ជាតិ
សង្គមជាតិ
លោក ហ៊ឹម ឆែម អតីតរដ្ឋមន្រ្តីសាសនា ទទួលមរណភាព ក្នុងជន្មាយុ៨២ឆ្នាំ
× លោក ហ៊ឹម ឆែម អតីតរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលមរណភាព នៅព្រឹកម៉ោង១០និង៤៤នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។
ទូរទស្សន៍ជាតិកម្ពុជា បានចុះផ្សាយពីប្រសាសន៍របស់លោក ហ៊ឹម និមល ជាកូនរបស់លោក ហ៊ឹម ឆែម ថា សពរបស់លោក ហ៊ឹម ឆែម កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា មិនអាចផ្តល់ព័ត៌មានឲ្យច្បាស់ឡើយថា លោក ហ៊ឹម ឆែម មានជំងឺអ្វីខ្លះ។ លោក គ្រាន់តែប្រាប់ថា គាត់ ដល់វ័យចាស់ជរា ហើយចាប់ផ្តើមមានបញ្ហាសុខភាពនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តាំងពីអំឡុងខែមករា ឆ្នាំ២០២០មក។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ អ្នកនាំពាក្យរូបនេះ លើកឡើងថា លោក ហឹម ឆែម ជាឥស្សជនម្នាក់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ក្នុងការតស៊ូដើម្បីជាតិ។ លោក ក៏សរសើរលោក ហ៊ឹម ឆែម ដែរ ថាជាមេដឹកនាំម្នាក់ ដែលមានចំណេះដឹង មានបទពិសោធ និង មានគុណធម៌។ លោក ថ្លែងបែបនេះថា៖«យើងទាំងអស់ពិតជាសោកស្តាយណាស់»។
កាលពីអំឡុងខែមេសា ឆ្នាំ២០១៦ លោក ហ៊ឹម ឆែម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជំនួសលោក មិន ឃិន។ លោក ហ៊ឹម ឆែម ក៏ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
ដល់ខែមីនា ឆ្នាំ២០២០ លោក ឈិន សុខុន ឡើងជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជំនួសលោក ហ៊ឹម ឆែម ហើយលោក ហ៊ឹម ឆែម ត្រូវបានដំឡើងទៅជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស៕
© រក្សាសិទ្ធិដោយ thmeythmey.com