ជាតិ
សង្គមជាតិ
«​រូប​គោព្រៃ​ពីរ​ក្បាល ភ្នំ ដើមឈើ និង​ក្បាច់​ផ្កា​ភ្ញី​រាង​រង្វង់​» ជា​និមិត្តសញ្ញា​តំណាង​ខេត្តមណ្ឌលគិរី​
17, May 2020 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានប្រកាស​ឲ្យ​ប្រើប្រាស់ និមិត្តសញ្ញា​តំណាង​ខេត្តមណ្ឌលគិរី ដែលមាន​រូប​គោព្រៃ​ពីរ​ក្បាល រូប​ភ្នំ ដើមឈើ និង​ក្បូរ​ក្បាច់រចនា​ផ្កា​ភ្ញី​រាង​ជា​រង្វង់​ព័ទ្ធជុំវិញ ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​៧ ខែឧសភា​តទៅ​។

 
​តាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ រូប​គោព្រៃ​ពីរ​ក្បាល គឺ​តំណាង​ឲ្យ​ធនធានធម្មជាតិ សត្វព្រៃ​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដែលជា​ទីតាំង​អំណោយផល​ដល់​សកម្មភាព​អភិរក្ស​ជីវចម្រុះ និង​សត្វព្រៃ​ជាច្រើន​ប្រភេទ ដែលមាន​នៅក្នុង​ដែន​ជម្រក​ទាំង​៥​ក្នុង​ខេត្តមណ្ឌលគិរី​។ ចំណែក​រូប​ភ្នំ និង​ដើមឈើ គឺ​តំណាង​ឲ្យ​ទីតាំង​ខេត្ត​ស្ថិតនៅ​តំបន់​ខ្ពង់រាប ដែល​សម្បូរ​ទៅដោយ​ប្រជុំភ្នំ ព្រៃព្រឹក្សា ជ្រោះ ជ្រលង​ដងអូរ អាកាសធាតុ​ត្រជាក់​គ្រប់​រដូវ និង​ធនធានធម្មជាតិ​ដែលជា​សក្តា​នុ​ពុល​ដ៏​សំខាន់​សម្រាប់​ខេត្ត និង​ជា​ខេត្ត​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​គ្រប់​រដូវ​កាល ដែលជា​ផ្នែក​មួយ​ចូលរួម​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។ 
 
​រីឯ​ក្បូរ​ក្បាច់រចនា​ផ្កា​ភ្ញី​រាង​ជា​រង្វង់​ព័ទ្ធជុំវិញ គឺ​តំណាង​ឲ្យ​ភាព​រីកចម្រើន លើ​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី ការងារ​អភិវឌ្ឍ​ធនធានមនុស្ស ការអភិវឌ្ឍ​សេដ្ឋកិច្ច សុខ​សុវត្ថិភាព​សង្គម សីលធម៌ សមភាព សមធម៌​យេនឌ័រ និង​ការថែរក្សា​ប្រពៃណី​វប្បធម៌​ជាតិ​។​
 
​និមិត្តសញ្ញា​សម្រាប់​ខេត្តមណ្ឌលគិរី​នេះ អាច​ប្រើប្រាស់​សម្រាប់​ដាក់​នៅ​កន្លែងធ្វើការ ដាក់​នៅលើ​ក្បាល​លិខិត ឯកសារ ស្រោមសំបុត្រ  សម្រាប់​ប្រើប្រាស់​នៅក្នុង​ពិធី​នានា​របស់​រដ្ឋបាលខេត្ត និង​ប្រើប្រាស់​ក្នុងករណី​ផ្សេងៗ​ដែល​ចាំបាច់​៕
 

Tag:
 និមិត្តសញ្ញា​
 ​គោ​
 ​មណ្ឌល​គី​រី
© រក្សាសិទ្ធិដោយ thmeythmey.com