ជនជាតិខ្មែរ​ចំនួន​៥១​នាក់​, បារាំង ៤០​នាក់​,​ម៉ាឡេស៊ី ១៣​នាក់​, អង់គ្លេស​៥​នាក់​, ចិន​៣​នាក់​, វៀតណាម​៣​នាក់​, អាមេរិកាំង​២​នាក់​,  ឥណ្ឌូណេស៊ី​២​នាក់​,​កាណាដា​២​នាក់ និង​ជនជាតិ​បែ​ល​ហ្សិ​ក​១​នាក់​។​
 
​សូមជម្រាបថា អ្នកជំងឺ​ទី​១២២ ដែល​បានជា​សះស្បើយ​នៅ​ថ្ងៃទី​១៦​ឧសភា​នេះ ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ កាល​ថ្ងៃទី​២៨ មីនា​។ មូលហេតុ​ដែល​គាត់​ក្រ​ជាសះស្បើយ គឺ​ដោយសារ​អ្នកជំងឺ​រូបនេះ មាន​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត​។ នេះ​បើតាម​ការពន្យល់​របស់​ក្រសួងសុខាភិបាល កាលពីពេល​កន្លងទៅ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com