COVID-19
អន្តរជាតិ
សុបិន​របស់​ជនអន្តោប្រវេសន៍​ជាប់គាំង​ដោយ​វីរុស​កូ​រ៉ូ​ណា​
16, May 2020 , 7:59 pm        
រូបភាព
លោក Divo Le ជួយ​ធ្វើ​កិច្ចការ​សាលា​របស់​កូន​លោក​ នៅ​ពេល​ដែល​ហាង​ធ្វើ​សក់​របស់​លោក​ត្រូវ​បាន​បិទ​ទ្វារ។
លោក Divo Le ជួយ​ធ្វើ​កិច្ចការ​សាលា​របស់​កូន​លោក​ នៅ​ពេល​ដែល​ហាង​ធ្វើ​សក់​របស់​លោក​ត្រូវ​បាន​បិទ​ទ្វារ។
ដោយ: VOA
​ក្រុង ALEXANDRIA ៖ ផលវិបាក​រាលដាល​ដ​ល់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​នៅក្នុង​តំបន់​រដ្ឋធានី Washington ដែល​ត្រូវ​បង្ខំចិត្ត​បញ្ឈប់​បុគ្គលិក នៅពេល​គ្មាន​ប្រាក់ចំណូល​។ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​លោក Divo Le អ្នកជំនាញ​ធ្វើ​សក់ ក្នុង​ទីក្រុង Alexandria រដ្ឋ Virginia ដែល​កំពុង​នៅផ្ទះ​ជាមួយ​កូនស្រី​ភ្លោះ​អាយុ ៦​ឆ្នាំ​របស់លោក ប៉ុន្តែ​និយាយ​ដោយ​សោកស្តាយ​ពី​ការបិទទ្វា​ហាង ដែល​លោក​ធ្លាប់មាន​បុគ្គលិក ៨ នាក់​។​

 
​បុរស​អាយុ ៥២​ឆ្នាំ​រូបនេះ​បាន​និយាយថា​៖ «​ខ្ញុំ​ចូលចិត្ត​លេង​ជា​កូនស្រី​ខ្ញុំ និង​ជួយ​ពួកគេ ប៉ុន្តែ​ខ្ញុំ​ពិតជា​ចង់​ត្រឡប់​ទៅធ្វើ​ការ​វិញ​ណាស់​»​។​
 
​នៅក្នុង​ខែមីនា រដ្ឋ Virginia បាន​ចូលរួម​ជាមួយនឹង​រដ្ឋ​ផ្សេងៗ​ទៀត ដើម្បី​បិទ​អាជីវកម្ម​ពុំ​សូវ​ចាំបាច់​ដែល​រួមទាំង​ហាង​ធ្វើ​សក់​ផងដែរ​។​
 
​ជំងឺ​កូ​វីដ​១៩ បាន​បង្ក​ការលំបាក ដែល​លោក Divo មិនដែល​ជួបប្រទះ​ពីមុនមក និង​បង្ខំ​ឲ្យ​លោក​ផ្អាក​សុបិន​របស់លោក​មួយរ​យៈ​។ នៅពេល​លោក​មាន​អាយុ ១៥​ឆ្នាំ លោក​បាន​ចាក​ចេញពី​ប្រទេស​វៀតណាម​ជាមួយ​មិត្ត​ម្នាក់ ដើម្បី​គេចចេញ​ពី​ភូមិ​ក្រីក្រ​មួយ ដើម្បី​អ្វីដែល​លោក​រំពឹងថា​នឹង​ទទួលបាន​អនាគត​ភ្លឺស្វាង ៨​ឆ្នាំ​បន្ទាប់ពី​ការបញ្ចប់​សង្គ្រាម​វៀតណាម ដែល​បាន​បំផ្លិចបំផ្លាញ​ប្រទេស​នេះ​។​
 
​លោក​និយាយថា​៖ «​កាលនោះ​ខ្ញុំ​ល្ងង់​ណាស់ ហើយ​សូម្បី​ពេល​ខ្ញុំ​ចាកចេញ ក៏​ខ្ញុំ​មិនបាន​ប្រាប់​ឪពុកម្ដាយ​ខ្ញុំ​ដែរ​។ ខ្ញុំ​គ្រាន់តែ​ដឹងថា មនុស្ស​ជាច្រើន​នាក់​ព្យាយាម​ចាកចេញ​ពី​វៀតណាម ដោយ​សង្ឃឹមថា​មាន​ទៅដល់​សហរដ្ឋអាមេរិក ហើយ​ខ្ញុំ​ក៏​ចង់ទៅ​ទីនោះ​ដែរ​»​។​
 
​លោក Divo បាន​ជិះទូក​ទៅកាន់​ប្រទេស​ថៃ និង​ត្រូវបាន​គេ​ឲ្យ​ស្នាក់នៅ​ក្នុង​ជំរំ​។ ប្រហែល​មួយឆ្នាំ​ក្រោយមក លោក​បាន​មកដល់​តំបន់​រដ្ឋធានី Washington កន្លែង​ដែល​លោក​ត្រូវបាន​ស្វាគមន៍​ដោយ​ឪពុកម្ដាយ​ធម៌​ជនជាតិ​អាមេរិកាំង ដែល​លោក​ហៅថា​៖ «​ជា​គ្រួសារ​ល្អ​មួយ​» នៅ​ជាយ​រដ្ឋ Virginia​។​
 
​លោក​បានចាប់ផ្ដើម​រៀន​ភាសា​អង់គ្លេស ហើយ​ជាជាង​ហៅ​ឈ្មោះ​ខ្លួនឯង​ថា Phong លោក​បានជ្រើសរើស​ឈ្មោះ​ហៅ​ក្រៅ​មួយ​ថា Divo ជា​ឈ្មោះ​ដែល​គ្រប់គ្នា​បាន​ហៅ​គាត់​តាំងពី​ពេលនោះ​មក​។ លោក​ថា លោក​ចូលចិត្ត​ឈ្មោះ​នេះ​។​
 
​បន្ទាប់ពី​រៀន​ចប់​វិទ្យាល័យ លោក Divo បានក្លាយ​ជាជាង​ធ្វើ​សក់​ម្នាក់ ធ្វើការ​នៅតាម​ហាង​ធ្វើ​សក់​នានា​នៅក្នុង​តំបន់​រដ្ឋធានី Washington អស់​រយៈពេល​ជាង ២៥​ឆ្នាំ​មកហើយ​។​
 
​ពេលវេលា​កន្លងផុតទៅ​យ៉ាង​លឿន ប្រាំ​ឆ្នាំមុន សុបិន​របស់លោក​បាន​ក្លាយជា​ការពិត​។ លោក​បាន​បើកហាង​ធ្វើ​សក់​មួយ​ឈ្មោះ សាឡ​ន Divo ។ វា​មិន​ងាយស្រួល​ទេ​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​ខ្នាតតូច​របស់លោក នៅពេលដែល​លោក​មិនអាច​ទទួលបាន​កម្ចី​ពី​ធនាគារ​។ ដូច្នេះ លោក និង​អ្នកស្រី Dina ភរិយា​របស់លោក បាន​ចំណាយ​ប្រាក់​សន្សំ​ទាំងអស់ និង​ប្រើ​កាត​ឥណទាន​ជាច្រើន ដើម្បី​បើកហាង​ធ្វើ​សក់​នេះ​។​
 
​ឥឡូវនេះ លោក Divo អង្គុយ​លើ​កៅអី​ក្នុង​ហាង​ធ្វើ​សក់​ដ៏​ស្ងាត់ ពិចារណា​ពី​អនាគត​អាជីវកម្ម​របស់លោក ដែល​រីកចម្រើន​ក្លាយខ្លួនជា​ហាង​ធ្វើ​សក់​ផង និង​ធ្វើ​ក្រចក​ផង ដែលមាន​ពីរ​ជាន់​នៅក្នុង​អគារ​សាង​ពី​ឥដ្ឋ​មួយ​។ ទីតាំង​នោះ​លោក​ជួល​ពី​គេ​ពីរ​ម្ចាស់​។​
 
​លោក​និយាយថា​៖ «​ម្ចាស់​ទីតាំង​ម្នាក់​ចង់បាន​ថ្លៃឈ្នួល​ឥឡូវនេះ ហើយ​មិន​រង់ចាំ​ឡើយ ប៉ុន្តែ​ម្ចាស់​ទីតាំង​ម្នាក់ទៀត​មានការ​យោគយល់​ជាង ដោយបាន​និយាយថា​គាត់​អាច​រង់ចាំ​រហូតដល់​បើក​ហាង​ឡើងវិញ មុន​ឲ្យ​យើង​បង់​ឈ្នួល​ផ្ទះ​»​។​
 
​អ្នកស្រី Dina ភរិយា​របស់លោក ដែលជា​ជាង​ធ្វើ​សក់​ម្នាក់​នៅ​ហាង​នេះ បាន​បន្ថែមថា​៖ «​យើង​បាន​ត្រៀម​ទុក​ប្រាក់​មួយចំនួន​តូច សម្រាប់​ទប់ទល់​នៅពេល​មានរឿង​អ្វី​កើតឡើង ប៉ុន្តែ​យើង​មិនអាច​ទប់ទល់​បានយូរ​ទេ​»​។​
 
​នៅពេល​កំពុង​លាយ​ថ្នាំលាបសក់ លក់​ជូន​អតិថិជន​ដែល​មក​យក​នៅ​ហាង​របស់លោក លោក Divo បាន​និយាយថា​៖ «​យើង​ដូចជា​ពលរដ្ឋ​អាមេរិកាំង​ដទៃទៀត​ដែរ​គឺ​ព្យាយាម​តស៊ូ​រកប្រាក់​ចិញ្ចឹមជីវិត​»​។ ដើម្បី​ទទួលបាន​ចំណូល​បន្តិចបន្តួច លោក​លក់​សម្ភារៈ​លា​បស​ក់ ជូន​អតិថិជន​ដែល​មក​ទិញយក​ទៅផ្ទះ​។​
 
​អ្នកនាង Lori Luster ដែលជា​អតិថិជន​ប្រចាំ​ម្នាក់​បាន​និយាយថា​៖ «Divo និង Dina កំពុងតែ​ជួប​ការលំបាក​ក្នុងពេល​បច្ចុប្បន្ន ហើយ​ខ្ញុំ​ចង់​ជួយ​ពួកគេ​ក្នុង​កាលៈទេសៈ​ពិបាក​នេះ​។ ពួកគេ​ចិត្តល្អ​ជាមួយ​គ្រួសារ​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​ជួយ​ពួកគេ​តាម​ដែល​ខ្ញុំ​អាចធ្វើ​បាន​»​។​
 
​លោក Divo សម្ដែង​ការដឹងគុណ​ចំពោះ អតិថិជន​ដែលមាន​ចិត្តល្អ ដែល​ហៅ​ទូរស័ព្ទ និង​ផ្ញើ​សារ​មក​គាត់ ប្រាប់ថា​ពួកគេ​នឹង​មក នៅពេល​ហាង​គាត់​បើក​ដំណើរការ​វិញ​។ លោក​មិន​ចង់​ផ្អាក​បុគ្គលិក​ទាំង​ប្រាំ​បីនាក់​ដូច្នេះ​ឡើយ ហើយ​តែងតែ​សួរ​ពី​សុខទុក្ខ​របស់​ពួកគេ​ជានិច្ច​។​
 
​នៅពេលដែល​ហាង​ធ្វើ​សក់​បើក​ឡើងវិញ ហើយ​ពួកគេ​ត្រឡប់មក​ធ្វើការ​វិញ លោក​គ្រោង​នឹង​បើក​ប្រាក់ខែ​ឲ្យ​ពួកគេ​តាមរយៈ​កម្មវិធី​ការពារ​ប្រាក់បៀវត្ស​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី​មួយ ដែល​បង្កើតឡើង​ដើម្បី​ផ្ដល់​កម្ចី​ឥត​សំណង ទៅកាន់​អាជីវកម្ម​ខ្នាតតូច ដែល​នៅ​បន្ត​បើកប្រាក់​បៀវត្ស​ឲ្យ​បុគ្គលិក​របស់​ពួកគេ​។​
 
​លោក Divo និយាយថា​៖ «​យើង​កំពុង​រង់ចាំ​ដំណឹង ថា​តើ​យើង​នឹង​ទទួលបាន​កម្ចី​ឬទេ​។ កម្ចី​នេះ​នឹង​ជួយ​ដល់​យើង​ច្រើនណាស់​»​។ 
 
​ដូច្នេះ​អាចមាន​ដំណឹង​ល្អ សម្រាប់​ហាង​ធ្វើ​សក់​របស់លោក Divo ដោយសារ​អភិបាលរដ្ឋ Virginia បាន​បើក​រដ្ឋ​ដំណាក់កាល​ទី​១ នៅ​ថ្ងៃទី​១៥ ខែឧសភា​។ ការបើក​រដ្ឋ​ជំហាន​ទី​១​មួយ អនុញ្ញាត​ឲ្យ​អាជីវកម្ម​ដែល​មិនសូវ​ចាំបាច់​បើកទ្វា តែ​ត្រូវ​កំណត់​ចំនួន​អតិថិជន​ចូល​ហាង និង​រក្សា​ឲ្យ​បាន​នូវ​ការថែរក្សា​អនាម័យ​ដើម្បី​ការពារ​ដល់​បុគ្គលិក និង​អតិថិជន​។​
 
​លោក Divo ពន្យល់ថា​៖ «​ដំបូង​ប្រហែលជា​មានតែ​ខ្ញុំ​នៅក្នុង​ហាង ជាមួយ​អតិថិជន​ម្នាក់​ម្ដងៗ ព្រោះថា​ដើម្បី​រក្សា​គម្លាត​ពីគ្នា ការ​ឲ្យ​បុគ្គលិក​ទាំងអស់​មក​ធ្វើការ​មិនអាច​ទៅរួច​ទេ​។ វា​ប្រហែលជា​ត្រូវ​លំបាក​ដើម្បី​ឲ្យ​ហាង​ដំណើរការ​ដូចដើម ប៉ុន្តែ​ខ្ញុំ​ជឿ​លើ​សហរដ្ឋអាមេរិក ហើយ​ថា​យើង​នឹង​ឆ្លង​ផុត​ការលំបាក​នេះ ដោយសារ​យើង​មាន​រដ្ឋាភិបាល​ល្អ​មួយ​ថែរក្សា​ពួកយើង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com