ជាតិ
សង្គមជាតិ
«រូបគោព្រៃពីរក្បាល ភ្នំ ដើមឈើ និងក្បាច់ផ្កាភ្ញីរាងរង្វង់» ជានិមិត្តសញ្ញាតំណាងខេត្តមណ្ឌលគិរី
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសឲ្យប្រើប្រាស់ និមិត្តសញ្ញាតំណាងខេត្តមណ្ឌលគិរី ដែលមានរូបគោព្រៃពីរក្បាល រូបភ្នំ ដើមឈើ និងក្បូរក្បាច់រចនាផ្កាភ្ញីរាងជារង្វង់ព័ទ្ធជុំវិញ ជាផ្លូវការ ចាប់ពីថ្ងៃទី៧ ខែឧសភាតទៅ។
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ រូបគោព្រៃពីរក្បាល គឺតំណាងឲ្យធនធានធម្មជាតិ សត្វព្រៃដែលកំពុងមានវត្តមាននៅក្នុងខេត្តមណ្ឌលគីរី ដែលជាទីតាំងអំណោយផលដល់សកម្មភាពអភិរក្សជីវចម្រុះ និងសត្វព្រៃជាច្រើនប្រភេទ ដែលមាននៅក្នុងដែនជម្រកទាំង៥ក្នុងខេត្តមណ្ឌលគិរី។ ចំណែករូបភ្នំ និងដើមឈើ គឺតំណាងឲ្យទីតាំងខេត្តស្ថិតនៅតំបន់ខ្ពង់រាប ដែលសម្បូរទៅដោយប្រជុំភ្នំ ព្រៃព្រឹក្សា ជ្រោះ ជ្រលងដងអូរ អាកាសធាតុត្រជាក់គ្រប់រដូវ និងធនធានធម្មជាតិដែលជាសក្តានុពុលដ៏សំខាន់សម្រាប់ខេត្ត និងជាខេត្តដែលទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តគ្រប់រដូវកាល ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
រីឯក្បូរក្បាច់រចនាផ្កាភ្ញីរាងជារង្វង់ព័ទ្ធជុំវិញ គឺតំណាងឲ្យភាពរីកចម្រើន លើការគ្រប់គ្រងរដ្ឋបាលដែនដី ការងារអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ច សុខសុវត្ថិភាពសង្គម សីលធម៌ សមភាព សមធម៌យេនឌ័រ និងការថែរក្សាប្រពៃណីវប្បធម៌ជាតិ។
និមិត្តសញ្ញាសម្រាប់ខេត្តមណ្ឌលគិរីនេះ អាចប្រើប្រាស់សម្រាប់ដាក់នៅកន្លែងធ្វើការ ដាក់នៅលើក្បាលលិខិត ឯកសារ ស្រោមសំបុត្រ សម្រាប់ប្រើប្រាស់នៅក្នុងពិធីនានារបស់រដ្ឋបាលខេត្ត និងប្រើប្រាស់ក្នុងករណីផ្សេងៗដែលចាំបាច់៕
Tag:
និមិត្តសញ្ញា
គោ
មណ្ឌលគីរី
© រក្សាសិទ្ធិដោយ thmeythmey.com