COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​ប្រេ​ស៊ី​លលា​លែង​ពី​តំណែង ព្រោះ​មិនត្រូវ​គ្នា​ជាមួយ​ប្រធានាធិបតី​រឿង COVID-19
16, May 2020 , 2:39 pm        
រូបភាព
លោក Nelson Teich លាលែងពីតំណែងរដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល។ រូបភាព Xinhua
លោក Nelson Teich លាលែងពីតំណែងរដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល។ រូបភាព Xinhua
​រដ្ឋមន្ត្រី​សុខាភិបាល​ប្រេ​ស៊ី​ល Nelson Teich បាន​លាលែង​ពី​តំណែង​របស់ខ្លួន បន្ទាប់ពី​កាន់តំណែង​នេះ​មិនទាន់បាន​មួយខែ​ស្រួលបួល​ផង​នោះ​។ ដូច​រដ្ឋមន្ត្រី​មុន​ដែរ លោក Teich មាន​ជំហរ​មិនត្រូវ​គ្នា​ជាមួយ​ប្រធានាធិបតី ជែ បុល​សូ​ណា​រ៉ូ (Jair Bolsnaro) ឡើយ​ពាក់ព័ន្ធ​ការឆ្លើយតប​ជំងឺ COVID-19 ដែល​កំពុង​អុកឡុក​ប្រេ​ស៊ី​ល​។

 
 
​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែឧសភា​ថា លោក Nelson Teich បានប្រគល់​លិខិត​លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​សុខាភិបាល​ទៅ​ឲ្យ​ប្រធានាធិបតី ជែ បុល​សូ​ណា​រ៉ូ នៅ​ជំនួប​នៅ​វិមាន​Planalto Palace ។ លោក Teich ចូលកាន់​តំណែង​រដ្ឋមន្ត្រី​នេះ​នៅ​ថ្ងៃទី​១៧ ខែមេសា​កន្លងទៅ ដោយ​ជំនួស​លោក Luiz Henrique Mandetta ដែល​ត្រូវ​លោក បុល​សូ​ណា​រ៉ូ ដកតំណែង​។​
 
​ក្រសួងសុខាភិបាល​មិន​បញ្ជាក់​មូលហេតុ​នៃ​ការលាលែង​នេះឡើយ​។ ប៉ុន្តែ​គេ​ដឹងថា ដូច​លោក Mandetta ដែរ លោក Teich ដែលជា​អ្នកជំនាញ​វះកាត់​សាច់ដុំ​មហារីក ប្រកាន់​ជំហរ​ខុសគ្នា​នឹង​លោក បុល​សូ​ណា​រ៉ូ លើ​ការដោះស្រាយ​ជំងឺ COVID-19 ។ មន្ត្រី​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​ម្នាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា លោក បុល​សូ​ណា​រ៉ូ និង​លោក Teich មាន​ជំហរ​មិន​ស្របគ្នា​លើ​វិធាន​ការដែល​ត្រូវអនុវត្ត​។ 
 
​កាលពី​សប្ដាហ៍​មុន លោក Teich បង្ហាញ​ការភ្ញាក់ផ្អើល​ពេលដែល​លោក បុល​សូ​ណា​រ៉ូ ចេញ​ក្រឹត្យ​មួយ​ដោយ​ប្រកាស​បញ្ចូល​ហាង​សាឡ​ន និង​កន្លែង​ហាត់ប្រាណ​ទៅក្នុង​សេវាកម្ម​សំខាន់ ដែល​មិនអាច​បិទទ្វារ​បាន​។ លោក បុល​សូ​ណា​រ៉ូ មិនបាន​ជជែក​ជាមួយ​លោក Teich ជាមុន​ឡើយ​។ បញ្ហា​មួយទៀត​រវាង​លោក Teich និង​មេ​កើយ​របស់ខ្លួន គឺ​ការប្រើប្រាស់​ថ្នាំ chloroquine ។ ថ្នាំ​នេះ មិនមែនជា​ថ្នាំ​ផ្លូវការ​ឡើយ ហើយ​អ្នកជំនាញ​ក៏​ព្រមាន​ពី​ប្រសិទ្ធភាព​ថ្នាំ​ផងដែរ​។ 
 
​ទោះជា​យ៉ាងណា លោក Teich មិនបាន​និយាយ​អ្វី​ច្រើន​ឡើយ​ពី​ការលាលែង​នេះ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ចុងក្រោយ​នៅ​ថ្ងៃទី​១៥ ខែឧសភា លោក​បាន​អរគុណ​ប្រធានាធិបតី​ប្រេ​ស៊ី​ល និង​និយាយថា វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​ក្នុងការ​គ្រប់គ្រង​ក្រសួងសុខាភិបាល​ក្នុងស្ថានភាព​បែបនេះ​។​
 
​អស់​រដ្ឋមន្ត្រី​សុខាភិបាល​ដល់​ទៅ​ពីរ​នាក់ លោក បុល​សូ​ណា​រ៉ូ ហាក់​មិនទាន់​អើពើ​នឹង​ការផ្ដល់​យោបល់​របស់​ម​ន្ត្រី​ជំនាញ​នៅឡើយ​ទេ​។ កន្លងទៅ លោក​ចាត់ទុក COVID-19 ជា​ផ្ដាសាយ​ធម្មតា​ប៉ុណ្ណោះ ហើយ​វិធាន​ការបិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការ​រាលដាល នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ ហើយ​ប្រជាជន​អស់​ការងារ​ធ្វើ​ទៀតផង​។​
 
​គិត​ត្រឹម​ពេលនេះ ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង COVID-19 ច្រើនជាង​ពីរ​សែន​ករណី ហើយ​ស្លាប់​ច្រើនជាង​១៤០០០​នាក់​៕ 

Tag:
 ប្រេ​ស៊ី​ល​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com