COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជីវកម្ម​ជាច្រើន​ស្ងាត់​ភ្ញៀវ តែ​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​មមាញឹក ក្នុង​រដូវ​កាល​កូ​វីដ​
16, May 2020 , 3:37 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ដឹកជញ្ជូន​ខ្នាតតូច​ចំនួន​២ បាន​អះអាងថា នៅក្នុង​អំឡុងពេល​កម្ពុ​ជាមាន​ករណី​ជំងឺ​កូ​វីដ​១៩ អាជីវកម្ម​របស់​ពួកគេ មាន​តម្រូវ​កាន់តែច្រើន ស្របពេល​មនុស្សម្នា​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ និង​ត្រូវការ​អាហារ និង​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ​។​

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖
 
 
​ក្រោយពេល​កម្ពុជា​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩​លើកដំបូង លើ​ជន​ជាតិចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ធ្វើ​ប្រជាជន​កម្ពុជា សម្រុក​ទៅ​ទិញ​ម៉ាស់ និង​អាល់កុល និង​ចាប់ផ្តើម​ស្នាក់​នៅផ្ទះ ព្រោះ​បារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​ដ៏​សាហាវ​នេះ​។ ទន្ទឹមគ្នានេះ អាជីវកម្ម​ជាច្រើន ទាំង​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ហាង​កាហ្វេ និង​រមណីយដ្ឋាន​មួយចំនួន កាន់តែ​ស្ងាត់​ភ្ញៀវ​ទៅៗ ហើយ​ខ្លះ​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ផង ព្រោះតែ​គ្មាន​ចំណូល​។​
 
​ប៉ុន្តែ​មិនមែន​អាជីវកម្ម​ទាំងអស់ សុទ្ធតែ​រង​ផលប៉ះពាល់​ពី​វីរុស​កូ​រ៉ូ​ណា ឬ​ជំងឺ​កូ​វីដ​-១៩​នោះទេ ក៏មាន​អាជីវកម្ម​មួយចំនួន​ដែរ ដែល​នៅតែមាន​អតិថិជន ជាពិសេស ហាង​លក់ដូរ​ម្ហូបអាហារ​។ ស្ងាត់​ភ្ញៀវ​អង្គុយ​ទទួលទាន​ក្នុង​ហាង ប៉ុន្តែ​ហាង​ទាំងនោះ​មមាញឹក​នឹង​ការ​វេច​ខ្ចប់​អាហារ​ដែល​ភ្ញៀវ​បញ្ជា​ទិញ​តាម App​។ 
 
​ចំណែក​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ និង​សម្ភារ​ដែល​បាន​បញ្ជា​ទិញ​តាម​អន​ឡាញ ក៏​ទទួលបាន​ប្រជាប្រិយភាព និង​ទទួលបាន​ការគាំទ្រ​ជាច្រើន​ពី​សំណាក់​អតិថិជន​។ 
 
​លោក ចាន់ បូរី​ម៉ា ស្ថាបនិក​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​យីហោ Nham24 ដែលមាន​ហាង​ចំនួន​ជាង​៣​ពាន់​ហាង​ជា​ដៃគូ កំពុងតែ​មមាញឹក​ខ្លាំង ក្នុងការ​ដឹកជញ្ជូន​អាហារ​ទៅដល់​ផ្ទះ ឬ​កន្លែងធ្វើការ​របស់​អតិថិជន​។ បើតាម​លោក ចាន់ បូរី​ម៉ា រដូវ​កាល​កូ​វីដ​-១៩​នេះ ការដឹកជញ្ជូន​ម្ហូបអាហារ​របស់​ក្រុមហ៊ុន​លោក មាន​កំណើន​ក្រែល​ដែរ និង​បានជ្រើសរើស​ដៃគូ​ដឹកជញ្ជូន​បន្ថែម ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​។ 


លោក ចាន់ បូរីម៉ា ស្ថាបនិកសេវាដឹកជញ្ជូនម្ហូបអាហារ​ Nham24
​លោក ចាន់ បូរី​ម៉ា អះអាងថា លោក​មាន​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ​របស់ខ្លួន  មានការ​កើនឡើង​ប្រហែល​ពី​២០ ទៅ​៣០​ភាគរយ នៅក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​ជំងឺ​កូ​វីដ​-១៩​។ លោក​ថ្លែង​ដូច្នេះ​ថា​៖ «Order ម្ហូបអាហារ​ហ្នឹង​ថ្មីៗ​ហ្នឹង ឃើញ​មានការ​កើនឡើង​មែន ព្រោះ​មនុស្ស​គាត់​អត់​ហ៊ាន​ចេញទៅ​ក្រៅ គាត់​អត់​ទៅ​ញ៉ាំ​នៅ​ហាង ព្រោះ​គាត់​ខ្លាច ហើយ​អ្នកខ្លះ​គាត់​ធ្វើការ​នៅផ្ទះ​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ ការកើនឡើង​ហ្នឹង វា​មិនមែនជា​និរន្តរ​ទេ វា​គ្រាន់តែ​ជាការ​កើនឡើង​មួយរយៈ​កាលដែល​យើង​មាន​បញ្ហា ហើយ​បន្ទាប់ពី​កូ​វីដ​មាន​ភាព​ធូរស្រាល​មកវិញ កំណើន​ហ្នឹង​វា​នឹង​ធ្លាក់​មកវិញ​ដែរ​»​។ 
 
​បើតាម​ស្ថាបនិក Nham24 ដដែល បន្ទាប់ពី​មាន​តម្រូវ​ការដឹក​ម្ហូបអាហារ​ច្រើន ក្រុមហ៊ុន​របស់លោក​ក៏បាន​ជ្រើសរើស​ដៃគូ​ដឹកជញ្ជូន​បន្ថែម ដែល​កើន​រហូតដល់​៧០០​នាក់ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​។ លោក​បន្តថា អ្នក​ដឹកជញ្ជូន​ថ្មីៗ​ទាំងនោះ ភាគច្រើន​ជា​អ្នក​បាត់បង់​ការងារ និង​អ្នករត់ម៉ូតូឌុប និង​អ្នករត់​រ៉ឺម៉ក​កង់​បី​។ 
 
​លោក​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​សូម្បី​អ្នកបើក​រត់​តុ​ក​តុ​ក ដែល​គាត់​រត់​លែង​បាន គាត់​ក៏​មកសុំ​ដឹក​ម្ហូប និង​ដឹក​អីវ៉ាន់​ដែរ​។ អ៊ីចឹង​យើង​ក៏​បើក​ឲ្យ​គាត់​ដឹក​ដែរ ដើម្បី​ទទួលបាន​ចំណូល​។ អ្នក​មកសុំ​ដឹក​ម្ហូប​ច្រើនណាស់ តែ​យើង​ក៏​មិន​ទទួល​ទាំងអស់​ដែរ ព្រោះ​យក​ច្រើនពេក យើង​អត់​មានអី​ឲ្យ​គេ​ដឹក​ដដែល​»​។ 
 
​ចំណែក​ក្រុមហ៊ុន ដឹកជញ្ជូន​ជូន​អ្នក Joonaak ដែលជា​ក្រុមហ៊ុន​ដឹក​សម្ភារ​ខ្នាតតូច ក៏មាន​កម្ម​ភាព​មមាញឹក​ដែរ នៅក្នុង​អំឡុង​វិបត្តិ​កូ​វីដ​-១៩​នេះ​។ 
 
​លោក គង់ សុ​លី​យ៉ា ដែលជា​សហ​ស្ថា​និក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងអំឡុងពេល​កូ​វីដ​-១៩ ផ្ទុះឡើង​នៅ​កម្ពុជា ផលិតផល​ទូទៅ​ដែល​អតិថិជន​បញ្ជា​ទិញ​មានការ​ធ្លាក់​បន្តិច តែមាន​ការកើនឡើង​នូវ​ផលិតផល​ដូចជា​ម៉ាស់ និង​ទឹក​អាល់កុល​ជាដើម​។ យ៉ាងណា លោក​អះអាងថា ការដឹកជញ្ជូន​ជាទូទៅ បាន​កើនឡើង​ខ្លាំង​គួរសម​ដែរ ពោល គឺ​ប្រហែល​១៥​ភាគរយ​។​
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​កំណើន​នៃ​ការដឹក វា​កើនឡើង ប៉ុន្តែ​ផលិតផល​ដែល​ប្រជាជន​យើង​សម្រុក​ទិញ​តាម​ប្រព័ន្ធ​អន​ឡាញ វា​មានការ​ផ្លាស់ប្តូរ​។ របស់​ប្រើប្រាស់​ប្រចាំថ្ងៃ ផលិតផល​សម្អាតផ្ទះ ដូចជា​កំណាត់​ជូន​សម្លាប់​មេរោគ ទឹក​បាញ់សម្លាប់​មេរោគ ទឹក​អាល់កុល​លាងដៃ និង​ម៉ាស់​មានការ​កើនឡើង​។ ដូច្នេះ​ការចាយ​លុយ​របស់​អតិថិជន ទៅលើ​ផលិតផល​ផ្សេងៗ​ដែល​មិនសូវ​ចាំបាច់ វា​ធ្លាក់ចុះ​មកវិញ​។ ប៉ុន្តែ​សរុប​ភាគរយ​ជារួម វា​កើនឡើង​ប្រហែល​១៥​ភាគរយ​។ ពីមុន​យើង​ដឹក​មួយថ្ងៃ​ប្រហែល​៧០០​ជើង តែ​រដូវ​កូ​វីដ​ហ្នឹង យើង​កើន​ទៅ​៨០០​ទៅជិត​៩០០​ជើង​»​។ 


 លោក គង់ សុលីយ៉ា ដែលជាសហស្ថានិក Joonaak
 
​លោក គង់ សុ​លី​យ៉ា បន្តថា បច្ចុប្បន្ន ជា​មធ្យម​ប្រចាំខែ លោក​មាន​ក្រុមការងារ​សរុប ប្រហែល​១២៥​នាក់​។ បន្ទាប់ពី​មាន​កំណើន​ការដឹកជញ្ជូន ក្រុមហ៊ុន​របស់ខ្លួន បានជ្រើសរើស​ដៃគូ​ដឹកជញ្ជូន​បន្ថែម​ជា​រៀងរាល់ថ្ងៃ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​។ លោក​បន្ថែមថា​៖ «​ក្នុងអំឡុងពេល​កូ​វីដ​នេះ យើង​ជ្រើសរើស​ដៃគូ​រាល់ថ្ងៃ ដោយ​មូលហេតុ​ពីរ​។ ទីមួយ កំណើន​ភ្ញៀវ​ថ្មីៗ ដែល​គាត់​ទាក់ទង​មក​ចង់​ប្រើ​សេវាកម្ម​យើង​។ ទី​ពីរ យើង​មាន​បុគ្គលិក ដែលមាន​ការភ័យខ្លាច ដូច្នេះ​យើង​ត្រូវ​ការរក​បុគ្គលិក កាន់តែខ្លាំង​ជាង​មុន​»​។ 
 
​លោក ទេព ចាន់​វិបុល គឺជា​អ្នក​ដឹក​ម្ហូប​ដែល​ភ្ញៀវ​កម្មង់​តាម APP​។ លោក វិបុល ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងអំឡុង​កូ​វីដ​-១៩​នេះ ការងារ​ដឹកជញ្ជូនរ​បស់​ខ្លួន​មមាញឹក​ជាង​មុន​។ ទើបតែ​បាន​សម្រាក​បន្តិច ក្រោយ​ដឹក​ម្ហូប​ទៅ​ឲ្យ​អតិថិជន លោក ចាន់​វិបុល បាន​ឆ្លៀត​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទៀតថា រាល់ថ្ងៃនេះ លោក​អាច​រកចំណូលបាន​ប្រហែល​២០ ទៅ​២៥​ដុល្លារ​។​(​មុន​កូ​វីដ​បាន​ប៉ុន្មាន​? បើ​មាន​បញ្ចូល​ផង​)
 
​ទោះជា​យ៉ាងនេះ​ក្តី អ្នក​ដឹកជញ្ជូន​រូបនេះ ក៏រ​អារ​ឆ្លង​ជំងឺ​ខ្លះៗ​ដែរ ព្រោះតែ​ខ្លួន​ត្រូវ​ជួប​អតិថិជន​ផ្សេងៗ​គ្នា​ដែល​មួយថ្ងៃៗ​។ លោក​និយាយ​ដូច្នេះ​៖«​ចេះតែ​ភ័យៗ​ដែរ តែ​យើង​មានទឹក​អាល់កុល និង​ម៉ាស់​ពេល​ដឹក​ឲ្យ​ភ្ញៀវ​។ ក្រុមហ៊ុន​គេ​ចែក​ទឹក​អាល់កុល និង​ម៉ាស់​ឲ្យ​ដែរ​។ កាលពី​ស្ថានភាព​កូ​វីដ​ឡើង​ខ្លាំង ខ្ញុំ​ឈប់​ដែរ​ហ្នឹង តែ​ពេល​ធូរស្បើយ ទើប​ត្រឡប់មក​ដឹក​វិញ​»​។
 
​លោក ប្រាក់ សំ​អូន អាយុ​២៣​ឆ្នាំ ជា​អតិថិជន​ម្នាក់ ដែល​ទើប​ងាក​មក​ប្រើការ​ក​ម្ម៉​ង់​ម្ហូប​តាម App អំឡុងពេល​ជំងឺ​កូ​វីដ​-១៩​រាតត្បាត​។ លោក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ចូលចិត្ត​ញ៉ាំ​បាយ និង​កាហ្វេ​នៅក្រៅ​ផ្ទះ ប៉ុន្តែ​បន្ទាប់ពី​កម្ពុ​ជាមាន​ជំងឺ​ដ៏​សាហាវ​នេះ លោក​ក៏​ក​ម្ម៉​ង់​ម្ហូប តាម App វិញ ដើម្បី​គេច​ពី​ការជួបជុំ​នៅតាម​ហាង​កាហ្វេ និង​អាហារ​ដ្ឋា​ន​។ 
 
​មាន​រាង​ខ្ពស់ និង​សម្បុរ​សណ្តែកបាយ យុវជន​សំ​អូន បញ្ជាក់ថា​៖ «​ខ្ញុំ​ចូលចិត្ត​ក​ម្ម៉​ង់​អន​ឡាញ ព្រោះតែ​ខ្ជិល​ចេញ​ក្រៅ​។ ដូច​ដឹង​ស្រាប់​ថា សម័យ​កូ​វីដ​-១៩ យើង​កាត់បន្ថយ​ទៅ​ក្រៅ ទៅ​ហាង​អ៊ីចឹងទៅ​។ ចឹ​ង​ទើប Order តាម​អន​ឡាញ​។ សេវាកម្ម​នេះ​ល្អ​ដែរ​តើ ហាង​នៅ​ជិត​លឿន​ចឹ​ង​ទៅ ហាង​នៅ​ឆ្ងាយ​យឺត​ចឹ​ង​ទៅ​»៕

Tag:
 ដឹកជញ្ជូន​ខ្នាតតូច​
 ​អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com