ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ចង់​រក្សា​សុខភាព​ថ្លើម​ល្អ កុំ​រំលង​គន្លឹះ​ទាំងនេះ​
18, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្លើម គឺជា​ប្រព័ន្ធ​មុខងារ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ ហើយ​វា​មាន​តួនាទី​ចម្បង​ក្នុងការ​កម្ចាត់​ជាតិពុល និង​សារ​ធាតុគីមី​គ្រោះថ្នាក់​ផ្សេងៗ​ចេញពី​រាងកាយ ក៏ដូចជា​សរីរាង្គ​ដទៃទៀត​។​ដូច្នេះ​ការរក្សា​ឱ្យបាន​នូវ​សុខភាព​ថ្លើម​ល្អប្រសើរ គឺ​ចាំបាច់​ណាស់​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ទប់ស្កាត់​បញ្ហា​ថ្លើម​ធ្ងន់ធ្ងរ​ផ្សេងៗ ៖

 
១. ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាច​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងណា​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ថ្លើម​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ប្រសិនបើ​មិនអាច​ផ្ដាច់​បាន ចូរ​ទទួលទាន​ក្នុង​កម្រិត​មធ្យម​ដោយ​មិនគួរ​លើសពី ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​និង​ច្រើនជាង ១ កែវ ដែរ​សម្រាប់​នារី​។​
 
២. រក្សា​ទម្ងន់​ឱ្យបាន​ត្រឹមត្រូវ​
 
​ការ​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​មិន​ត្រឹមតែ​ជះឥទ្ធិពល​លើ​សុខភាព​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចំពោះ​ថ្លើម​ដែរ​។ ភាពធាត់​ជ្រុល​បង្កើន​បរិមាណ​ខ្លាញ់​ច្រើន​លើស​ក្នុង​ថ្លើម​ដែល​អាច​បង្ក​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បាន​យ៉ាង​ងាយ​។​
 
៣. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
 
​លំ​ហាត់ប្រាណ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ​។ ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ផ្ដល់​អត្ថប្រយោជន៍​គួរឱ្យកត់សម្គាល់​ដល់​សុខភាព​ថ្លើម​ទប់ស្កាត់​ការខូចខាត​ដោយសារ​ភាពធាត់​ជ្រុល​។ អ្នក​ដែលមាន​បញ្ហា​ឡើង​ខ្លាញ់​ច្រើន​ក្នុង​ថ្លើម​ក៏​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​ទប់ស្កាត់​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។​
 
៤. បង្កើន​ការទទួល​ទាន​ទឹក​
 
​ត្រូវ​ប្រាកដថា​អ្នក​បានទទួល​ទាន​ទឹក​ច្រើន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃៗ​ដើម្បី​រក្សាបាន​នូវ​ថ្លើម​ដែលមាន​សុខភាព​ល្អ​។ ទឹក​ជួយ​កម្ចាត់​ជាតិពុល​ដែល​អណ្ដែត​ពេញ​ក្នុង​រាងកាយ​និង​ជួយ​រក្សា​ជាតិ​ទឹក​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។​
 
៥. ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ​
 
​ដើម្បី​រក្សាបាន​នូវ​សុខភាព​ថ្លើម​ល្អប្រសើរ អ្នក​ចាំបាច់​គួរប្រើ​ប្រាស់ ឬ​លេបថ្នាំ​ណាមួយ​ទៅតាម​ការណែនាំ​ត្រឹមត្រូវ ឬ​វេជ្ជបញ្ជា​គ្រូពេទ្យ​។ ការ​លេបថ្នាំ​ច្រើនពេក ឬ​ប្រើប្រាស់​ខុស​អាច​បង្ក​គ្រោះថ្នាក់​គួរឱ្យ​ព្រួយបារម្ភ​លើ​សុខភាព​ថ្លើម​.
 
៦. ឈប់​ជក់បារី​
 
​ការជក់បារី​ជាប្រចាំ​អាច​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ចំពោះ​សុខភាព​ថ្លើម ក៏ដូចជា​សមត្ថភាព​ក្នុងការ​បំពេញ​មុខងារ​។ ការជក់បារី​ផលិត​នូវ​សារ​ធាតុគីមី​គ្រោះថ្នាក់​ដែល​បំផ្លាញ​កោសិកា​ថ្លើម និង​ពន្យឺត​ដំណើរការ​នៃ​មុខងារ​របស់​ថ្លើម​ដែល​ធ្វើ​ឲ្យ​ថ្លើម​ប្រែជា​គ្មាន​ប្រយោជន៍ ហើយ​បណ្ដាល​ឲ្យ​ខ្សោយ​ថ្លើម​។ ដូច្នេះ​ចូរ​ព្យាយាម​បញ្ឈប់ ឬ​កែប្រែ​ទម្លាប់​នៃ​ការជក់បារី​របស់​អ្នក ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com